ជាតិ
សង្គមជាតិ
មន្រ្តីពន្ធនាគារម្នាក់នៅខេត្តកណ្តាល ត្រូវជាប់ពន្ធនាគារ ពីបទឆបោក
25, Feb 2021 , 5:59 pm        
រូបភាព
រូបភាពពីពន្ធនាគារខេត្តកណ្តាល
រូបភាពពីពន្ធនាគារខេត្តកណ្តាល
ដោយ: ថ្មីៗ
លោក តុង ដារ៉ា មន្រ្តីពន្ធនាគារខេត្តកណ្តាល ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួននិងបញ្ជូនទៅតុលាការ ក្រោមការសង្ស័យថា ប្រព្រឹត្តអំពើឆបោក។ លោក សូ សារិន ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការខេត្តកណ្តាល ប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ថា មន្រ្តីពន្ធនាគាររូបនេះ ត្រូវបានចៅក្រមស៊ើបសួរ សម្រេចបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្តោះអាសន្នហើយ ពីបទឆបោក។


 
កាសែតរស្មីកម្ពុជា ចុះផ្សាយថា លោក តុង ដារ៉ា ត្រូវឃាត់ខ្លួន ដោយសារតែលួចរត់ការដោះលែងអ្នកជាប់ឃុំ តែត្រូវបរាជ័យ។ យ៉ាងណា លោក ចាត ស៊ីនាង ប្រធានពន្ធនាគារខេត្តកណ្តាល ឆ្លើយថា លោក ពុំទាន់បានក្តាប់ព័ត៌មានច្បាស់លាស់ឡើយថា លោក តុង ដារ៉ា ពិតាបានរត់ការដោះលែងអ្នកទោសមែនឬក៏អត់។ លោក គ្រាន់តែដឹងតាមដីការបស់តុលាការថា មន្រ្តីក្រោមឱវាទរបស់លោករូបនេះ ត្រូវចោទពីបទឆបោក។
 
ចំណែក លោក សូ សារិន មិនផ្តល់ព័ត៌មានឡើយ លោក តុង ដារ៉ា បានឆបោកអ្នកជាប់ឃុំឬឆបោកសាច់ញាតិរបស់អ្នកជាប់ឃុំ ដើម្បីបានប្រាក់ ជាថ្នូរនឹងជួយឲ្យអ្នកជាប់ឃុំនោះ បានរួចពីការជាប់ឃុំ។ អ្វីដែលលោក អាចនិយាយបាន គឺចៅក្រម ពិតជាចោទលោក តុង ដារ៉ា ពីបទឆបោក និងបានយកទៅឃុំជាបណ្តោះអាសន្ន រីឯរឿងផ្សេងពីនេះ ត្រូវលោក លើកហេតុផលថា ស្ថិតក្នុងនីតិវិធីនៃការស៊ើបសួរ ដោយលោកមិនអាចនិយាយបានឡើយ។ យ៉ាងណា មន្រ្តីរដ្ឋបាលតុលាការរូបនេះ និយាយថា លោក តុង ដារ៉ា ទំនងជាប្រពឹត្តអំពើនេះយូរហើយ។ 
 
លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ប្រាប់ថា លោក ពុំបានដឹងច្បាស់ពីសំណុំរឿងរបស់លោក តុង ដារ៉ា នោះទេ។ លោក ថ្លែង លោក គ្រាន់តែដឹថា សាច់ញាតិ [របស់អ្នកជាប់ ប្តឹងលោក តុង ដារ៉ា ដូច្នេះលោក រុញឲ្យទៅសួរខាងតុលាការ។ 
 
ព័ត៌មានពីលោក ចាត ស៊ីនាង បានឲ្យដឹងថា លោក តុង ដារ៉ា ជាអនុប្រធានផ្នែកសន្តិសុខពន្ធនាគារ មានឋានន្តរស័ក្តិជាវរសេនីយ៍ទោ (ស័ក្តិ៤កន្លះ)។ បើតាមលោក ចាត ស៊ីនាងដដែល លោក តុង ដារ៉ា ធ្លាប់បដិសេធថា លោក មិនបានប្រព្រឹត្តអំពើឆបោកនោះទេ៕
 

Tag:
 មន្រ្តីពន្ធនាគារ
  រត់ការដោះលែងអ្នកទោស
  ឆបោក
© រក្សាសិទ្ធិដោយ thmeythmey.com