ត្រី​ចិញ្ចឹម​ក្នុងស្រុក​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ និង​គ្មាន​អ្នកទិញ ក្រោយ​ក្រសួង​បើក​ឲ្យ​នាំចូល​ត្រី​ពី​វៀតណាម​វិញ​
ជាតិ
សេដ្ឋកិច្ច
ត្រី​ចិញ្ចឹម​ក្នុងស្រុក​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ និង​គ្មាន​អ្នកទិញ ក្រោយ​ក្រសួង​បើក​ឲ្យ​នាំចូល​ត្រី​ពី​វៀតណាម​វិញ​
25, Feb 2021 , 8:29 pm        
រូបភាព
រូបតំណាងពីហ្វេសប៊ុកលោក វេង សាខុន
រូបតំណាងពីហ្វេសប៊ុកលោក វេង សាខុន
ភ្នំពេញ​៖ តម្លៃ​ត្រី​ក្នុងស្រុក​នៅតែ​បន្ត​ធ្លាក់ចុះ ក្រោយ​ក្រសួងកសិកម្ម​អនុញ្ញាត​ឲ្យ​មានការ​នាំ​ត្រី​ចូល​ពី​ខាងក្រៅ​វិញ​។ មិន​ត្រឹមតែ​ធ្លាក់​ថ្លៃ​ប៉ុណ្ណោះ​ទេ ត្រី​ក្នុងស្រុក​មួយចំនួនធំ គ្មាន​ឈ្មួញ​ទិញ​ទៀតផង​។ ក្រុម​អ្នក​ចិញ្ចឹម​ត្រី​ក្នុងស្រុក អំពាវនាវ​ឲ្យ​ពលរដ្ឋ ជួយ​បរិភោគ​ត្រី​ខ្មែរ ដើម្បី​លើកកម្ពស់​វា​រី​ប្ប​កម្ម​ក្នុងស្រុក​។​

 
«​ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្តោ របស់​វា​រី​វប្បករ​របស់​ខ្មែរ​យើង ចាល់​ស្ទើរ​គ្រប់​ស្រះ​ហើយ​»​។ នេះ​ជាការ​ត្អូញត្អែរ​របស់​សមាគម​វា​រី​វប្បករ​កម្ពុជា​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​២៣ កុម្ភៈ អម​នឹង​ការអំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ជួយ​បរិភោគ​ត្រី​ខ្មែរ​។ 
 
​តម្លៃ​ត្រី​ចិញ្ចឹម​ក្នុងស្រុក នៅតែ​គ្មាន​ស្ថិរភាព និង​ពិបាក​សម្រាប់​អ្នក​ចិញ្ចឹម​ក្នុងស្រុក​។​ត្រី​ប្រា បច្ចុប្បន្ន​អាច​លក់បាន​ត្រឹម​៤ ០០០​រៀល​ក្នុង​មួយ​គីឡូ ខណៈ​ត្រី​អណ្ដែង​លក់បាន​ត្រឹម ៣ ៨០០​រៀល​ទៅ ៤ ០០០​រៀល​ក្នុង​មួយ​គីឡូ​ប៉ុណ្ណោះ​។ នេះ​ជាការ​លើកឡើង​របស់លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា បាន​ប្រាប់​សារព័ត៌មាន Thmeythmey25​។ 
 
​សម្រាប់​លោក រ៉ា​ដែន ត្រី​ចិញ្ចឹម​ក្នុងស្រុក​រឹតតែ​ពិបាក​ប្រកួតប្រជែង ក្រោយ​ពេលដែល​ក្រសួងកសិកម្ម បានសម្រេច​បើក​ឲ្យ​មានការ​នាំចូល​ត្រី​អណ្តែង ត្រី​ប្រា ត្រី​ពោ និង​ត្រី​ឆ្តោ ពី​ក្រៅប្រទេស​វិញ ក្រោម​ហេតុផល​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក កាលពី​ថ្ងៃទី​៨ កុម្ភៈ​។  បច្ចុប្បន្ន ត្រី​របស់​កសិករ​ក្នុងស្រុក​ជាច្រើន លក់​មិន​ចេញ ដោយសារ​តម្លៃថោក ហើយ​នៅ​កន្លែង​ខ្លះ គ្មាន​អ្នកទិញ​តែម្តង​។ 
 
​លោក សុខ រ៉ា​ដែន ថា​៖«​ស្ថានភាព​ទីផ្សារ​ត្រី​មិនទាន់​ប្រសើរ​នោះទេ​។ ក្នុងនាម​ជា​ប្រធាន​សមាគម​វ​វា​រី​វប្បករ​កម្ពុជា ខ្ញុំ​នៅ​បន្ត​ស្នើសុំ​ឲ្យ​ក្រុមអាជីវករ ឬ​ឈ្មួញ​ទាំងអស់ ឲ្យ​ជួយ​ទិញ​ត្រី​របស់​វា​រី​វប្បករ​នៅក្នុង​ស្រុក ពិសេស​គឺ​ជួយ​សម្របសម្រួល​ទិញ​ត្រី​ខ្នាត​ធំ ដែល​កំពុង​កកស្ទះ នៅតាម​ស្រះ​នីមួយៗ​»​។​
 
​លោក ជឹម រដ្ឋា ជា​អ្នក​ចិញ្ចឹម​ត្រី​អ​ណ្ដែ​មួយរូប​នៅក្នុង​ភូមិ ជ្រោយ​ផ្អុង ឃុំ​ចក ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បានបញ្ជាក់​ប្រាប់ Thmeythmey 25​ថា លោក​ចំណាយពេល​ពេល​ប្រមាណ​៨​ខែ​ក្នុងការ​ចិញ្ចឹម​ត្រី​អណ្តែង​នេះ ប៉ុន្តែ​បែរជា​លក់បាន​តម្លៃ​ទាប ហើយ​នៅសល់​ត្រី​៣០០​គីឡូក្រាម​ថែមទៀត​នៅក្នុង​ស្រះ​។ «​ខ្ញុំ​សល់​ត្រី​អណ្ដែង ប្រមាណ​៣០០​គីឡូ​ទៀត​ក្នុង​ស្រះ​ព្រោះ​អត់​អ្នកទិញ​។ គេ​និយម​ហូប​តែ​ត្រី​អណ្ដែង​លឿង សាច់​ទន់ នាំចូល​ពី​វៀតណាម​។ ខ្ញុំ​សាកល្បង​ចិញ្ចឹម​ត្រី​អណ្ដែង​ជិត​មួយឆ្នាំ​ធ្វើ​ឲ្យ​ខ្ញុំ​ខាត​ជិត​១០​លាន​រៀល​»​។ នេះ​ជាការ​បន្ថែម​របស់លោក ជឹម រដ្ឋា ដែល​បន្ត​ដោយ​ក្តី​អស់​សង្ឃឹមថា លោក​ត្រូវ​បន្ថយ​ការចិញ្ចឹម ឬ​អាច​ឈប់​ចិញ្ចឹម​ត្រី​តែម្ដង​។​
 
​លោក សុខ ស៊ុន​ហាក់ គឺជា​អ្នក​ចិញ្ចឹម​ត្រី​មួយរូប​ទៀត ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ យល់ថា តម្លៃ​ត្រី​ធ្លាក់ចុះ មិនមែនជា​រឿង​ថ្មី​សម្រាប់​លោក​ឡើយ ។ បុរស​វ័យ​៦០​ឆ្នាំ​រូបនេះ បានលើកឡើង​ដូច្នេះ​៖«​វា​ជាធម្មតា​បញ្ហា​ទីផ្សារ​តែងមាន ជួន​ក៏​ខាត​ជួន​ក៏​ចំណេញ ហើយ​ខ្លះ​ក៏​រួចខ្លួន​»​។​
 
​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ហើយ ដែល​លោក សុខ ស៊ុន​ហាក់ ជ្រើស​ការចិញ្ចឹម​ត្រី បន្ទាប់ពី​ការងារ​ជា​គ្រូបង្រៀន​ថ្នាក់បឋមសិក្សា​។ ដោយមាន​ពិសោធន៍​ចិញ្ចឹម​យូរ និង​ហាក់​ដឹង​ពី​ស្ថានភាព​ត្រី​ក្នុងស្រុក​មិនសូវ​ល្អ ក្រោយ​ក្រសួងកសិកម្ម បើក​ឲ្យ​នាំ​ត្រី​ពី​ក្រៅប្រទេស​វិញ លោក ស៊ុន​ហាក់ បាន​ប្រញាប់ប្រញាល់​ចាប់​ត្រី​លក់​នៅ​ផ្សារ​ដោយ​ខ្លួនឯង មិន​រង់ចាំ​ឈ្មួញ​នោះទេ​។ លោក លក់​ត្រី​បាន​ថ្លៃ ៤ ៤០០​រៀល ក្នុង​មួយ​គីឡូក្រាម ដែលជា​តម្លៃ​សមរម្យ​មួយ​។ សម្រាប់​អ្នក​ចិញ្ចឹម​ត្រី ដែល​ពោរពេញ​ដោយ​ពិសោធន៍​រូបនេះ ការនាំ​ត្រី​ចូល​ពី​ខាងក្រៅ ជា​បញ្ហា​ចម្បង​ដែល​ធ្វើ​ឲ្យ​តម្លៃ​ត្រី​ក្នុងស្រុក​ធ្លាក់ចុះ​។ 
 
​លោក សុខ ស៊ុន​ហាក់ បញ្ជាក់​ដូច្នេះ ៖ «​ខ្ញុំ​គិតថា​កូ​វីដ​-១៩ មិនមែនជា​បញ្ហា​ធំ​ទេ តែ​ការនាំ​ត្រី​ចូល​ពី​ខាងក្រៅ ទើប​ជាការ​ព្រួយបារម្ភ​។ ដោយសារ​ខ្ញុំ​នៅ​ជិត​ផ្សារ អីចឹង​មិនសូវមាន​ហានិភ័យ ព្រោះ​អាច​រក​ទីផ្សារ​ដោយ​ខ្លួនឯង តែ​វា​ប្រហែល​ពិបាក សម្រាប់​បងប្អូន​ចិញ្ចឹម​ត្រី​ផ្សេង ដែល​នៅ​ឆ្ងាយ​ពី​ផ្សារ និង​ចាំតែ​ឈ្មួញ​ចុះ​ទិញ​»​។​
 
 
​ទាក់​ព័ន្ធ​នឹង​បញ្ហា​នេះ លោក ស្រី វុទ្ធី អ្នកនាំពាក្យ​ក្រសួងកសិកម្ម បានបញ្ជាក់​យ៉ាងខ្លី​ប្រាប់ Thmeythmey25 ដូច្នេះ​៖«​ក្រសួង កំពុង​រៀបចំ​ផែនការ ជួយ​គាំទ្រ​វា​រី​វប្បករ​»​។​
 
​កាលពី​ថ្ងៃទី​៨ កុម្ភៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម​វិញ ក្រោយ​មានការ​ផ្អាក​នាំចូល​ត្រី​ទាំង​បួន​ប្រភេទ​នេះ អស់​រយៈពេល​ជិត​មួយខែ​កន្លងមក​។​
 
​ក្រសួងកសិកម្ម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​៨​កុម្ភៈ​ថា ឈ្មួញ​ដែល​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​វិញ​នេះ ត្រូវធ្វើឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​
 

Tag:
 វារីវប្បកម្ម​
 ​ចិញ្ចឹម​ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com