អន្តរជាតិ
អាមេរិក បង្ហាញ​បំណង​ក្លាយជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស UN ក្រោយ​ចូលរួម​ឡើងវិញ​
25, Feb 2021 , 11:29 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រីការបរទេស​អាមេរិក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ប្រកាស​បំណង​អាមេរិក​ក្នុងការ​ប្រកួតប្រជែង​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ​២០២២-២០២៤​។ ការប្រកាស​របស់​ប្រមុខ​ការបរទេស​អាមេរិក​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ទី​៤៦​នៃ​ក្រុមប្រឹក្សា​នេះ នា​ថ្ងៃទី​២៤ ខែកុម្ភៈ​។


​មិនបាន​ប៉ុន្មាន​ក្រោយ​ចូលរួម​ជាថ្មី​ក្នុង​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អាមេរិក​ក៏​ប្រកាស​គោលដៅ​មួយទៀត គឺ​ការ​ក្លាយជា​សមាជិក​ប្រឹក្សា​សិទ្ធិមនុស្ស​តែម្ដង​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន ជា​អ្នក​ប្រកាស​បំណង​នេះ​ដោយផ្ទាល់​។​
 
 
«​ខ្ញុំ​មាន​កិត្តិយស​ប្រកាសថា អាមេរិក​នឹង​ឈរឈ្មោះ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​សម្រាប់​អាណត្តិ​ឆ្នាំ​២០២២-២៤»​។ លោក ប្ល៊ី​ង​ខិ​ន ថ្លែង​បែបនេះ​ក្នុង​វីដេអូ​ផ្សាយ​ក្នុង​កិច្ចប្រជុំ ហើយក៏​ស្នើ​សុំឱ្យ​រដ្ឋ​ជា​សមាជិក​គាំទ្រ​វត្តមាន​អាមេរិក​ក្នុងការ​ត្រឡប់​មកកាន់​ស្ថាប័ន​នេះ​វិញ ក្នុងការ​បោះឆ្នោត​នៅ​មហាសន្និបាត នា​ខែតុលា​ខាងមុខ​។ លោក​ធ្លាប់​ព្រមាន​ថា គ្មាន​អាមេរិក នាំឱ្យ​គ្មាន​អ្នកដឹកនាំ​ស្ថា​ប័​នេះ ហើយ​ប្រទេស​ខ្លះ​នឹងមាន​ឱកាស​លើក​របៀបវារៈ​ដែល​ពុំ​គោរព​សិទ្ធិមនុស្ស​។​
 
​ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក បង្ហាញ​ពី​ការចូលរួម​របស់​មហា​អំណាច​មួយ​នេះ​ក្នុង​ស្ថាប័ន​អន្តរជាតិ ស្មើនឹង​ការច្រានចោល​គោលនយោបាយ​ការបរទេស​បែប​ឯកោ​និយម​របស់លោក ដូ​ណា​ល់ ត្រាំ ។ លោក ត្រាំ ដក​អាមេរិក​ចេញពី​ក្រុមប្រឹក្សា​នេះ​ក្នុង​ឆ្នាំ​២០១៨ ដោយ​អះអាងថា ស្ថាប័ន​មួយ​នេះ​មិន​ព្រមធ្វើ​កំណែទម្រង់ ទទួលយក​ប្រទេស​ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​អាក្រក់​ជា​សមាជិក និង​ប្រឆាំង​អ៊ីស្រាអែល​ដែលជា​សម្ពន្ធមិត្ត​។​
 
​រដ្ឋមន្ត្រីការបរទេស​អាមេរិក និយាយថា មហាអំណាច​មួយ​នេះ​នឹង​យក​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ជា​ចំនុចកណ្តាល​នៃ​គោលនយោបាយ​ការបរទេស​របស់ខ្លួន​ដោយសារតែ​វា​មាន​សារសំខាន់​ដល់​សន្តិភាព និង​ស្ថិរភាព​។​
 
​ចិន រុស្ស៊ី វ៉េ​ណេ​ស៊ុយ​អេ​ឡា គុយបា អេ​រី​ត្រេ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ អា​រ៉ា​ប៊ី​សា​អូឌីត និង​អ៊ូ​ស​បេ​គី​ស្ថាន ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនល្អ សុទ្ធសឹង​ជា​សមាជិក​ប្រឹក្សា​នេះ​។ លោក ប្ល៊ី​ង​ខិ​ន រិះគន់​នីតិវិធី​ក្នុងការ​ជ្រើសរើស​សមាជិក ព្រោះ​ប្រទេស​ដែលមាន​កំណត់ត្រា​សិទ្ធិមនុស្ស​អាក្រក់​បំផុត​មិនគួរ​ក្លាយជា​សមាជិក​ឡើយ​។ លោក​ទាមទារ​ឱ្យ​រដ្ឋ​ទាំងអស់​ធ្វើការ​រួមគ្នា​ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​សមាជិកភាព​របស់​ក្រុមប្រឹក្សា​នេះ ដើម្បីឱ្យ​ស្ថាប័ន​អាច​ធ្វើការ​ច្រើនជាង​មុន​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​។​
 
​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៦ និង​ដែលជា​ស្ថាប័ន​ចំណុះ​ឲ្យ​អង្គ​មហាសន្និបាត​។ ស្ថាប័ន​នេះ មាន​រដ្ឋ​ជា​សមាជិក​ចំនួន​៤៧ ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​ជាសម្ងាត់ និង​មាន​អាណត្តិ​៣​ឆ្នាំ​។ ក្រុមប្រឹក្សា​នេះ​ទទួលខុសត្រូវ​ក្នុងការ​លើកកម្ពស់ និង​ការពារ​សិទ្ធិមនុស្ស​។ សមាជិក​ទាំង​៤៧ ត្រូវបាន​បែងចែក​តាម​តំបន់ ដោយ​អាស៊ី​-​ប៉ាស៊ីហ្វិក និង​អាហ្វ្រិក​មាន​១៣​រដ្ឋ​ដូចគ្នា អឺរ៉ុប​ខាងកើត​៦​រដ្ឋ អាមេរិក​ឡាទីន​និង​កា​រ៉ា​អ៊ី​ប​៨​រដ្ឋ និង​អឺរ៉ុប​ខាងលិច និង​តំបន់​ផ្សេងៗ​ទៀត​៧​រដ្ឋ​៕
 

Tag:
 អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com