COVID-19
ជាតិ
សុខភាព
អ្នកចាក់វ៉ាក់សាំងកូវីដនៅកម្ពុជា មានជិត៦ម៉ឺននាក់ហើយ
× ភ្នំពេញ៖ នៅកម្ពុជា មានពលរដ្ឋ និងកងកម្លាំងយោធាចំនួន ៥៩, ៩២៨នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ (COVID-19) ខណៈកំពុងមានការឆ្លងរាលដាលនៃជំងឺនេះ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនោះ មានពលរដ្ឋអាទិភាពជាង១,៣ម៉ឺននាក់ និងជិត៤,៨ម៉ឺននាក់ទៀត ជាកងទ័ព។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។
បើតាមតួលេខរបស់ក្រសួងសុខាភិបាល ក្នុងចំណោមពលរដ្ឋអាទិភាព ដែលបានចាក់វ៉ាក់សាំងទាំងអស់គឺមានស្ត្រីចំនួន៤,០៧៦នាក់។ ចំណែកឯ ខាងកងទ័ពវិញ មានស្ត្រី ចំនួន៤,០២៦នាក់។
កម្ពុជាចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ តាំងពីថ្ងៃទី១០ខែកុម្ភៈមក ហើយវ៉ាក់សាំងដែលពលរដ្ឋ និងកង់កម្លាំងយោធា បានចាក់នោះ ជាផលិតផលក្រុមហ៊ុនស៊ីណូហ្វាម (Sinopharm) របស់សាធារណរដ្ឋប្រជានិតចិន ដែលផលិតនៅទីក្រុងប៉េកាំង។ វ៉ាក់សាំងកូវីដ-១៩ប្រភេទនេះ អាចចាក់បានសម្រាប់មនុស្សមានអាយុចាប់ពី១៨ដល់៥៩ឆ្នាំប៉ុណ្ណោះ ហើយអ្នកដែលស្ថិតនៅក្នុងចន្លោះវ័យនេះ បើមានសុខភាពខ្សោយ ឬមានជំងឺផ្សេងៗ ក៏មិនអាចចាក់បាន ដែរ។
វ៉ាក់សាំងកូវីដ-១៩ប្រភេទស៊ីណូហ្វាម ចំនួន៦០ម៉ឺនដូសរបស់ចិន បានដឹកមកដល់កម្ពុជាកាលពីថ្ងៃទី៧កុម្ភៈ ឆ្នាំ២០២១ ដោយក្នុងនោះ មាន៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងសុខាភិបាល និង៣០ម៉ឺនដូស ប្រគល់ឱ្យក្រសួងការពារជាតិ។
ក្រោយបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដោយស្ម័គ្រចិត្តបានរយៈពេល១០ថ្ងៃ កម្ពុជាក៏មានផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍លើកទី៣នៅរាជធានី ពោលគឺ«ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ដែលមានមនុស្សឆ្លងកូវីដ-១៩ក្នុងចំនួនច្រើន ដែលកម្ពុជាមិនធ្លាប់ជួបប្រទះក្នុងរយៈពេលជាង១ឆ្នាំមកហើយនៃការ រាតត្បាតជំងឺនេះ នៅពាសពេញសាកលលោក។
ត្រឹមរយៈពេល៦ថ្ងៃប៉ុណ្ណោះនៃការផ្ទុះឡើងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កម្ពុជារកឃើញរកឆ្លងកូវីដ-១៩ ចំនួន២៣៤នាក់ ខណៈអ្នកជំនាញគ្រប់ស្ថាប័ន កំពុងស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀត។ ការរកឃើញអ្នកឆ្លងកូវីដ-១៩ជាប្រចាំថ្ងៃដែលចេញពីព្រឹត្តិការណ៍២០កុម្ភៈ បានធ្វើឱ្យកម្ពុជាកើននូវចំនួនអ្នកឆ្លងជំងឺនេះរហូតដល់ ៧៤១នាក់ ដោយក្នុងនោះ មាន៤៧៧នាក់ ជាសះស្បើយ។ នេះបើតាមតួលេខត្រឹមថ្ងៃទី២៦កុម្ភៈ ឆ្នាំ២០២១៕
© រក្សាសិទ្ធិដោយ thmeythmey.com