អន្តរជាតិ
តុលាការអាមេរិក បញ្ជាឱ្យកូរ៉េខាងជើងសងលុយ២,៣ពាន់លានដុល្លារលើការចាប់នាវានៅឆ្នាំ១៩៦៨
26, Feb 2021 , 11:07 am        
រូបភាព
នាវា USS Pueblo ដែលកូរ៉េខាងជើងចាប់ទុកនៅឆ្នាំ១៩៦៨ ។ រូបថត AFP
នាវា USS Pueblo ដែលកូរ៉េខាងជើងចាប់ទុកនៅឆ្នាំ១៩៦៨ ។ រូបថត AFP
តុលាការអាមេរិកបានបញ្ជាឱ្យកូរ៉េខាងជើងផ្តល់សំណងដល់ក្រុមនាវិក និងក្រុមគ្រួសារនាវិកនៃនាវាស៊ើបការណ៍ USS Pueblo ដែលត្រូវកូរ៉េខាងជើងចាប់ទុកនៅឆ្នាំ១៩៦៨ ។ នាវិកលើនាវា ត្រូវបានកូរ៉េខាងជើង ធ្វើទារុណកម្ម១១ខែមុនត្រូវបានដោះលែងវិញ។ យ៉ាងណាមិញ គេមិនដឹងថា ទឹកប្រាក់សំណងនេះ ត្រូវទារតាមណា ឬផ្ដល់តាមណាឡើយ។

 
នាវា USS Pueblo ត្រូវយោធាជើងទឹកកូរ៉េខាងជើងចាប់ឃាត់នៅខែមករា ឆ្នាំ១៩៦៨ នៅពេលនាវានេះកំពុងបំពេញបេសកកម្មក្រោមឈ្មោះជានាវាអង្កេតបរិស្ថាន។ កូរ៉េខាងជើង អះអាងថា នាវានេះចូលដែនទឹករបស់ខ្លួន តែអាមេរិកបដិសេធ។ នាវិក៨៣នាក់ ត្រូវបានឃាត់ទុក ហើយអាមេរិកអះអាងថា ពួកគេរងទារុណកម្ម មុនត្រូវដោះលែងនៅខែធ្នូ ឆ្នាំដដែល។
 
សំណុំរឿងនេះ ទើបឡើងដល់តុលាការនៅឆ្នាំ២០១៨ ប៉ុណ្ណោះ ក្រោយក្រសួងយុត្តិធម៌អាមេរិកចេញការបកស្រាយពាក់ព័ន្ធអភ័យឯកសិទ្ធិរដ្ឋាភិបាលបរទេសក្នុងតុលាការអាមេរិក។ ដោយកូរ៉េខាងជើងត្រូវបញ្ចូលក្នុងបញ្ជីរដ្ឋគាំទ្រភេរវកម្មនៅឆ្នាំ២០១៧ តុលាការអាមេរិកក៏អាចកាត់ក្ដីលើសំណុំរឿងទារសំណងនេះបាន។
 
នៅថ្ងៃទី២៥ ខែកុម្ភៈ តុលាការសហព័ន្ធនៃរដ្ឋធានីវ៉ាស៊ីនតោន ក៏បានបញ្ជាឱ្យកូរ៉េខាងជើងផ្តល់សំណងដល់នាវិករងគ្រោះដែលរស់រានមានជីវិត និងគ្រួសារនាវិកដែលបានស្លាប់។ បើតាមការសម្រេចរបស់តុលាការ ជនរងគ្រោះត្រូវទទួលបានប្រាក់សំណងសំណងចំនួន១,១៥ ពាន់លានដុល្លារអាមេរិក តែចំនួននេះត្រូវគុណនឹងពីរដើម្បីជាការដាក់ទណ្ឌកម្មលើក្រុងព្យុងយ៉ាង។ ដូចនេះ កូរ៉េខាងជើងត្រូវបង់សំណងឡើងដល់២,៣ពាន់លានដុល្លារឯណោះ។
 
បើតាមទីភ្នាក់ងារព័ត៌មាន AFP តុលាការបញ្ជាផ្តល់សំណងពី២២លានដុល្លារទៅ ៤៨លានដុល្លារអាមេរិក ដល់សមាជិកនាវិកទាំង ៤៩នាក់ដែលនៅរស់រានមានជីវិត ចំណែកសមាជិកគ្រួសារនាវិកដែលស្លាប់ប្រហែល១០០នាក់ ទទួលបានតិចជាងនេះ។ យ៉ាងណាមិញ កូរ៉េខាងជើង មិនបានចូលរួមក្នុងសំណុំរឿងនេះឡើយ ហើយគេក៏មិនច្បាស់ថា ជនរងគ្រោះអាចរំពឹងថានឹងទទួលបានសំណងខូចខាតយ៉ាងដូចម្តេចដែរ។
 
 

Tag:
 អាមេរិក
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com