អន្តរជាតិ
លោកប្រាយុទ្ធ៖ ជំនួបជាមួយប្រមុខការទូតរបបយោធាមីយ៉ាន់ម៉ា មិនមែនជាការគាំទ្ររបបសឹកឡើយ
26, Feb 2021 , 11:59 am        
រូបភាព
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបថត៖ AFP
លោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។ រូបថត៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃទី២៥ ខែកុម្ភៈ បានអះអាងថា ជំនួបរវាងលោក និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោកWunna Maung Lwin មិនមែនមានន័យថា លោកគាំទ្ររបបសឹកឡើយ។ លោកអះអាងថា លោកគ្រាន់តែស្តាប់ការវិវត្តស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាប៉ុណ្ណោះ។

 
 
 
នាយករដ្ឋមន្រ្តីថៃ លោកប្រយុទ្ធ ចន្ទអូចា និងរដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា លោកWunna Maung Lwin មានជំនួបមួយនៅថ្ងៃទី២៤ ខែកុម្ភៈ អំឡុងពេលទស្សនកិច្ចលើកដំបូងនៅបរទេសរបស់រដ្ឋមន្ត្រីការបរទេសរបបសឹក។ ប្រមុខរដ្ឋាភិបាលថៃការពារជំនួបនេះថា គ្រាន់តែជាការស្តាប់ស្ថានការណ៍នយោបាយ និងស្ថានភាពនៅមីយ៉ាន់ម៉ា។ 
 
«វាមិនមែនមានន័យថា ខ្ញុំគាំទ្រអ្វីឡើយ។ គាត់មិនបានស្នើខ្ញុំដែរ។ ខ្ញុំគ្រាន់តែស្តាប់ពីអ្វី ដែលគាត់ប្រាប់ខ្ញុំប៉ុណ្ណោះ»។ លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងបែបនេះនៅថ្ងៃទី២៥ ខែកុម្ភៈ។ បើតាមប្រមុខរដ្ឋាភិបាលថៃ វិបត្តិនៅមីយ៉ាន់ម៉ាជាបញ្ហានយោបាយរបស់មីយ៉ាន់ម៉ាប៉ុណ្ណោះ។ យ៉ាងណា លោកលើកទឹកចិត្តឱ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ឈានជើងឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យឱ្យបានឆាប់បំផុត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ទាក់ទងរឿងមីយ៉ាន់ម៉ានេះដែរ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ អង់គ្លេស បានប្រកាសដាក់ទណ្ឌកម្មបន្ថែមទៀត លើមេដឹកនាំមីយ៉ាន់ម៉ាចំនួន ៦នាក់ ក្នុងនោះក៏មានលោក មីន អ៊ុងឡាំង ផងដែរដើម្បីឆ្លើយតបនឹងការបំពានសិទ្ធិមនុស្ស និងរដ្ឋប្រហារ។ ទណ្ឌកម្មនេះដែលប្រកាសក្រសួងការបរទេសរួមមានការហាមឃាត់ក្រុមហ៊ុនអង់គ្លេស មិនឱ្យរកស៊ីជាមួយក្រុមហ៊ុនគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា ។ ទណ្ឌកម្មរបស់អង់គ្លេសលើកមុន មិនមានឈ្មោះលោក មីន អ៊ុងឡាំង ឡើយ។ 
 
នៅមីយ៉ាន់ម៉ា ប្រជាជននៅតែបន្តធ្វើបាតុកម្មប្រឆាំងក្រុមយោធា ដែលទម្លាក់រដ្ឋាភិបាលស៊ីវិល។ ចាប់តាំងពីរដ្ឋប្រហារយោធាមក មនុស្សយ៉ាងហោចណាស់ចំនួន ៦នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើន ១០០នាក់ បានរងរបួស ដោយសារតែប៉ូលិស បានបាញ់គ្រាប់កាំភ្លើងពិត គ្រាប់កាំភ្លើងជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងចំពាមជាដើម៕
 

Tag:
 មីយ៉ាន់ម៉ា
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com