COVID-19
ជាតិ
ថ្នាក់ដឹកនាំខេត្តកណ្តាលនិងខេត្តព្រះសីហនុ បន្តចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩
26, Feb 2021 , 1:10 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ឆ្វេងដៃ, រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ)​ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល)
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ (ឆ្វេងដៃ, រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ)​ និង លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល (រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តកណ្តាល)
ដោយ:
ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ ដែលផ្ទុះចេញពីរាជធានីភ្នំពេញ បានធ្វើឲ្យជំងឺកូវីដ-១៩ ក្នុងរាជធានីភ្នំពេញ រាលដាលខ្លាំងជាងបណ្តាខេត្តនានា។ ព្រឹត្តិការណ៍២០កុម្ភៈនេះ ក៏បានជាប់ពាក់ព័ន្ធដល់ខេត្តកណ្តាលនិងខេត្តព្រះសីហនុដែរ ដែលទាមទារឲ្យខេត្តទាំង២នេះ ត្រូវប្រុងប្រយ័ត្នខ្ពស់ជាងខេត្តផ្សេងៗ បន្ទាប់ពីរាជធានីភ្នំពេញ។



លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចេញលិខិតនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រាប់ទៅអភិបាលក្រុងតាខ្មៅនិងគ្រប់អភិបាលស្រុកក្នុងខេត្តកណ្តាល ឲ្យចុះតាមមូលដ្ឋាន ដើម្បីជួយសម្របសម្រួលការពន្យារពេលរៀបពិធីអាពាហ៍ពិពាហ៍និងពិធីផ្សេងៗទៀត ដែលមានមនុស្សចូលរួមច្រើន។ លោកអភិបាលខេត្ត ថែមទាំងបានប្រាប់មន្រ្តីក្រោមឱវាទ ឲ្យកាត់បន្ថយអ្នកចូលរួមក្នុងកម្មវិធីនានាឲ្យនៅចំនួនតិច ហើយត្រូវអនុវត្តវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។

ចំណែក រដ្ឋបាលខេត្តព្រះសីហនុ ដែលមានលោក គួច ចំរើន ជាអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្តព្រះសហនុ ផ្អាកធ្វើដំណើរចូលរាជធានីភ្នំពេញ និងទៅខេត្តផ្សេង។ សូម្បីតែការធ្វើដំណើរពីស្រុកនានា ចូលទៅក្រុងព្រះសីហនុ ក៏រដ្ឋបាលខេត្ត ស្នើឲ្យប្រជាពលរដ្ឋផ្អាកសិនដែរ។ តាមរយៈសេចក្តីអំពាវនាវ ដែលចេញនៅថ្ងៃទី២៥ ខែកុម្ភៈនេះដូចគ្នា រដ្ឋបាលខេត្តសីហនុ ប្រាប់ប្រជាពលរដ្ឋ កុំឲ្យចេញក្រៅផ្ទះ បើមិនចាំបាច់។

មានទីតាំងអាជីវកម្មមួយចំនួនក្នុងខេត្តកណ្តាលនិងខេត្តព្រះសីហនុ ត្រូវបានបិទបណ្តោះអាសន្ន បន្ទាប់ពីរកឃើញថា ជាប់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

អាជ្ញាធរ រកឃើញមនុស្ស២៣៤នាក់ហើយ ដែលឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ បច្ចុប្បន្ន កម្ពុជា មានអ្នកជំងឺកូវីដ-១៩ ២៦៤នាក់ ដែលកំពុងសម្រាកព្យាបាល ខណៈអ្នកជំងឺ៤៧៧នាក់ ត្រូវបានព្យាបាលជាសះស្បើយរួចមកហើយ៕

Tag:
 COVID-19
  កណ្តាល
  សីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com