COVID-19
ជាតិ
ជនបរទេសត្រូវបណ្តេញចេញ និងមិនឲ្យចូលវិញ បើបំពានវិធានសុខាភិបាលនៅកម្ពុជា
26, Feb 2021 , 3:16 pm        
រូបភាព
អាជ្ញាធរកម្ពុជា បញ្ជូនបុរសជនជាតិចិនម្នាក់ (បុរសខាងមុខ ដែលធ្វើដំណើរឡើងយន្តហោះ) ទៅប្រទេសចិនវិញ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារតែបានបង្កការអុកឡុកធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
អាជ្ញាធរកម្ពុជា បញ្ជូនបុរសជនជាតិចិនម្នាក់ (បុរសខាងមុខ ដែលធ្វើដំណើរឡើងយន្តហោះ) ទៅប្រទេសចិនវិញ កាលពីខែមិថុនា ឆ្នាំ២០២០ ដោយសារតែបានបង្កការអុកឡុកធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
ដោយ: ថ្មីៗ
ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ថា រដ្ឋាភិបាល យល់ព្រមឲ្យបណ្តេញចេញនិងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ ចំពោះជនបរទេសណា ដែលមិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា មិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។ សជណនេះ ត្រូវបានផ្ញើជូនទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ហើយក៏ជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩។



លោក កែន សត្ថា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសជណនេះ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ជំនួសលោក ប៊ិន ឈិន ជារដ្ឋមន្រ្តី។ ក្រៅពីអនុញ្ញាតឲ្យបណ្តេញជនបរទេសចេញពីកម្ពុជា សជណ ថែមទាំងកំណត់ឲ្យចាត់វិធានការផ្លូវច្បាប់លើជនជាតិខ្មែរ ដែលបំពានវិធានការសុខាភិបាល ហើយចំពោះទីតាំងអាជីវកម្មវិញ គឺត្រូវដកហូតអាជ្ញាបណ្ណ។

សជណ បញ្ជាក់ថា ការដាក់ចេញវិធានការឲ្យបណ្តេញជនបរទេសចេញពីកម្ពុជា និងចាត់វិធានការច្បាប់លើជនជាតិខ្មែរ ដែលបំពានវិធានការសុខាភិបាល គឺបន្ទាប់ពីមានចំណារយល់ព្រមរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដែលទទួលបន្ទុកស្រាវជ្រាវនិងតាមដានករណីសង្ស័យឆ្លងជំងឺកូវីដ-១៩ បានស្នើទៅសម្តេចនាយករដ្ឋមន្រ្តី សុំអនុវត្តវិធានការនេះ។

បើតាមសជណដដែល ការចេញវិធានការនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារ ក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍។ វិធានការក្នុងសជណនេះ គឺជាការបន្ថែមលើវិធានការក្នុងអនុក្រឹត្យលេខ២៧ ស្តីពីការពិន័យលើអ្នកបំពានវិធានការចត្តាឡីស័ក។

អនុក្រឹត្យលេខ២៧ កំណត់ថា អ្នកគេចវេះមិនចូលធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀលដល់៥លានរៀល អ្នករត់ចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀលដល់៥លានរៀលដូចគ្នា ហើយចំពោះអ្នក ដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក ត្រូវពិន័យពី៥លានរៀល រហូតដល់៥០លានរៀល។ ក្រៅពីបង់ប្រាក់ អ្នកបំពានវិធានការចត្តាឡីស័ក ក៏ប្រឈមនឹងការទទួលទោសព្រហ្មទណ្ឌទៀតដែរ៕

Tag:
 COVID-19
  ចត្តាឡីស័ក
  បណ្តេញបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com