ជាតិ
សុខភាព
តើដំបៅជើងដោយសារជំងឺទឹកនោមផ្អែម អាចព្យាបាលជាឬទេ?
× ភ្នំពេញ៖ បញ្ហាដំបៅជើងរបស់អ្នកជំងឺទឹកនោមផ្អែម ជាផលលំបាកមួយ ដែលពេលខ្លះតម្រូវឲ្យគ្រូពេទ្យជំនាញ កាត់ជើងរបស់អ្នកជំងឺ ទៀតផង។ បើតាមលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ដំបៅជើង គឺបណ្ដាលមកពីមូលហេតុ៤យ៉ាង គឺបញ្ហាសរសៃវិញ្ញាណតូចៗ, បញ្ហាសរសៃឈាម បញ្ហារួមផ្សំរវាងការខូចប្រព័ន្ធវិញ្ញាណនិងការខូចសរសៃឈាម និងបញ្ហាក្លាយរោគ។ ដើម្បីទប់ស្កាត់កុំឱ្យដំបៅ ក្លាយទៅជាធ្ងន់ធ្ងរនោះ អ្នកជំងឺទឹកនោមផ្អែម ត្រូវប្រញាប់មកព្យាបាលទាន់ពេលវេលា។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ ជាមួយលោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ជា ភាតរៈសមាជិក American College of Endocrinology (FACE) ដូចតទៅ៖
លោកវេជ្ជណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម ស៊ុំ សត្ថា បានបញ្ជាក់ថា អ្នកជំងឺទឹកនោមផ្អែមងាយនឹងកើតដំបៅជើងជាងគេ ព្រោះសរសៃវិញ្ញាណជើងវែងជាងដៃ និងជើងជាទម្រទទួលទម្ងន់របស់តួខ្លួនទាំងមូល។ លោកវេជ្ជបណ្ឌិត បានបន្ថែមថា ដំបៅនៃជំងឺទឹកនោមផ្អែម អាចព្យាបាលជា និងទប់ស្កាត់មិនឱ្យកាត់ជើងបាន បើសិនជាអ្នកជំងឺប្រញាប់មកព្យាបាលទាន់ពេលវេលា។ «មិនមែនអ្នកជំងឺទឹកនោមផ្អែមដែលមានដំបៅជើងសុទ្ធតែព្យបាលមិនជានោះទេ សំខាន់ត្រូវរករោគវិនិឆ្ឆ័យថា តើមូលហេតុមកពីអ្វី? ហើយព្យាបាលឱ្យបានទាន់ពេល ព្រោះការពន្យារមិនព្យាបាលឱ្យបានត្រឹមត្រូវ គាត់អាចប្រឈមខ្ពស់ ចំណាយពេលច្រើន និងការបាត់បង់អាវៈយវៈ »។
លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងក្រពេញអម៉ូន បានណែនាំថា អ្នកជំងឺទឹកនោមផ្អែម ត្រូវថែទាំជើងឱ្យដូចជាភ្នែក ដោយត្រូវសម្អាតជាប្រចាំ និងពេលមានមុត ឬរបួសស្នាម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញបន្ទាន់៕
Tag:
ជំងឺ
ទឹកនោមផ្អែម
ដំបៅ
ជើង
សុខភាព
ស៊ុំ សត្ថា
© រក្សាសិទ្ធិដោយ thmeythmey.com