ឆ្នាំ២០២០ រដ្ឋរកចំណូលពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជាង៧៥លានដុល្លារ
ជាតិ
សេដ្ឋកិច្ច
ឆ្នាំ២០២០ រដ្ឋរកចំណូលពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជាង៧៥លានដុល្លារ
27, Feb 2021 , 8:59 am        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ
រូបពីទំព័រហ្វេសប៊ុករបស់​កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ពេញមួយឆ្នាំនៃឆ្នាំ២០២០ រដ្ឋរកចំណូលពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានជាង៧៥លានដុល្លារ ខណៈដែលចំនួនកុងតឺន័រឆ្លងកាត់ (ចេញ/ចូល) មានជាង៦២ម៉ឺនTEU (ឯកត្តាកុងតឺន័រ) ។ ចំណូលសរុបប្រចាំឆ្នាំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅឆ្នាំ២០២០ គឺថយចុះ៧ភាគរយបើធៀបនឹងឆ្នាំ២០១៩។

  

បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងទិសដៅការងារឆ្នាំ២០២១របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆ្នាំ២០២០ មានទំនិញឆ្លងកាត់ផែព្រះសីហនុជាង៦,៤លានតោន ក្នុងនោះនាំចូលមានជាង៤,៨លានតោន ហើយនាំចេញមានជាង១,៦លានតោន។ ទន្ទឹមននឹងនេះ ប្រភេទទំនិញលើករៀបមានជាង៨,៣លានតោន ក្នុងនោះទំនិញប្រគល់ផ្ទាល់មានជាង២ម៉ឹនតោន ហើយទំនិញឆ្លងកាត់ឃ្លាំង-ទីលាន មានជាង៨,១លានតោន។ 
 
របាយការណ៍ដដែល ក៏បានបង្ហាញពីចំនួនកុងតឺន័រឆ្លងកាត់ដែរ គឺមានជាង៦២ម៉ឺនTEU ដែលក្នុងនោះកុងតឺន័រនាំចូលមានជាង៣០ម៉ឺនTEU ហើយកុងតឺន័រនាំចេញមានជាង៣១ម៉ឺនTEU។ បរិមាណកុងតឺន័រឆ្លងកាត់ឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ គឺមានការធ្លាក់ចុះជិត៣ភាគរយ ដែលឆ្នាំ២០១៩មានជិត៦៤ម៉ឺនTEU។ 
 
ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងសង្កេតឃើញថា បរិមាណកុងតឺន័រឆ្លងកាត់នៅផែព្រះសីហនុ គឺមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជាមធ្យម គឺកើនឡើងប្រមាណ១៨ភាគរយ។ ដោយឡែក ចំណូលសុរបប្រចាំឆ្នាំ២០២០ ពីកំពង់ផែព្រះសីហនុ គឺមានជាង៧៥លានដុល្លារ ដែលថយចុះប្រមាណ៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ដែលជាង៨២លានដុល្លារ។ 
 
ការធ្លាក់ចុះនៃចំនួនកុងតឺន័រ និងចំណូលនៅឆ្នាំ២០២០នេះ ក្រសួងអះអាងថា ដោយសារវិបត្តិសកលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ក៏ដោយសារក្រសួង នៅមានគម្រោងអភិវឌ្ឍន៍របស់ខ្លួនជាច្រើនទៀត មិនទាន់បានដំណើរការរួចរាល់។ គម្រោងទាំងនោះ រួមមានសង់ចំណតផែនាវាសណ្ដោង, បំពាក់គ្រឿងចក្រលើកដក់កុងតឺន័រ, រៀបចំពង្រីកផ្លូវនៅផែកុងតឺន័រ, សាងសង់ស្ថានីយកុងតឺន័រថ្មីជាដើម។ 
 
សូមជម្រាប់ថា រយៈពេលពេញមួយឆ្នាំនៃឆ្នាំ២០២០ គឺមាននាវាចូលចតនៅកំពង់ផែព្រះសីហនុជាង១៥០០គ្រឿង៕ 
 

Tag:
 កំពង់ផែ
 ចំណូល
 ព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com