ជាតិ
សង្គមជាតិ
ពលរដ្ឋ​ខ្មែរ​៦៥​នាក់ ស្លាប់ និង​របួស​ដោយសារ​គ្រាប់មីន នៅ​ឆ្នាំ​២០២០
26, Feb 2021 , 9:29 pm        
រូបភាព
រូបថត​៖ CMAC
រូបថត​៖ CMAC
​ភ្នំពេញ​៖ អត្រា​អ្នកស្លាប់ និង​រងរបួស​ដោយសា​រ​គ្រាប់មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​បន្សល់ទុក​ពី​សង្គ្រាម នៅ​កម្ពុជា​បាន​ថយចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​២៨​ឆ្នាំ​កន្លងទៅនេះ​។ នៅក្នុង​សារ​ចូលរួម​អបអរ ទិវា​ជាតិ​យល់ដឹង​ពី​គ្រាប់មីន កាលពី​ថ្ងៃទី​២៤​កុម្ភៈ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់ និង​រងរបួស ដោយសារ​មីន​បាន​ថយចុះ​ពី​៤,៣២០​នាក់​នៅក្នុង​ឆ្នាំ​១៩៩២ មក​ត្រឹមតែ​៦៥​នាក់​ប៉ុណ្ណោះ​នៅក្នុង​ឆ្នាំ​២០២០​។

 
 
​ក្នុង​រយៈពេល​២៨​ឆ្នាំ​មកនេះ មន្ត្រី​ជំនាញ​ក៏បាន​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​នៅលើ​ផ្ទៃដី​ក្នុង​ទំហំ​២,១៣៨​គីឡូម៉ែត្រ​ការ៉េ បើ​គិត​ចាប់ពី​ឆ្នាំ​១៩៩២​មក​។ នាយករដ្ឋមន្ត្រី សម្តេច ហ៊ុន សែន បញ្ជាក់ថា ដី​ដែល​បោសសម្អាត គ្រាប់មីន​ហើយ​នោះ គឺ​បាន​យក​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​, សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​, សាងសង់​សាលារៀន ផ្ទះ និង​មន្ទីរ​ថែទាំ​សុខភាព ជាដើម សម្រាប់​ប្រជាពលរដ្ឋ​ជាង​៦​លាន​នាក់​។​
 
​ក្នុង​សារលិខិត​ដដែល​របស់​សម្តេច ហ៊ុន សែន បាន​បន្ថែមថា  ២៨​ឆ្នាំ​កន្លងមកនេះ អាជ្ញាធរ​មីន ក៏បាន​រកឃើញ​និង​ដុតបំផ្លាញ​គ្រាប់មីន​អស់​ជាង​១​លាន​គ្រាប់​, មីន​ប្រឆាំង​រថក្រោះ​ជាង​២,៥​ម៉ឺន​គ្រាប់ និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជិត​៣​លាន​គ្រាប់​ផ្សេងទៀត​។​
 
​ចាប់ពី​ឆ្នាំ​១៩៧៩ ដល់ ២០២០ នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​នាក់​បាន​ស្លាប់ និង​រងរបួស​ដោយ​ពិការ​ដាច់​ដៃជើង​ជាង ៤,៥​ម៉ឺន​នាក់​ផ្សេងទៀត ដោយសារ​គ្រាប់មីន និង​គ្រាប់​សំណល់​ជាតិ​ផ្ទុះ​។​
 
​កម្ពុជា​ត្រូវ​បន្ត​បោសសម្អាត​ផ្ទៃដី ដែលមាន​មីន​ចំនួន​៨៤៥​គីឡូម៉ែត្រ​ការ៉េ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រួមទាំង​គ្រាប់បែក​ចង្កោម​ចំនួន​១,៣១៦​គីឡូម៉ែត្រ​ការ៉េ​បន្ថែមទៀត ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​«​កម្ពុ​ជាមួយ​គ្មាន​មីន​ឆ្នាំ​២០២៥»​។ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ចក្ខុវិស័យ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ការបោះសម្អាត​ផ្ទៃដី​មីន​ទាំងនេះ កម្ពុជា​ត្រូវការ​ថវិកា​ជិត​៤០០​លាន​ដុល្លារ​អាមេរិក​៕ 
 

Tag:
 មីន​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com