COVID-19
ជាតិ
COVID-19៖ ករណីថ្មី២៦នាក់ទៀតនៅភ្នំពេញ និងព្រះសីហនុ​ ដែលសុទ្ធតែពាក់ព័ន្ធ២០កុម្ភៈ
27, Feb 2021 , 8:17 am        
រូបភាព
មនុស្សចំនួន២៦នាក់បន្ថែមទៀត មានលទ្ធផល​វិជ្ជមានកូវីដ-១៩ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈទាំងអស់​នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ។



២៦ករណីថ្មីដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ  មានជនជាតិចិន២២នាក់  ខ្មែរ១នាក់ និងវៀតណាម៣នាក់។ តាមក្រសួង អ្នកទាំង២៦នាក់នោះ មានអាសយដ្ឋាននៅ ភ្នំពេញ និងខេត្តព្រះសីហនុ។ បច្ចុប្បន្នអ្នកជំងឺ៥នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និង ២១នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ។

ក្នុងសេចក្ដីប្រកាសដដែល ក្រសួងបានកែតម្រូវថា បុរសជនជាតិខ្មែរ អាយុ១៩ឆ្នាំ នៅរាជធានីភ្នំពេញ ដែលវិជ្ជមានកូវីដ-១៩ កាលពីម្សិលមិញ (២៦កុម្ភៈ) ទទួលបានលទ្ធផលអវិជ្ជមានវិញ។

គួរបញ្ជាក់ថា មកដល់ពេលនេះ អ្នកជំងឺកូវីដ-១៩ សរុបនៅកម្ពុជាឡើងដល់៧៦៦នាក់ ដោយ៤៧៧នាក់បានជាសះស្បើយ ខណៈ២៨៧នាក់ទៀត កំពុងសម្រាកព្យាបាល។ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ឡើងដល់២៥៩នាក់។ ដោយបន្ទាប់ពីរាជធានីភ្នំពេញ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានរាលដាលដល់ខេត្តព្រះសីហនុ និងខេត្តកណ្តាល៕



Tag:
 COVID-19
  ឆ្លងចូលសហគមន៍
  ព្រឹត្តិការណ៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com