អន្តរជាតិ
តំណាងមីយ៉ាន់ម៉ានៅ UN បរិហាររបបសឹកក្នុងប្រទេស ហើយស្នើអន្តរជាតិចាត់វិធានការឱ្យលឿន
27, Feb 2021 , 11:29 am        
រូបភាព
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ Kyaw Moe Tun
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ Kyaw Moe Tun
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ លោក Kyaw Moe Tun នៅថ្ងៃទី២៦ ខែកុម្ភៈ បានបរិហាររដ្ឋប្រហារដោយក្រុមយោធានៅក្នុងប្រទេសអំឡុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ (UN)។ លោកស្នើអន្តរជាតិចាត់វិធានការឱ្យបានលឿនដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ។ ចំណែកប្រេសិតពិសេសរបស់ប្រមុខ UN ប្រចាំមីយ៉ាន់ម៉ា ក៏បានព្រមានប្រទេសនានាមិនត្រូវទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាដែរ។

 
លោក Kyaw Moe Tun អគ្គរដ្ឋទូតមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកការទូតនានា នៅពេលលោកនិយាយប្រឆាំងរដ្ឋប្រហារក្នុងប្រទេសរបស់លោក។ អំឡុងសុន្ទរកថាទៅកាន់មហាសន្និបាត UN នៅថ្ងៃទី២៦ ខែកុម្ភៈ លោក Kyaw Moe Tun បញ្ជាក់ថា លោកតំណាងឱ្យរដ្ឋាភិបាលស៊ីវិលដែលត្រូវបានទម្លាក់ពីអំណាចដោយក្រុមយោធា។
 
«យើងត្រូវការវិធានការខ្លាំងបំផុតពីសហគមន៍អន្តរជាតិដើម្បីបញ្ចប់រដ្ឋប្រហារយោធាឱ្យបានលឿន បញ្ចប់ការធ្វើទុក្ខបុកម្នេញប្រជាជនស្លូតត្រង់ ផ្ទេរអំណាចទៅប្រជាជន និងស្ដារឡើងវិញប្រជាធិបតេយ្យ។» នេះជាការលើកឡើងរបស់លោក Kyaw Moe Tun ។ 
 
ការថ្លែងប្រឆាំងរដ្ឋាភិបាលយោធាក្នុងស្រុករបស់អ្នកការទូតរូបនេះ ធ្វើឡើងក្រោយប្រេសិតអគ្គលេខាធិការ UN ប្រចាំមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានព្រមានពីហានិភ័យដែលកំពុងកើតឡើងនៅរដ្ឋអាស៊ីអាគ្នេយ៍មួយនេះ។ លោកស្រី Schraner Burgener ជំរុញឱ្យសហគមន៍អន្តរជាតិមានជំហររួមក្នុងការគាំទ្រប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ពិសេសប្រទេសដែលមានឥទ្ធិពលតែម្ដង។
 
មីយ៉ាន់ម៉ា ធ្លាក់ក្នុងវិបត្តិតាំងពីថ្ងៃទី១ ខែកុម្ភៈមកពេលក្រុមយោធាដណ្ដើមអំណាចពីរដ្ឋាភិបាលស៊ីវិលក្រោមហេតុផលភាពមិនប្រក្រតីក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ ។ លោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំប្រទេសជាច្រើនទៀតត្រូវបានយោធាឃុំខ្លួន។ បាតុកម្មក៏ផ្ទុះឡើងទូទាំងប្រទេសប្រឆាំងរបបយោធា។ ការបង្រ្កាបពីសំណាក់កម្លាំងសន្តិសុខក៏មានមិនលស់ថ្ងៃ ឯបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ខ្លះរងរបួស និងមានអ្នកស្លាប់ផងដែរ។
 
បេសកជន UN ខាងលើ ព្រមានទៀតថា ប្រសិនរដ្ឋាភិបាលយោធាបន្តប្រើប្រាស់កម្លាំងមិនរើសមុខដាក់ក្រុមអ្នកតវ៉ា អ្វីដែលកើតឡើងនៅមីយ៉ាន់ម៉ានាពេលកន្លងមក នឹងកើតម្ដងទៀតមិនខាន។ លោកស្រី Schraner Burgener អះអាងថា ជារឿងសំខាន់ដែលអន្តរជាតិមិនត្រូវទទួលស្គាល់របបយោធាមីយ៉ាន់ម៉ាឡើយ ព្រោះលទ្ធផលការបោះឆ្នោតបង្ហាញច្បាស់ហើយពីជ័យជម្នះរបស់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ៕
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com