ជាតិ
សង្គមជាតិ
តើអាចយកកន្លែងផ្សេងក្រៅពីសាលា ធ្វើមណ្ឌលចត្តាឡីស័កបាទទេ ដើម្បីកុំឲ្យប៉ះពាល់ការសិក្សារបស់សិស្ស?
27, Feb 2021 , 1:08 pm        
រូបភាព
ពលរដ្ឋខ្មែរមួយចំនួន បានធ្វើចត្តាឡីស័កនៅសាលារៀនមួយក្នុងខេត្តបាត់ដំបង កាលពីខែធ្នូ ឆ្នាំ២០២០។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ពលរដ្ឋខ្មែរមួយចំនួន បានធ្វើចត្តាឡីស័កនៅសាលារៀនមួយក្នុងខេត្តបាត់ដំបង កាលពីខែធ្នូ ឆ្នាំ២០២០។ រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង
ដោយ:
ភ្នំពេញ៖ សាលារៀនមួយចំនួននៅរាជធានីភ្នំពេញ ជាពិសេសនៅតាមបណ្តាខេត្តដែលជាប់ព្រំដែនប្រទេសថៃ និង វៀតណាមបានក្លាយជាមណ្ឌលចតា្តឡីស័កសម្រាប់ដាក់ពលរដ្ឋដែលត្រឡប់មកពីប្រទេសផ្សេងៗ ចូលមកកម្ពុជាវិញ។ អ្នកជំនាញផ្នែកអប់រំយល់ថា ការជ្រើសរើសសាលារៀន ធ្វើជាមណ្ឌលចត្តាឡីស័ក គឺជាជម្រើសដ៏ល្អ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ប៉ុន្តែជម្រើសនេះក៏ជះផលអវិជ្ជមានដល់ការសិក្សារបស់សិស្សដែរ។

 
លោក ប៉ា ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការរៀបចំសាលារៀនជាមជ្ឈមណ្ឌលចត្តាឡីស័កជាមធ្យោបាយដ៏មានសុវត្ថិភាព ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ប៉ុន្តែលោកយល់ថា មធ្យោបាយនេះក៏មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមសាលារៀនដែរ។ 
 
លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«បើយើងពិនិត្យមើលស្ថានភាពជារួម នៅបន្ទប់នៅតាមសាលារៀនហ្នឹងវាមិនមែនជាកន្លែងស្នាក់នៅសមរម្យសម្រាប់ពលរដ្ឋ ឬអ្នកធ្វើចត្តាឡីស័កទេ ដោយសារបន្ទប់រៀនថ្នាក់ពិបាកគេង ខ្វះភ្លើង ខ្វះទឹកគ្រប់គ្រាន់ មិនមានកង្ហារគ្រប់គ្រាន់ ដើម្បីឲ្យមានផាសុកភាពសម្រាប់ការស្នាក់នៅទេ។ ប៉ុន្តែយ៉ាងណាវាគ្រាន់តែជាមធ្យោបាយបណ្តោះអាសន្នទេ»។ 
 
នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជារូបនេះ ក៏មើលឃើញថា ការដាក់សាលារៀនជាមណ្ឌលចត្តាឡីស័ក ក៏ប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សដែរ។ 
 
លោក មានប្រសាសន៍ថា៖«នៅពេលដែលសាលារៀនត្រូវបានយកទៅធ្វើជាមណ្ឌលចត្តាឡីស័ក គឺធ្វើឲ្យសិស្សដែលត្រូវរៀននៅក្នុងសាលានោះ អត់កន្លែងរៀន។ នៅពេលដែលយើងផ្ទេរសិស្សទៅរៀននៅតាមសាលារៀនផ្សេង ឬតាមផ្ទះ  វាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់គាត់ ដោយសារបរិស្ថាននៃការរៀនសូត្រ សភាពនៃការបង្រៀនអាចនឹងខុសគ្នាពីថ្នាក់រៀនដែលគាត់ធ្លាប់រៀន។ បើសិនជាដាក់សិស្សទៅរៀននៅផ្ទះគ្រូ ហើយផ្ទះគ្រូមានសភាពតូចចង្អៀត មានការរំខាន ហើយបើដាក់ពួកគេទៅរៀននៅសាលារៀនផ្សេង ក៏ធ្វើឲ្យថ្នាក់រៀនហ្នឹងចង្អៀតតាន់តាប់ ដែលធ្វើឲ្យក្មេងពិបាកធ្វើសកម្មភាព ហើយគ្រូក៏ពិបាកគ្រប់គ្រងថ្នាក់រៀនផងដែរ»។  
 
សម្រាប់លោក ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃរាជបណ្ឌិតសភាកម្ពុជា ក៏យល់មិនខុសពីលោក ប៉ា ច័ន្ទរឿន ប៉ុន្មានដែរ។ លោក បរិយាយ៖«ពេលដែលគេយកសាលារៀនជាកន្លែងធ្វើចត្តាឡីស័ក ជួនណាចំពេលវ៉ាកង ឬចំពេលដែលសាលាបិទ។ ប៉ុន្តែពេលខ្លះទៀតយើងយកមិនចំពេលវ៉ាកងទេ ឬចំពេលដែលសិស្សរៀន។ អ៊ីចឹងកូនសិស្សនៅតាមព្រំដែន នៅពេលដែលអត់មានសាលារៀនអ៊ីចឹងទៅ ពួកគេគឺត្រូវទៅរៀននៅតាមវត្តអារាម ឬរៀននៅតាមកន្លែងណាមួយ។ ធម្មតា ការរៀនត្រូវការកន្លែងមួយដែលមានតុកៅអីគ្រប់គ្រាន់ មានបរិយាកាសស្ងប់ស្ងាត់ល្អ។ បើយកទៅរៀននៅកន្លែងផ្សេងដែលមិនមានអគាររៀនអ៊ីចឹងវាប៉ះពាល់ដល់ពួកគាត់ហើយ»។ 
 
លោក បន្ថែមថា៖«កូវីដ-១៩ឆ្លងបានរាលដាលដល់ពិភពលោក រួមទាំងប្រទេសកម្ពុជាអស់រយៈពេល១ឆ្នាំហើយ អ៊ីចឹងដំណោះស្រាយសម្រាប់រយៈពេលវែង រដ្ឋ ឬក៏ក្រសួងសុខាភិបាលអាចត្រៀមនៅតាមបណ្តាតំបន់សម្រាប់ធ្វើជាកន្លែងធ្វើចត្តាឡីស័ក ដូចជាសង់អាគារ ឬក៏ពង្រីកអាគារមណ្ឌលសុខភាព ពេទ្យបង្អែក មន្ទីរពេទ្យ ឬកន្លែងសមស្របណាមួយសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័កនៅតាមតំបន់ព្រំដែន។ ខ្ញុំគិតថាគួរតែមានទស្សនៈវិស័យក្នុងការរៀបចំខ្លួនក្នុងសម័យកូវីដ-១៩»។
 
អ្នកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា ក៏បាននិយាយពីការយកសាលាធ្វើជាមណ្ឌលចត្តាឡីស័កដែរ។ សម្តីរបស់អ្នកស្រី ត្រូវបានដកស្រង់យកទៅចុះផ្សាយក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងអប់រំ ស្តីពីកិច្ចសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលស៊ុយអែត និង អង្គការយូនីសេហ្វ ក្នុងការការពារការអប់រំសម្រាប់កុមារ ដែលសាលារៀនខ្លួន ត្រូវបានប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក។ 

អ្នកស្រី មើលឃើញថា ការជ្រើសរើសសាលារៀនជាមណ្ឌលចត្តាឡីស័ក ជាតម្រូវការចំាបាច់ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩ ប៉ុន្តែមធ្យោបាយនេះបានធ្វើឲ្យសិស្សានុសិស្សជាច្រើនអាក់ខានសិក្សា។ អ្នកស្រី មានប្រសាសន៍ថា៖«វាមានសារៈសំខាន់ណាស់ដែលយើងត្រូវគិតគូរសាជាថ្មីនូវការអប់រំ ដែលសមស្របទៅនឹងស្ថានភាពផ្លាស់ប្តូរទាំងនេះ។ កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ហើយយើងត្រូវរួមគ្នាបំពេញនូវសិទ្ធិនោះឲ្យពួកគេ»។ 
 
តំណាងយូនីសេហ្វប្រចាំកម្ពុជារូបនេះ បន្តថា៖«ខ្ញុំសូមលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យត្រូតពិនិត្យនូវជម្រើសដទៃទៀតក្នុងការគាំទ្រដល់ការវិលត្រឡប់ប្រកបដោយសុវត្ថិភាពរបស់កម្មករចំណាកស្រុក ដោយចាត់ទុកការប្រើប្រាស់សាលារៀនជាមជ្ឈមណ្ឌលចត្តាឡីស័ក គួរតែជាជម្រើសចុងក្រោយ ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ចេញពីការបិទសាលារៀនទាំងនោះ»។ 


 
ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ទទួលបានការសិក្សាយ៉ាងពេញលេញ និងមានប្រសិទ្ធភាព អ្នកជំនាញអប់រំខាងលើ បានលើកជាយោបល់ស្រដៀងគ្នាថា រដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធគួរតែមានដំណោះស្រាយដ៏ត្រឹមត្រូវសម្រាប់សិស្សានុសិស្ស និងពិនិត្យមើលលទ្ធផលនៃការកសាងអគារផ្សេងៗដើម្បីជៀសវាងជ្រើសរើសសាលារៀនជាកន្លែងធ្វើចត្តាឡីស័ក។ 
 
តែយ៉ាងណា លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបកស្រាយតបថា សិស្សានុសិស្សដែលសិក្សានៅតាមសាលារៀន ដែលត្រូវយកធ្វើជាមណ្ឌលចត្តាឡីស័កនោះ មិនបានធ្វើឲ្យពួកគេខកខានការសិក្សាឡើយ គឺពួកគេនៅតែបន្តការសិក្សាបានដដែលតាមមធ្យោបាយផ្សេងៗដូចជាការរៀនតាមអនឡាញ ការៀនតាមបណ្តុំតូចៗ រៀនតាមសាលារៀនផ្សេងៗ និង រៀននៅតាមផ្ទះរបស់នាយកសាលា ផ្ទះរបស់នាយករង ឬផ្ទះរបស់គ្រូបង្រៀន ជាដើម។ 
 
អ្នកនាំពាក្យក្រសួងអប់រំ អះអាងថា៖«ចំពោះមុខនេះ មិនមានការប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្សនៃគ្រឹះស្ថានសិក្សា ដែលកំពុងមានតួនាទីជាមណ្ឌលចត្តាឡីស័កទេ»។ 
 
សូមបញ្ជាក់ថា សាលារៀនចំនួន៤១កន្លែង កំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់ពលករមកពីប្រទេសថៃ ដោយក្នុងនោះ ខេត្តឧត្តរមានជ័យ ចំនួន១៨កន្លែង បាត់ដំបងចំនួន៨កន្លែង បន្ទាយមានជ័យចំនួន១២កន្លែង ខេត្តព្រះវិហារចំនួន១កន្លែង ខេត្តកំពតចំនួន១កន្លែង និង ខេត្តកំពង់ឆ្នាំងចំនួន១ដូចគ្នា។ ក្រៅពីខេត្តទាំងនេះ សាលារៀនមួយចំនួន ក្នុងរាជធានី និងបណ្តាខេត្តផ្សេងទៀត ក៏ត្រូវបានយកធ្វើជាមណ្ឌលចត្តាឡីស័កដែរ។ 
 
ក្រោយផ្ទុះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រសួងអប់រំ បានសម្រេចបិទសាលារៀនទាំងអស់ក្នុងរាជធានីភ្នំពេញនិងក្នុងខេត្តកណ្តាល រយៈពេល២សប្តាហ៍ ដោយចាប់ថ្ងៃទី២២ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១។
 
គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានពលរដ្ឋខ្មែរជាង១,៧ម៉ឺននាក់ហើយ ដែលបានត្រឡប់មកពីប្រទេសថៃ ហើយចូលមកកម្ពុជា តាមច្រកប៉ោយប៉ែត ដូង អូរស្មាច់ ភ្នំដី ចាំយាម ព្រំ និង ជាំ ជាដើម។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ៕ 
 
 

Tag:
 អប់រំ
 មណ្ឌលចត្តាឡីស័ក
 សិស្ស
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com