អាមេរិកថា រជ្ជទាយាទអារ៉ាប៊ីសាអូឌីតយល់ព្រមឱ្យសម្លាប់អ្នកកាសែត Kashoggi
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេរិកថា រជ្ជទាយាទអារ៉ាប៊ីសាអូឌីតយល់ព្រមឱ្យសម្លាប់អ្នកកាសែត Kashoggi
27, Feb 2021 , 2:30 pm        
រូបភាព
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ រូបថត AFP
រជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ។ រូបថត AFP
ចារកម្មអាមេរិក នៅថ្ងៃទី២៦ ខែកុម្ភៈ បានចេញរបាយការណ៍ដែលត្រូវបានទន្ទឹងចាំមើលជាយូរទាក់ទងការស៊ើបអង្កេតករណីឃាតកម្មអ្នកកាសែត Jamal Kashoggi ក្នុងឆ្នាំ២០១៨ ។ របាយការណ៍នេះ បានចង្អុលចំៗរជ្ជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman ជាអ្នកបើកផ្លូវដល់ប្រតិបត្តិការតាមចាប់ ឬសម្លាប់លោក Kashoggi ដែលរិះគន់ការដឹកនាំរបស់ទ្រង់ជារឿយៗ។ ទីក្រុងរីយ៉ាដ បដិសេធរបាយការណ៍នេះ។



លោក Jamal Kashoggi អ្នកកាសែតរបស់ Washington Post តែងរិះគន់គោលនយោបាយរបស់រជ្ជទាយាទ Mohammed bin Salman ដែលត្រូវគេជឿថា ក្ដាប់អំណាចពេញដៃក្នុងប្រទេសនាំចេញប្រេងដ៏ធំរបស់ពិភពលោក។ លោក ត្រូវបានស្លាប់ និងបំបែកសាកសពនៅឯកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ុល ទឹកដីតួកគីនៅឆ្នាំ២០១៨ ដោយមនុស្សមួយក្រុមដែលមានទំនាក់ទំនងជាមួយរជ្ជទាយាទផ្ទាល់។

ក្នុងរបាយការណ៍បួនទំព័រចេញថ្ងៃទី២៦ ខែកុម្ភៈ ការិយាល័យនាយកចារកិច្ចអាមេរិក វាយតម្លៃថា រជ្ជទាយាទអារ៉ាប៊ីសាអូឌីត យល់ព្រមប្រតិបត្តិការនៅអ៊ីស្តង់ប៊ុលដើម្បីចាប់ ឬសម្លាប់លោក Khasoggi ។ របាយការណ៍បន្តថា ចារកិច្ចអាមេរិកពិនិត្យលើកត្តាពាក់ព័ន្ធដូចជាអំណាចរបស់រជ្ជទាយាក្នុងការសម្រេចចិត្ត ការពាក់ព័ន្ធដោយផ្ទាល់របស់មនុស្សជំនិតរបស់ទ្រង់ និងអង្គរក្ស និងជំហររបស់ទ្រង់លើការប្រើប្រាស់វិធីសាស្ត្រហិង្សាលើអ្នកប្រឆាំង។

«តាំងពីឆ្នាំ២០១៧ រជ្ជទាយាទ គ្រប់គ្រងទាំងស្រុងលើអង្គការសន្តិសុខ និងចារកិច្ចរាជាណាចក្រ ដែលការណ៍នេះធ្វើឱ្យមិនទំនងឡើយដែលមន្រ្តីសាអូឌីតអាចអនុវត្តប្រតិបត្តិការដោយគ្មានការយល់ព្រមពីទ្រង់នោះ។» របាយការណ៍អាមេរិកសរសេរបែបនេះ ដោយសំដៅឈ្មោះផ្លូវការរបស់អារ៉ាប៊ីសាអូឌីត គឺរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អារ៉ាប៊ីសាអូឌីត ក៏បានបដិសេធរបាយការណ៍នេះភ្លាមដែរ។ រដ្ឋាភិបាលក្រុងរីយ៉ាដ បន្តអះអាងថា ឃាតកម្មលើលោក Khasoggi ជាស្នាដៃក្រុមផ្សេង។

ទន្ទឹមនឹងការបញ្ចេញរបាយការណ៍ អាមេរិកក៏ប្រកាសដាក់ទណ្ឌកម្មមន្ត្រីអារ៉ាប៊ីសាអូឌីតដែលពាក់ព័ន្ធករណីនេះដែរ ប៉ុន្តែគ្មានឈ្មោះរជ្ជទាយាទឡើយ។ ជនជាតិអារ៉ាប៊ីសាអូឌីត៧៦នាក់ ត្រូវហាមឃាត់ចូលទឹកដីអាមេរិក។ ចំណែកក្រសួងរតនាគារអាមេរិកក៏ប្រកាសទណ្ឌកម្មលើលោក Ahmed Hassan Mohammed al-Asiri អតីតនាយករងចារកិច្ចអារ៉ាប៊ីសាអូឌីត និងអង្គភាពសន្តិសុខមួយទៀតដែលរាយការណ៍ផ្ទាល់ទៅកាន់រជ្ជទាយាទ៕

Tag:
 អាមេរិក
  អារ៉ាប៊ីសាអូឌីត
© រក្សាសិទ្ធិដោយ thmeythmey.com