អន្តរជាតិ
លោក បៃឌិន ថា ការវាយប្រហារនៅស៊ីរី ជាសារព្រមានទៅអ៊ីរ៉ង់
27, Feb 2021 , 8:19 pm        
រូបភាព
ប្រធានាធិបតីអាមេរិក ចូ បៃឌឹន ចាត់ទុកការវាយប្រហារតាមផ្លូវអាកាសលើទីតាំងក្រុមជីវពលនៅស៊ីរី ជាសារព្រមានមួយសម្រាប់អ៊ីរ៉ង់។ ទាំងស៊ីរី ទាំងអ៊ីរ៉ង់ បានរិះគន់ប្រតិបត្តិការយោធានេះ។ មន្ត្រីរដ្ឋបាលលោក បៃឌិន ឯទៀត ក៏ប្រាប់ឱ្យអ៊ីរ៉ង់ប្រុងប្រយ័ត្នផងដែរ ព្រោះអាមេរិកនឹងមិនឱ្យអ៊ីរ៉ង់វាយប្រហារលើគោលដៅអាមេរិកដោយទទេៗទៀតឡើយ។

 
 
ជាលើកដំបូងក្រោមរដ្ឋបាលលោក ចូ បៃឌិន យោធាអាមេរិកបានបើកការវាយប្រហារលើគោលដៅក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរីនៅថ្ងៃទី២៥ ខែកុម្ភៈ។ ប្រតិបត្តិការផ្លូវអាកាសរបស់អាមេរិក ត្រូវបានទីក្រុងវ៉ាស៊ីនតោនអះអាងថា ជាការឆ្លើយតបនឹងការវាយប្រហារលើយោធាអាមេរិក និងសម្ពន្ធមិត្តនៅទឹកដីអ៊ីរ៉ាក់នាពេលកន្លងមក។ 
 
ពីរដ្ឋតិចសាស់នៅថ្ងៃទី២៦ ខែកុម្ភៈ លោក បៃឌិន និយាយថា ការវាយប្រហារនេះជាសារព្រមានសម្រាប់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិកផ្ញើសារទៀតថា អ៊ីរ៉ង់ត្រូវប្រយ័ត្នចំពោះសកម្មភាពទៅថ្ងៃខាងមុខ ព្រោះអាមេរិកមិនអនុញ្ញាតឱ្យអ៊ីរ៉ង់រួចខ្លួនឡើយ។ ស៊ីរី និងអ៊ីរ៉ង់ ប្រតិកម្មខ្លាំងនឹងសកម្មភាពយោធាអាមេរិកបែបនេះ ដោយរដ្ឋាភិបាលក្រុងដាម៉ាស់ចាត់ទុកការវាយប្រហារនេះ ជាសញ្ញាមិនល្អពីរដ្ឋបាលអាមេរិកថ្មី ឯក្រុងតេហេរ៉ង់វិញបញ្ជាក់ថា ស្ថិរភាពតំបន់នឹងមិនល្អឡើយ។
 
មន្ទីរបញ្ចកោណ បានបញ្ចេញព័ត៌មានថែមទៀតទាក់ទងការវាយប្រហារនេះ។ លោក John Kirby អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក និយាយថា យន្តហោះចម្បាំង F-15E ពីរគ្រឿង ទម្លាក់គ្រាប់បែកដែលមានសមត្ថភាពចាប់គោលដៅលើទីតាំងក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់នៅភាគខាងកើតស៊ីរី ដែលត្រូវជឿថា នៅពីក្រោយការវាយប្រហារកងទ័ពអាមេរិកនៅអ៊ីរ៉ាក់។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។
 
ទាក់ទងសារព្រមាននេះ រដ្ឋមន្រ្តីការបរទេសអាមេរិក អាន់តូនី ប្ល៊ីងខិន អះអាងដែរថា រដ្ឋបាលលោក បៃឌិន ចង់ផ្ញើសារច្បាស់ៗ ពិសេសសម្រាប់អ៊ីរ៉ង់។ ប្រមុខការទូតអាមេរិករូបនេះជឿថា សាររបស់អាមេរិក ត្រូវបានទទួលរួចដែរ។
 
អង្គការសិទ្ធិមនុស្សស៊ីរី បញ្ជាក់ថា មនុស្សយ៉ាងហោចណាស់២២នាក់ បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់អាមេរិក។ បើតាមអង្គការនេះ យន្តហោះអាមេរិក វាយប្រហារចំឡានដឹកអាវុធដែលធ្វើដំណើរមកពីព្រំដែនអ៊ីរ៉ាក់៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com