ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៨១នាក់អណ្ដែតលើសមុទ្រ, បង់ក្លាដែសថា ខ្លួនគ្មានកាតព្វកិច្ចត្រូវទទួលឡើយ
អន្តរជាតិ
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា៨១នាក់អណ្ដែតលើសមុទ្រ, បង់ក្លាដែសថា ខ្លួនគ្មានកាតព្វកិច្ចត្រូវទទួលឡើយ
27, Feb 2021 , 10:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស A. K. Abdul Momen ។ រូបថត AFP
រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស A. K. Abdul Momen ។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសបង់ក្លាដែស A.K. Abdul Momen និយាយនៅថ្ងៃទី២៦ ខែកុម្ភៈថា ប្រទេសរបស់លោកគ្មានកាតព្វកិច្ចត្រូវទទួលជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង៨១នាក់ដែលកំពុងតែលតោលលើផ្ទៃសមុទ្រឡើយ។ ពួកគេត្រូវបានរកឃើញដោយឥណ្ឌា ដែលត្រៀមបញ្ជូនទៅឱ្យបង់ក្លាដែសជួយបន្ត។

 
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាទាំង៨១នាក់ ត្រូវបានជួយសង្គ្រោះដោយកងឆ្មាំការពារឆ្នេររបស់ឥណ្ឌាក្រោយអណ្តែតលើសមុទ្រអាន់ដាម៉ាន់ជិតពីរសប្ដាហ៍។ លើទូកនេសាទនោះ ក៏មានសាកសពចំនួន៨ដែរ។ ទោះបានជួយសង្រ្គោះមែន ឥណ្ឌាគ្មានគម្រោងយកពួកគេឡើងគោកឡើយ។ មន្ត្រីឥណ្ឌានិយាយនៅថ្ងៃទី២៦ ខែកុម្ភៈថា ខ្លួនកំពុងព្យាយាមរៀបចំបញ្ជូនពួកគេទៅបង់ក្លាដែស ទីដែលជនភាគតិចរ៉ូហ៊ីងយ៉ារាប់សែននាក់កំពុងជ្រកកោនស្រាប់។
 
ប៉ុន្តែបង់ក្លាដែសក៏ហាក់ដូចជាមិនចង់បានពួកគេដែរ។ រដ្ឋមន្ត្រីការបរទសមីយ៉ាន់ម៉ា A.K. Abdul Momen ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា បង់ក្លាដែសរំពឹងឥណ្ឌាដែលជាអ្នកជិតខាងមីយ៉ាន់ម៉ាដែរនោះ នឹងទទួលយកជនភៀសខ្លួនទាំងនោះ។ លោកលើកហេតុផលថា ពួកគេមិនមែនជាជនជាតិបង់ក្លាដែស ហើយតាមពិតទៅទៀត ជាជនជាតិមីយ៉ាន់ម៉ាតែម្ដង ដូចនេះបង់ក្លាដែសគ្មានកាតព្វកិច្ចត្រូវទទួលយកពួកគេឡើយ។
 
បើតាមលោក Momen ពួកគេត្រូវរកឃើញនៅចម្ងាយ១៤៧គីឡូម៉ែត្រពីឥណ្ឌា ២០១គីឡូម៉ែត្រពីមីយ៉ាន់ម៉ា និង១៧០០គីឡូម៉ែត្រពីបង់ក្លាដែសឯណោះ។ លោកចង់ឱ្យអង្គការមនុស្សធម៌ និងប្រទេសផ្សេងទទួលពួកគេទៅចុះ។
 
ឥណ្ឌា មិនមែនជាហត្ថលេខីអនុសញ្ញាស្ដីពីជនភៀសខ្លួនឆ្នាំ១៩៥១ ឡើយ ដែលកំណត់ពីសិទ្ធិជនភៀសខ្លួន និងកាតព្វកិច្ចរបស់រដ្ឋចំពោះពួកគេឡើយ។ លើសពីនោះ ឥណ្ឌាក៏គ្មានច្បាប់ការពារជនភៀសខ្លួនដែរ បើទោះជាប្រទេសមានជនភៀសខ្លួនរ៉ូហ៊ីងយ៉ាប្រមាណពីរសែននាក់ដែរក្ដី។ 
 
តាមពិតទៅ ជនភៀសខ្លួនរ៉ហ៊ីងយ៉ារាប់សែននាក់ កំពុងរស់នៅជំរំភៀសខ្លួននៅទឹកដីបង់ក្លាដែស ក្រោយរត់ចេញពីលំនៅដ្ឋាននៅឯរដ្ឋ Rakhine នៅមីយ៉ាន់ម៉ា។ ពួកគេរត់គេចពីអំពើហិង្សាបង្កដោយយោធាមីយ៉ាន់ម៉ាតាំងពីឆ្នាំ២០១៧ មក៕
 
 
 
 
 

Tag:
 បង់ក្លាដែស
  រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com