ជាតិ
តើមានអ្វីកើតឡើង ពេលព្រៃឈើបាត់បង់?
28, Feb 2021 , 8:59 am        
រូបភាព
ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ ព្រៃឈើ មានសារៈសំខាន់ណាស់សម្រាប់មនុស្ស ប៉ុន្តែ នៅពេលមនុស្សយើងទាញយកផលពីព្រៃឈើហួសហេតុ វានឹងធ្វើឲ្យព្រៃឈើទទួលរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការបាត់បង់ព្រៃឈើ នឹងនាំឲ្យផែនដីមានគ្រោះធម្មជាតិ អុកស៊ីសែនមានកាន់តែខ្សត់ ហើយឧស្ម័នកាបូនិចកើនឡើងក្នុងខ្យល់ ជាពិសេស បាត់បង់ធនធានធម្មជាតិដ៏សំខាន់។


មូលហេតុធ្វើឲ្យផែនដីមានគ្រោះធម្មជាតិពេលបាត់បង់ព្រៃឈើ គឺនៅពេលអស់ព្រៃឈើ នោះស្លឹកឈើសម្រាប់គ្របដីក៏អស់ ហើយឫសឈើសម្រាប់សូ្របទឹក និងទប់ដី ក៏លែងមាន។ ដូច្នេះ នៅពេលមានភ្លៀវធំ ទឹកភ្លៀងនឹងហូរយ៉ាងលឿនចាក់ ដោយនាំយកដីស្រទាប់លើទៅចាក់ក្នុងទន្លេ និងបឹង ធ្វើឲ្យទឹករាក់ និងខ្សោះជីជាតិដី ធ្វើឲ្យដំណាំមិនបានផលល្អ។
 
ការបាត់បង់ព្រៃឈើ នាំឲ្យអុកស៊ីសែនខ្សត់ ហើយឧស្ម័នកាបូនិចកាន់ឡើងក្នុងខ្យល់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ។ លើសពីនេះ បម្រែបម្រួលអាកាសធាតុ ធ្វើឲ្យផែនដីមានលក្ខណៈក្តៅខ្លាំង ហើយត្រជាក់ ក៏ត្រជាក់ខុសពីធម្មតា។ ប៉ុន្តែ មនុស្សយើងបានយល់ពីបញ្ហានេះ និងកំពុងមានការខិតខំដោះស្រាយ និងអនុវត្តផែនការ ក្នុងការបង្កើតឧទ្យានជាតិ ដែនជម្រកសត្វព្រៃ តំបន់ការធម្មជាតិជាដើម។
 
ជាក់ស្តែង បើយើងកាប់ព្រៃឈើអស់ទៅ នោះពូជឈើ ព្រមទាំងសត្វច្រើនត្រូវវិនាស។ ជាមួយគ្នានេះដែរ យើងក៏នឹងបាត់បង់ប្រភពថ្នាំសង្កូវ ប្រភពផ្តល់ឈើ និងអាហារផងដែរ ដែលនេះជាគ្រោះថ្នាក់នៃការបាត់បង់ធនធានធម្មជាតិ។


 
ការបាត់បង់ព្រៃឈើ ដែលបណ្តាលមកពីតម្រូវការឈើ និងដីខ្ពស់ ព្រោះប្រជាជនកើនឡើងយ៉ាងរហ័ស និងភ្លើងឆេះព្រៃដោយចេតនា ឬអចេតនា ដែលបង្កឡើងដោយមនុស្ស។ ប៉ុន្តែ ការបាត់បង់ច្រើនដែលគួរព្រួយបារម្ភ គឺបណ្តាលមកពីការកាប់ឈើក្នុងទ្រង់ទ្រាយធំហួសហេតុ និងតាមបែបអនាធិបតេយ្យ រួមទាំងការលួចកាប់ខុសច្បាប់៕
ដកស្រង់ចេញពីសៀវភៅខ្ញុំចង់ដឹង ដែលចំណងជើងថា «ធម្មជាតិស្រុកយើង» របស់អង្គការ ស៊ីប៉ា
 

Tag:
 ខ្ញុំចង់ដឹង
  ធម្មជាតិស្រុកយើង
  ស៊ីប៉ា Sipar
  បាត់បង់ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com