រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ចប់តំណែងអគ្គរដ្ឋទូតប្រចាំ UN ដែលរិះគន់របបសឹក
អន្តរជាតិ
រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បញ្ចប់តំណែងអគ្គរដ្ឋទូតប្រចាំ UN ដែលរិះគន់របបសឹក
28, Feb 2021 , 11:54 am        
រូបភាព
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ Kyaw Moe Tun
តំណាងមីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ Kyaw Moe Tun
លោក Kyaw Moe Tun តំណាងរបស់មីយ៉ាន់ម៉ាប្រចាំអង្គការសហប្រជាជាតិ ត្រូវបានបញ្ចប់តំណែងហើយ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍មីយ៉ាន់ម៉ានៅថ្ងៃទី២៧ ខែកុម្ភៈ មួយថ្ងៃក្រោយលោករិះគន់ជាសាធារណៈរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល និងស្នើឱ្យអន្តរជាតិចាត់វិធានការ។ ទោះជាយ៉ាងណា លោក Kyaw Moe Tun ប្ដេជ្ញាតស៊ូដល់ទីបញ្ចប់។

 
ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ផ្សាយនៅថ្ងៃទី២៧ ខែកុម្ភៈ ថា លោក Kyaw Moe Tun ត្រូវបានបណ្ដេញចេញពីតំណែងព្រោះបានក្បត់ប្រទេស។ បើតាមខ្លឹមសារក្នុងការផ្សាយដដែល លោក Kyaw Moe Tun មិនស្ដាប់តាមការណែនាំរបស់រដ្ឋ ដែលការណ៍នេះតម្រូវឱ្យបញ្ចប់តំណែងរបស់លោកតែម្ដង។
 
ទោះត្រូវរដ្ឋាភិបាលយោធាបញ្ចប់តំណែងព្រោះមិនគោរពបញ្ជាក្ដី អ្នកការទូតរូបនេះនៅតែប្ដេជ្ញាចិត្តធ្វើការដើម្បីស្ដារឡើងវិញប្រជាធិបតេយ្យនៅក្នុងប្រទេសរបស់លោក។ លោក Kyaw Moe Tun ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «ខ្ញុំសម្រេចចិត្តតស៊ូតាមតែអាចធ្វើបាន។»
 
ទាក់ទងរឿងនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ Stephane Dujarric និយាយថា អង្គការសហប្រជាជាតិ មិនទាន់ទទួលបានការជូនដំណឹងពីការផ្លាស់ប្ដូរអ្នកតំណាងរបស់មីយ៉ាន់ម៉ាប្រចាំទីស្នាក់នៅញូវយ៉កឡើយ។ ដោយសារអង្គការសហប្រជាជាតិមិនទទួលស្គាល់រដ្ឋាភិបាលយោធា ហើយក៏ទាន់ទទួលបានលិខិតជូនដំណឹងអ្វីនោះ លោក Kyaw Moe Tun នឹងនៅតែជាតំណាងរបស់មីយ៉ាន់ម៉ាសិនក្នុងពេលនេះ។
 
នាកិច្ចប្រជុំថ្ងៃទី២៦ ខែកុម្ភៈ ប្រេសិតពិសេសសម្រាប់កិច្ចការមីយ៉ាន់ម៉ា លោកស្រី Christine Schraner Burgener បានទទូចឱ្យរដ្ឋសមាជិកទាំង១៩៣ កុំទទួលស្គាល់រដ្ឋាភិបាលសឹកនៅមីយ៉ាន់ម៉ាឱ្យសោះ។ ប៉ុន្តែក្នុងករណីរដ្ឋាភិបាលយោធាចាត់តាំងតំណាងថ្មីដើម្បីស្វែងរកការទទួលស្គាល់ជាអន្តរជាតិ នោះបញ្ហានឹងកើតឡើងថា អង្គការសហប្រជាជាតិត្រូវជ្រើសរើសតំណាងណាមួយ។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងតាមការបោះឆ្នោតដោយមហាសន្និបាត។
 
រឿងបែបនេះ មិនមែនមិនធ្លាប់កើតឡើយ។ នៅឆ្នាំ២០១១ មហាសន្និបាត សម្រេចចិត្តទទួលស្គាល់តំណាងរបស់រដ្ឋាភិបាលបណ្ដោះអាសន្ននៅលីប៊ី។ ការទទួលស្គាល់នេះ ធ្វើឡើងក្រោយមហាអំណាចអាមេរិក រុស្ស៊ី ចិន និងប្រទេសអឺរ៉ុបទទួលស្គាល់រដ្ឋាភិបាលថ្មីដែរ។ ដូចនេះ ករណីមីយ៉ាន់ម៉ា ក៏ទំនងត្រូវការភ្លើងបៃតងពីមហាអំណាចដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខសិនដែរ៕
 
 
 

Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com