អន្តរជាតិ
ថៃ ចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងដោយប្រើវ៉ាក់សាំងក្រុមហ៊ុន Sinovac របស់ចិន
28, Feb 2021 , 3:30 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ឈរមើលលោក Anutin Charnvirakul ទទួលការចាក់វ៉ាក់សាំង។ រូបថតពីហ្វេសប៊ុកលោក Anutin
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា ឈរមើលលោក Anutin Charnvirakul ទទួលការចាក់វ៉ាក់សាំង។ រូបថតពីហ្វេសប៊ុកលោក Anutin
ថៃ បានចាប់ផ្ដើមកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ហើយនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនចិន Sinovac ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងបុគ្គលិកសុខាភិបាលនៅខេត្តដែលមានហានិភ័យខ្ពស់ ជាអ្នកទទួលបានវ៉ាក់សាំងមុនគេ។ នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ដែលកន្លងមកប្រកាសថា នឹងចាក់ដែរនោះ មិនទាន់ចាក់ឡើយ។

 
ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាល Anutin Charnvirakul ជាមនុស្សទីមួយដែលទទួលការចាក់វ៉ាក់សាំងក្រោមយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលថៃ។ លោក Anutin ប្រាប់អ្នកសារព័ត៌មានថា លោកសង្ឃឹមថា វ៉ាក់សាំងនឹងជួយប្រជាជនឱ្យមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ហើយអនុញ្ញាតឱ្យថៃវិលត្រឡប់ទៅរកភាពប្រក្រតីវិញកាន់តែឆាប់។
 
ក្នុងពិធីបើកនៅខេត្ត Nonthaburi ជាប់រាជធានីបាងកក លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចន្ទអូចា ជាអ្នកដឹកនាំដោយផ្ទាល់ ទោះលោកពុំទាន់ទទួលវ៉ាក់សាំងក្ដី។ វ៉ាក់សាំងដែលប្រើពេលនេះ ជាផលិតផលរបស់ក្រុមហ៊ុន Sinovac ជាមួយឈ្មោះ CoroVac ដែលអាចចាក់លើមនុស្សអាយុពី១៨ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ។ លោក ប្រាយុទ្ធ មានវ័យ៦៦ឆ្នាំហើយ ដូចនេះលោកក៏មិនអាចត្រូវបានចាក់តែម្ដង។
 
ថៃ ទទួលបានវ៉ាក់សាំងពី Sinovac ចំនួន២សែនដូសនៅដើមសប្ដាហ៍នេះក្នុងចំណោមវ៉ាក់សាំងពីរលានដូសដែលបញ្ជាទិញ។ វ៉ាក់សាំងចំនួន១,៨លានដូសទៀត ត្រូវរំពឹងថា នឹងទៅដល់ថៃនៅខែមីនា និងមេសាខាងមុខ។ នៅសប្ដាហ៍ដដែល ថៃក៏ទទួលបានវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន១១៧០០០ដូសផងដែរ ប៉ុន្តែនៅមិនអាចប្រើប្រាស់បាននៅឡើយទេ ដោយនិយតករថៃកំពុងពិនិត្យឯកសារមុនផ្ដល់ការអនុញ្ញាតបន្ទាន់។ 
 
វ៉ាក់សាំង CoroVac ត្រូវបានបញ្ជូនទៅកាន់ខេត្តគោលដៅចំនួន១៣ ដែលស្ថិតក្នុងបញ្ជីមានហានិភ័យខ្ពស់។ ក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តផ្នែកសុខាភិបាល នឹងទទួលបានវ៉ាក់សាំងនេះមុនក្រុមដទៃទៀត។ ចាប់ពីខែមីនាទៅ វ៉ាក់សាំងរបស់ AstraZeneca ក៏នឹងត្រូវបានប្រើប្រាស់បន្ថែមទៀតដែរ។ ដោយឡែកចាប់ពីខែមិថុនាទៅពេលដែលកម្មវិធីផ្ដល់វ៉ាក់សាំងពង្រីកដល់ប្រជាជនធម្មតា ថៃគ្រោងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតក្នុងស្រុកវិញម្ដង៕
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com