COVID-19
ជាតិ
វ៉ាក់សាំងជាង៣សែនដូសផលិតនៅឥណ្ឌា នឹងមកដល់កម្ពុជា នៅថ្ងៃ២មីនា
28, Feb 2021 , 4:40 pm        
រូបភាព
យន្តហោះ ដឹកវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១
យន្តហោះ ដឹកវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន មកដល់កម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន៣២៤០០០ដូស របស់ក្រុមហ៊ុនអាស្ត្រាហ្ស៊ីណិកា (AstraZeneca)  ដែលទទួលបានអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម (Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបញ្ជូនមកដល់កម្ពុជាក្នុងដំណាក់កាលដំបូង នៅព្រលប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួមរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង អង្គការយូនីសែហ្វប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ។



សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា៖«ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)»។ កូវ៉ាក់ ត្រូវបានដឹកនាំដោយ អង្គការសុខភាពពិភពលោក (WHO) អង្គការ GAVI និង អង្គការ CEPI ដោយមានអង្គការយូនីសែហ្វ (UNICEF) ជាដៃគូ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូសនេះ គឺជាជំនួយ ដែលផ្តល់ដោយកូវ៉ាក់ ដល់កម្ពុជាក្នុងដំណាក់ដំបូង ហើយវ៉ាក់សាំងអាស្ត្រាហ្ស៊ីណិកាមួយចំនួនទៀត នឹងដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់។ 

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នឹងទៅទទួលវ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកានេះ នៅព្រលានយន្តហោះភ្នំពេញ ដោយអ្នកស្រីវេជ្ជបណ្ឌិត Li Aian តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង អ្នកស្រី Foroogh Foyouzat តំណាងអង្គការយូនីសែហ្វប្រចាំកម្ពុជា នឹងចូលរួមផងដែរ។ 

វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកា មានប្រសិទ្ធភាព៦៣,០៩ភាគរយ ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩។ បច្ចុប្បន្ន កម្ពុជា កំពុងដំណើរចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនក្រុមមនុស្សអាទិភាពមួយចំនួនហើយ។ វ៉ាក់សាំង ដែលកំពុងប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដែលមានប្រសិទ្ធភាព៧៩,៨៣ភាគរយ៕

Tag:
 COVID-19
  វ៉ាក់សាំង
  AstraZeneca
© រក្សាសិទ្ធិដោយ thmeythmey.com