ក្រសួងសុខាភិបាល រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដល់គ្រប់ខេត្តហើយ
COVID-19
ជាតិ
ក្រសួងសុខាភិបាល រៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ទៅដល់គ្រប់ខេត្តហើយ
28, Feb 2021 , 5:35 pm        
រូបភាព
ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យជាតិកុមារ រាជធានីភ្នំពេញ
ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យជាតិកុមារ រាជធានីភ្នំពេញ
ក្រសួងសុខាភិបាល បានពង្រីកទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទៅដល់គ្រប់ខេត្ត។ នេះបើតាមសេចក្តីជូនដំណឹងរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាល ចាប់ផ្តើមរៀបចំចាក់វ៉ាក់សាំងលើកដំបូង ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១មក ដោយផ្តើមចេញពីរាជធានីភ្នំពេញមុនគេ។



លោក ម៉ម ប៊ុនហេង បញ្ជាក់ក្នុងសេចក្តីជូនដំណឹង ដែលចេញនៅថ្ងៃទី២៨ ខែកុម្ភៈនេះ ថា ការពង្រីកទីតាំងចាក់វ៉ាក់សាំងរហូតដល់គ្រប់រាជធានី-ខេត្តទាំង២៥ គឺដើម្បីជំរុញការចាក់វ៉ាក់សាំងឲ្យមានវិសាលភាពកាន់តែទូលំទូលាយ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាល មិនទាន់អាចចាក់វ៉ាក់ជូនប្រជាជនទូទៅបានឡើយ ដ្បិតមិនទាន់មានវ៉ាក់សាំងគ្រប់គ្រាន់។ អ្នក ដែលត្រូវបានអនុញ្ញាតឲ្យចាក់វ៉ាក់សាំងក្នុងដំណាក់កាលនេះ គឺជាក្រុមមនុស្សអាទិភាព ដែលរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល មើលឃើញថា មានហានិភ័យខ្ពស់ជាងគេក្នុងការឆ្លងជំងឺកូវីដ-១៩ ដូចជា បុគ្គលិកសុខាភិបាល កងកម្លាំងប្រដាប់អាវុធ គណៈអភិបាលរាជធានី-ខេត្ត គណៈអភិបាលក្រុង-ស្រុក-ខណ្ឌ និង គណៈកម្មការភូមិ-ឃុំ-សង្កាត់ ជាដើម។

ក្រសួងសុខាភិបាល ចាត់ទុកក្រុមមនុស្សទាំងនេះ ថា ជាអាជ្ញាធរជួរមុខ ដែលត្រូវពាក់ព័ន្ធជាមួយប្រជាជនច្រើនជាងគេ ដូច្នេះ ហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ក៏ខ្ពស់ជាងគេដែរ។ នេះជាហេតុផល ដែលអាជ្ញាធរជួមុខ ត្រូវចាក់វ៉ាក់សាំងមុខគេ។ អ្នកកាសែត ក៏ត្រូវបានចាត់ទុកជាក្រុមមនុស្សអាទិភាពដែរ ដែលទទួលបានការចាក់វ៉ាក់សាំង ក្នុងដំណាក់កាលនេះ។

តាមរយៈសេចក្តីជូនដំណឹងខាងលើ លោក ម៉ម ប៊ុនហេង សម្រេចដាក់កម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ជាក្រុមមនុស្សអាទិភាពមួយទៀត ដែលអាចទទួលបានការចាក់វ៉ាក់សាំងក្នុងដំណាក់កាលនេះ។ លោក លើកឡើងថា ការសម្រេចឲ្យកម្មករប្រមូលសំរាមទទួលបានការចាក់វ៉ាក់សាំងនេះ គឺយោងទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឲ្យកម្មករប្រមូលសំរាមនៅរាជធានីភ្នំពេញ ទៅចាក់វ៉ាក់សាំង ទីតាមមន្ទីរពេទ្យ៨ទីតាំង រួមមាន មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ មន្ទីរពេទ្យបង្អែកព្រែកព្នៅ មន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេ្យបង្អែកដង្កោ មន្ទីរពេ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ មន្ទីរពេ្យបង្អែកចតុមុខ មន្ទីរពេ្យបង្អែកសម្តេចឪ សម្តេចម៉ែ និង មន្ទីរពេ្យបង្អែកពោធិចិនតុង។

មនុស្សម្នាក់ ត្រូវចាក់វ៉ាក់សាំង២ដូស (២ដង)។ ក្រោយចាក់លើកទី១ បាន១៤ថ្ងៃទៅ២៨ថ្ងៃ បុគ្គលនោះ ត្រូវទៅចាក់លើកទី២ម្តងទៀត។ វ៉ាក់សាំង ដែលកម្ពុជា កំពុងប្រើបច្ចុប្បន្ន គឺជាវ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់ចិន។ វ៉ាក់សាំងនេះ អាចចាក់បានតែមនុស្ស ដែលមានអាយុចន្លោះពី១៨ឆ្នាំដល់៥៩ឆ្នាំប៉ុណ្ណោះ។ ក្នុងដំណាក់ដំបូង ចិន បានបញ្ជូនវ៉ាក់សាំង៦០ម៉ឺនដូស មកកម្ពុជាសិន ហើយនឹងបញ្ជូនមួយចំនួនទៀត នៅពេលក្រោយ។

បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្រ្តីសុខាភិបាល ការចាក់វ៉ាក់សាំង គឺធ្វើឡើងជារៀងរាល់ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និង ថ្ងៃឈប់សំរាកផងដែរ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៥ល្ងាច លើកលែងតែពេលពិសាអាហារថ្ងៃត្រង់ពីម៉ោង១២ដល់ម៉ោង២។ គិតត្រឹមថ្ងៃទី២៦ ខែកុម្ភៈ មានមនុស្សជាង១,៦ម៉ឺននាក់ បានទៅចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន។ 

ក្នុងពេលឆាប់ៗនេះ កម្ពុជា នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ មួយភេទទៀត គឺវ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកា ដែលផលិតនៅឥណ្ឌា។ ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និង អង្គការយូនីសែហ្វប្រចាំកម្ពុជា ប្រកាសព័ត៌មានរួមគ្នាថា ក្នុងដំណាក់កាលដំបូង វ៉ាក់សាំងអាស្រ្តាហ្ស៊ីណិកាជាង៣សែនដូស ដែលផលិតនៅឥណ្ឌា នឹងត្រូវដឹកមកដល់កម្ពុជា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១៕

Tag:
 COVID-19
  ម៉ម ប៊ុនហេង
  ចាក់វ៉ាក់សាំងកូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com