COVID-19
ជាតិ
សណ្ឋាគារ កាស៊ីណូ មន្ទីរពេទ្យឯកជននៅព្រះសីហនុ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ ត្រូវបិទបន្តបន្ទាប់
28, Feb 2021 , 6:00 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ
រូបពីទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តព្រះសីហនុ
នៅខេត្តព្រះស៊ីហនុ សណ្ឋាគា កាស៊ីណូ មន្ទីរពេទ្យឯកជន ផ្សារទំនើប និង កន្លែងអាជីវកម្មផ្សេងៗទៀត សរុបជិត៤០ទីតាំងហើយ ដែលត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទបណ្តោះអាសន្ន ដោយសារតែជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។



លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ  បានប្រាប់សារព័ត៌មានថ្មីៗ តាមតេឡេក្រាម នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា ទីតាំងអាជីវកម្ម ដែលរដ្ឋបាលព្រះសីហនុ សម្រេចផ្អាក គឺជាប់ពាក់ព័ន្ធជាមួយអ្នកផ្ទុកកូវីដ-១៩ ដោយអ្នកជំងឺ ធ្លាប់ចូលទៅ និងស្នាក់នៅ។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុរូបនេះ មិនទាន់អាចបញ្ជាក់ពីរយៈពេលនៃការផ្អាកអាជីវកម្មទាំងអស់នោះទេ។ លោក បានអះអាងដូច្នេះថា៖«រយៈពេលនៃការផ្អាកយើងមើលទៅតាមស្ថានភាពដែលយើងគ្រប់គ្រងបាន យើងមើលពេលវេលាជាក់ស្ដែងតាមហ្នឹង»។

ក្រៅពីទីតាំងអាជីវកម្ម ដែលផ្អាកដោយរដ្ឋបាលខេត្ត មានអាជីវកម្ម២០ទៀត ដូចជា សណ្ឋាគារ និងកាស៊ីណូ ជាដើម ត្រូវបានម្ចាស់អាជីវកម្ម ស្ម័គ្រចិត្តផ្អាកដោយខ្លួនឯង ដោយបារម្ភពីការឆ្លងជំងឺកូវីដ-១៩។ លោក ឃាង ភារម្យ បញ្ជាក់ថា ទីតាំងអាជីវកម្មទាំង២៥នោះ មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈឡើយ តែការសម្រេចចិត្តបិទដោយខ្លួនឯងនេះ គឺដើម្បីចូលរួមក្នុងការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩។

គួរជម្រាបថា ចំនួនអ្នកផ្ទុកកូវីដ-១៩ នៅកម្ពុជាឡើងដល់៨០៥នាក់ ដោយក្នុងនោះអ្នកជាសះស្បើយវិញមាន៤៧៧នាក់ ខណៈ៣២៨នាក់ កំពុងសម្រាកព្យាបាល។ ក្នុងចំណោមនោះ មាន៣០២នាក់ ជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ៕

Tag:
 COVID-19
  ព្រះសីហនុ
  កាស៊ីណូ
  សណ្ឋាគារ
  ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
© រក្សាសិទ្ធិដោយ thmeythmey.com