រដ្ឋាភិបាលកម្ពុជា បានតាក់តែងសេចក្តីព្រាងច្បាប់ថ្មីមួយទៀត គឺ «សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត»។ សេចក្តីព្រាងច្បាប់នេះ បានឆ្លងកាត់ការអនុម័តក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី អំពីខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ត្រូវបានតាក់តែងឡើង ក្នុងកាលៈទេសៈ ដែលពិភពលោក កំពុងប្រឈមនឹងការរាលដាលជំងឺកូវីដ-១៩ កាន់តែសាហាវ ហើយបានបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពសាធារណៈ វិស័យសេដ្ឋកិច្ច ព្រមទាំងជីវភាពរស់នៅរបស់មនុស្សជាតិ។
ម្យ៉ាងទៀត សេចក្តីព្រាងច្បាប់នេះ ក៏លេចរូបរាងឡើង ក្នុងបរិបទ ដែលកម្ពុជា កំពុងមានករណីជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍សាជាថ្មីដែរ (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ)។ រដ្ឋាភិបាលកម្ពុជា ចាត់ទុកការឆ្លងជំងឺកូវីដ-១៩ ចូលសហគមន៍លើកនេះ ថាមានលក្ខណៈទ្រង់ទ្រាយធំនិងធ្ងន់ធ្ងរជាងលើកមុនៗ។
សេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានឲ្យដឹងទៀតថា សេចក្តីព្រាងច្បាប់នេះ បានកំណត់ពីវិធានការសុខាភិបាល និង វិធានការរដ្ឋបាល ជាដើម សម្រាប់អនុវត្តក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជំងឺកាចសាហាវផ្សេងទៀត ដើម្បីការពារអាយុជីវិតប្រជាជន សុខភាពសាធារណៈ សណ្តាប់សាធារណៈ ហើយក៏ដើម្បីកាត់បន្ថយការប៉ះពាល់វិស័យសេដ្ឋកិច្ចនៅកម្ពុជាផងដែរ។
សេចក្តីប្រកាសព័ត៌មាន អះអាងថា៖«សេចក្តីព្រាងច្បាប់នេះ បង្កើតឲ្យមានមូលដ្ឋានគតិយុត្តិរឹងមាំបន្ថែមទៀត ដល់ការគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
សេចក្តីព្រាងច្បាប់នេះ មាន៦ជំពូក និង១៨មាត្រា ដោយក្នុងនោះ ក៏មានមាត្រា ដែលកំណត់ពីការដាក់ទោសទណ្ឌដែរ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការនិងជាអ្នកនាំពាក្យរដ្ឋសភា ប្រាប់សារព័ត៌មានថ្មីៗថា រដ្ឋសភា បានទទួលសេចក្តីព្រាងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតរួចហើយ។ ប៉ុន្តែលោក មិនទាន់អាចលើកឡើងពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះបានឡើយ ដ្បិតលោក មិនទាន់បានអាន។
ចំណែក លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មិនធ្វើអត្ថាធិប្បាយពីខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះទេ ដោយលោក លើកហេតុផលថា សេចក្តីព្រាងច្បាប់នេះ កំពុងស្ថិតក្នុងដំណើរការត្រួតពិនិត្យរបស់រដ្ឋសភានៅឡើយ។ លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា ក្រោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តនិងត្រូវបានព្រះមហាក្សត្រ ប្រកាសដាក់ឲ្យប្រើប្រាស់ រដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មានពន្យល់ជាសាធារណៈតែម្តង។
យ៉ាងណា មន្រ្តីជាន់ខ្ពស់របស់ក្រសួងយុត្តិធម៌ ថ្លែងថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺដើម្បីអនុវត្តវិធានការក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ បន្ថែមពីលើច្បាប់និងអនុក្រឹត្យផ្សេងៗ ដែលមានកន្លងមក។
កាលពីពាក់កណ្តាលឆ្នាំ២០២០កន្លងទៅ រដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ស្តីពីការដាក់ប្រទេសក្នុងគ្រាមានអាសន្ន សម្រាប់ប្រើប្រាស់ក្នុងការគ្រប់គ្រងសភាពការណ៍ដ៏ចាំបាច់ ពេលប្រទេសជាតិ ជួបភាពវឹកវរឬគ្រោះមហន្តរាយធ្ងន់ធ្ងរណាមួយ ដូចជា គ្រោះមហន្តរាយបង្កឡើងដោយជំងឺរាតត្បាត ជាដើម។ ប៉ុន្តែ មកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើច្បាប់នេះ ដើម្បីដាក់ប្រទេសក្នុងគ្រាមានអាសន្នឡើយ ហើយប្រមុខរដ្ឋាភិបាល ក៏បានប្រកាសរួចហើយដែរថា មិនចង់ដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ ព្រោះខ្លាចប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេសជាតិ។
បច្ចុប្បន្ន យន្តការដ៏សំខាន់មួយ ដែលរដ្ឋាភិបាល ក៏ដូចជា ក្រសួងសុខាភិបាល កំពុងប្រើប្រាស់ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ គឺការអនុវត្តអនុក្រឹត្យស្តីពីការដាក់ពិន័យលើអ្នកបំពានវិធានការសុខាភិបាល។ យោងតាមអនុក្រឹត្យនេះ អ្នក មិនព្រមចូលធ្វើចត្តាឡីស័ក ត្រូវពិន័យពី១លានរៀល ដល់៥លានរៀល អ្នក កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក ហើយលួចរត់ចេញ ត្រូវពិន័យពី១លានរៀល ដល់៥លានរៀលដូចគ្នា ខណៈ អ្នក ដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក ត្រូវពិន័យពី១០លានរៀល ដល់៥០លានរៀល។ ក្រៅពីបង់ប្រាក់ អ្នកបំពានវិធានការចត្តាឡីស័កនេះ ក៏ប្រឈមនឹងការទទួលទោសព្រហ្មទណ្ឌផងដែរ។
បន្ថែមពីនេះ រដ្ឋាភិបាល បានចេញគោលការមួយទៀត គឺនឹងបណ្តេញជនបរទេសចេញពីកម្ពុជា ហើយអាចនឹងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ បើជនបរទេសនោះ មិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា មិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។
វិធានការកាពារខ្លួនពីជំងឺកូវីដ-១៩ ដែលក្រសួងសុខាភិបាល តែងដាស់តឿនជារឿយៗ ឲ្យប្រជាជនប្រកាន់យក គឺ៣ការពារ និង៣កុំ។ ក្រសួងសុខាភិបាល ប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំង មិនអាចការពារពីការឆ្លងជំងឺកូវីដ-១៩ បាន១០០ភាគរយនោះទេ ដូច្នេះ ត្រូវទាមទារឲ្យប្រុងប្រយ័ត្នដដែល ហើយបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ទោះជាបានចាក់វ៉ាក់សាំងរួចក៏ដោយ៕