កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន៖ កំពង់ឆ្នាំង បាត់ដំបង សៀមរាប និងកោះកុង ធ្វើជាម្ចាស់ផ្ទះនៅថ្ងៃនេះ
02, Mar 2021 , 11:12 am        
រូបភាព
កីឡាកររបស់ខេត្តបន្ទាយមានជ័យ នាជំនួបស្មើ ២-២ ជាមួយ​សូហ្វីយ៉ា ប៉ៃលិន កាលពីសប្តាហ៍មុន។ រូបថត CNCC
កីឡាកររបស់ខេត្តបន្ទាយមានជ័យ នាជំនួបស្មើ ២-២ ជាមួយ​សូហ្វីយ៉ា ប៉ៃលិន កាលពីសប្តាហ៍មុន។ រូបថត CNCC
ដោយ: រួបរួម
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៥ សម្រាប់ថ្នាក់ខេត្ត ឈានដល់សប្តាហ៍ទី៣ នាថ្ងៃអង្គារ ទី២ ខែមីនា នេះ ដោយកំពង់ឆ្នាំង បាត់ដំបង សៀមរាប និងកោះកុង សុទ្ធតែជាម្ចាស់ផ្ទះក្នុងពូលរៀងៗខ្លួន ចាប់ពីវេលាម៉ោង៣រសៀល។

 
ក្នុងពូល A មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ស្វាគមន៍ភ្នំពេញហ្គាឡាក់ស៊ី នៅទីលានវិទ្យាល័យកំពង់ត្រឡាច។ ភ្នំពេញហ្គាឡាក់ស៊ី ឈរលើកំពូលតារាងដោយមាន៤ពិន្ទុ ខណៈម្ចាស់ផ្ទះ កំពង់ឆ្នាំង មាន៣ពិន្ទុ។
 
នៅទីលានវិទ្យាល័យនេត យ៉ង់ ស.ស.យ.ក ខេត្តបាត់ដំបង ដែលមាន៦ពិន្ទុពេញ ត្រូវទទួលក្រុមខេត្តបន្ទាយមានជ័យ។ ក្រុមទាំងពីរសុទ្ធតែមិនទាន់ស្គាល់ចាញ់ដូចគ្នា ដោយបន្ទាយមានជ័យឈរនៅលេខ២ដោយមាន៤ពិន្ទុ។
 
សម្រាប់ពូល C សៀមរាប អេហ្វស៊ី បន្តបើកកីឡដ្ឋានស្វាយធំ ក្នុងជំនួបជាមួយខេត្តឧត្តរមានជ័យ។ ក្រុមទាំងពីរទើបប្រកួតបាន១លើកដូចគ្នាសម្រាប់ពូលដែលមានតែ៣ក្រុមនេះ។ ឧត្តរមានជ័យមាន៣ពិន្ទុ ខណៈសៀមរាបមិនទាន់មានពិន្ទុរាប់នៅឡើយ។
 
នៅទីលានវិទ្យាល័យកោះកុងឯណោះវិញ កោះកុង អេហ្វស៊ី ប៉ះជាមួយ មន្ទីរ អយក ខេត្តកំពត។ កោះកុងឈរលេខ២បណ្តោះអាសន្នដោយមាន៤ពិន្ទុស្មើខេត្តកែប ខណៈកំពតបានចាញ់ទាំងពីរប្រកួតដំបូងរបស់ខ្លួននៅក្នុងពូល E។
 
ជាមួយគ្នានេះ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសពីការលើកពេលនៃជំនួបចំនួនពីរ គឺរវាងមន្ទីរ អយក ខេត្តស្វាយរៀង និងខេត្តកណ្តាល នៅក្នុងពូល D និងរវាងមន្ទីរ អយក ខេត្តកែប និងខេត្តព្រះសីហនុនៅក្នុងពូល E។
 
បើតាម CNCC កីឡាករល្អប្រចាំការប្រកួតនីមួយៗ កាលពីសប្តាហ៍ពីរ រួមាន ទូច គឹមឆាយ (បាត់ដំបង), គឺន សៀវម៉េង (កំពង់ធំ), ចៅ យុទ្ធារ៉ូ (កែប), ធី ភារ៉ា (ត្បូងឃ្មុំ), ម៉ឹង សុរាជរដ្ឋា (កំពង់ស្ពឺ), ហ៊ីម រ៉ស់សាលី (កោះកុង), លី ម៉ាត់ណូ (ភ្នំពេញហ្គាឡាក់ស៊ី), ផាន សុផេន (បន្ទាយមានជ័យ) និង គាត លឹមទី (កំពង់ចាម)។
 
បច្ចុប្បន្ន កីឡាករ ផាន សុផេន របស់ខេត្តបន្ទាយមានជ័យ និង ថា គ្រីយ៉ា របស់ខេត្តបាត់ដំបង រកបានគ្រាប់បញ្ចូលទីច្រើនជាងគេដោយមាន៥គ្រាប់រៀងៗខ្លួន កីឡាករ លី ម៉ាត់ណូ របស់ភ្នំពេញហ្គាឡាក់ស៊ី មាន៤គ្រាប់ ខណៈ វុធ ដេវីត របស់បាត់ដំបង និង គាត លឹមទី របស់កំពង់ចាម មាន៣គ្រាប់ដូចគ្នា៕
 
 
 

Tag:
 Hun Sen Cup 2021
© រក្សាសិទ្ធិដោយ thmeythmey.com