អន្តរជាតិ
អាមេរិក និង EU ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់រុស្ស៊ីក្នុងរឿងបំពុលលោក Navalny
03, Mar 2021 , 10:59 am        
រូបភាព
ដោយ:
អាមេរិក និងសហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ និងស្ថាប័នរុស្ស៊ីដែលពាក់ព័ន្ធនឹងការបំពុលអ្នកនយោបាយប្រឆាំងរដ្ឋាភិបាលរុស្ស៊ីលោក Alexei Navalny ។ ទណ្ឌកម្មរបស់ក្រសួងរតនាគារជាតិអាមេរិក នាថ្ងៃទី២ ខែមីនានេះ ជាទណ្ឌកម្មដំបូងបង្អស់របស់រដ្ឋបាលប្រធានាធិបតីចូ បៃឌិន លើរុស្ស៊ី។ ចំណែកទណ្ឌកម្មរបស់អឺរ៉ុប ជាទណ្ឌកម្មលើកទីពីរ។


ទណ្ឌកម្មអាមេរិក សំដៅទៅលើមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន៧រូប ដូចជារដ្ឋអាជ្ញា និងប្រធានកងកម្លាំងសន្តិសុខជាតិរុស្ស៊ីជាដើម។ បន្ថែមពីនេះ ស្ថាប័នចំនួន១៤ផ្សេងទៀតក៏រងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិផងដែរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក ក្នុងរដ្ឋបាលរបស់លោក ចូ បៃឌិន បង្ហាញពីឆន្ទៈក្នុងការប្រឈមមុខជាមួយរុស្ស៊ី ដែលខុសពីលោកអតីតប្រធានាធិបតីដូណាល់ ត្រាំ។
 
 
«បណ្តាញចារកិច្ច វាយតម្លៃដោយមានទំនុកចិត្តខ្ពស់ថា មន្ត្រីសន្តិសុខនៃសហព័ន្ធរុស្ស៊ី(FSB) ប្រើប្រាស់សារធាតុបំពុលលើអ្នកនយោបាយប្រឆាំងលោក Alexei Navalny »។ នេះជាការលើកឡើងរបស់ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមាន នាថ្ងៃទី២ ខែមីនា។
 
លោកNavalny ធ្លាក់ខ្លួនឈឺភា្លមៗនៅតំបន់ស៊ីបេរី និងត្រូវបញ្ជូនទៅព្យាបាលនៅអាល្លឺម៉ង់កាលពីខែសីហា ឆ្នាំ២០២០។ក្រោយពេលសម្រាកព្យាបាលអស់រយៈពេលជាង៤ខែដោយសារតែការបំពុលសារធាតុ Novichok លោក Navalny បានត្រឡប់មករុស្ស៊ីវិញក្នុងខែមករា និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំ២ឆ្នាំកន្លះចំពោះការបំពានលក្ខខណ្ឌនៅក្រៅឃុំ។
 
លោកស្រី Psaki ទាមទារឱ្យរដ្ឋាភិបាលរុស្ស៊ីដោះលែងលោកNavalny និងថា ការមិនដាក់ទណ្ឌកម្មលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ជាការបង្ហាញពីភាពចាំបាច់ក្នុងការបន្តទំនាក់ទំនងឆ្ពោះទៅមុខ។ ប៉ុន្តែមុនការប្រកាសដាក់ទណ្ឌកម្មរបស់អាមេរិក លោក Sergei Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ីប្រាប់ទីភ្នាក់ងារព័ត៌មាន Interfax ថា រុស្ស៊ីនឹងឆ្លើយតបយ៉ាងសក្តិសមចំពោះទណ្ឌកម្មនេះ។
 
ទណ្ឌកម្មដែលដាក់ចេញដោយក្រសួងរតនាគារអាមេរិក សំដៅលើលោក Sergei Kiriyenko នាយករងខុទ្ទកាល័យរបស់ប្រធានាធិបតីរុស្ស៊ី, លោក Alexander Kalashnikov ប្រធានពន្ធនាគាររុស្ស៊ី, លោកIgor Krasnov អគ្គរដ្ឋអាជ្ញា, លោក Alexander Bortnikov អគ្គនាយក FSB, លោក Andrei Yarin ប្រធានគោលនយោបាយក្នុងស្រុករុស្ស៊ី និងអនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីពីររូបគឺលោក Alexei Krivoruchko និង លោកPavel Popo។
 
ទ្រព្យសម្បត្តិរបស់បុគ្គលទាំង៧រូបខាងលើ ដែលមាននៅអាមេរិកនឹងត្រូវបង្កក។ បន្ថែមពីនេះទណ្ឌកម្មក៏ហាមមិនឱ្យបុគ្គលដទៃទៀតធ្វើពាណិជ្ជកម្មជាមួយផងដែរ។ អាមេរិក ក៏នឹងដាក់ទណ្ឌកម្មលើបុគ្គលទាំងឡាយណាដែលជួយជ្រោមជ្រែងក្នុងការទូទាត់សាច់ប្រាក់ជាមួយផងដែរ។ ការដាក់ទណ្ឌកម្មរបស់អាមេរិក ធ្វើដំណាលគ្នានឹងការអនុម័តទណ្ឌកម្មរបស់គណៈកម្មការអឺរ៉ុប។ កាលពីថ្ងៃទី២១ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានយល់ស្របដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួន៤រូប។ 
 
មន្ត្រីជាន់ខ្ពស់រុស្សីចំនួន៤រូបដែលរងទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងហាមការធ្វើដំណើរ មានលោក Alexander Bastryki ដែលគ្រប់គ្រងគណៈកម្មាធិការស៊ើបអង្កេត។ បុគ្គលទីពីរ គឺលោក Igor Krasnov អគ្គរដ្ឋអាជ្ញារុស្ស៊ី។ បុគ្គលទី៣ គឺលោក Viktor Zolotov ប្រធានឆ្មាំជាតិរុស្ស៊ី ដែលធ្លាប់គំរាមលើអាយុជីវិតលោក Navalny ជាសាធារណៈក្នុងឆ្នាំ២០១៨។ បុគ្គលចុងក្រោយនោះ គឺលោក Alexander Kalashnikov ប្រធានពន្ធនាគាររុស្ស៊ី ដែលចេញលិខិត និងប្តឹងលោក Navalny ពីការល្មើសការនៅក្រៅឃុំ។
 
ក្រៅតែពីមន្ត្រីជាន់ខ្ពស់ ស្ថាប័នរដ្ឋនិងឯកជនចំនួន១៤ផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងការផលិតសារធាតុគីមី និងជីវសាស្ត្រពុលក៏រងទណ្ឌកម្មអាមេរិកដែរ ដែលក្នុងនោះមានក្រុមហ៊ុន៩នៅរុស្ស៊ី ៣នៅអាល្លឺម៉ង់ និងមួយទៀតនៅស្វ៊ីស។ ចំណែកមន្ទីរពិសោធន៍របស់រដ្ឋាភិបាលរុស្ស៊ីក៏រងទណ្ឌកម្មអាមេរិកដែរ៕
 
 
 
 

Tag:
 អាមេរិក
  រុស្ស៊ី
  Alexei Navalny
© រក្សាសិទ្ធិដោយ thmeythmey.com