ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយ​ចែករំលែក​! ចង្វាក់បេះដូង​លោត​ញាប់​? អាចមកពី​កត្តា​ទាំងនេះ​
03, Mar 2021 , 10:59 pm        
រូបភាព
​អត្រា​នៃ​ចង្វាក់បេះដូង​ដើរ​ញាប់ គឺជា​បញ្ហា​សុខភាព​គួរអោយ​ព្រួយបារម្ភ​មួយ​ដែល​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​ផ្សេងៗ​ពីគ្នា​។ ថា​តើ​មូលហេតុ​ទូទៅ​បំផុត​អ្វីខ្លះ​ដែលនាំឱ្យ​មាន​បញ្ហា​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី​? ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ទាំងនោះ ៖

 
១. ស្ត្រេ​ស ឬ​ភាព​តានតឹង​ក្នុង​អារម្មណ៍​
 
​អ្នក​អាច​នឹង​ជួបប្រទះ​បញ្ហា​ចង្វាក់បេះដូង​លោត​ញាប់​នៅ​រាល់ពេល​មាន​អារម្មណ៍​តានតឹង ឬ​ស្ត្រេ​ស​។ នោះ​ក៏​ព្រោះតែ​លំហូរ​ឈាម​របស់​អ្នក​ពោរពេញ​ទៅដោយ​អ័រម៉ូន​ស្ត្រេ​ស​ដូចជា cortisol និង adrenaline ដែល​រំញោច​ប្រព័ន្ធ​ស​សៃ​ប្រសាទ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​កាត់បន្ថយ​កម្រិត​នៃ​ភាព​ស្ត្រេ​សរ​បស់​អ្នក​។ វេជ្ជបណ្ឌិត​ជាច្រើន​និយាយថា​ស្ត្រេ​ស​រ៉ាំរ៉ៃ​អាច​ជះឥទ្ធិពល​គួរឱ្យ​ព្រួយបារម្ភ​ចំពោះ​សុខភាព​។​
 
២. កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ប្រសិនបើ​អ្នកទទួល​ទាន​ទឹក​មិនបាន​ប្រហែល ២ លីត្រ​ក្នុង​មួយថ្ងៃ​ទេនោះ​កុំ​ឆ្ងល់​ថា​តើ​ហេតុអ្វី​បានជា​បេះដូង​ហាក់ដូចជា​លោត​ញាប់​ជាង​ធម្មតា​។ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​ធ្វើឱ្យ​ឈាម​ឡើង​ខាប់ ហើយ​បរិមាណ​ឈាម​ថយចុះ ហើយ​បេះដូង​នឹង​ខំ​លោត​ញាប់​ខ្លាំង​ជាង​មុន​ដើម្បី​ព្យាយាម​ផ្គត់ផ្គង់​អុកស៊ីសែន​គ្រប់គ្រាន់​ទៅកាន់​សរីរាង្គ​ទាំងអស់​។​
 
៣. អតុល្យភាព​នៃ​អេ​ឡិច​ត្រូ​លីត្រ​ក្នុង​រាងកាយ​
 
​ត្រូវ​ប្រាកដថា​អ្នក​បាន​ទទួលទាន​សារធាតុ​រាវ​បាន​ច្រើន​គ្រប់គ្រាន់​ក្នុង​មួយថ្ងៃៗ​! ក៏​ព្រោះ​កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អាច​បង្កបញ្ហា​ចង្វាក់បេះដូង​លោត​មិន​ទៀងទាត់ ជាពិសេស​ប្រសិនបើ​អ្នក​ជួបប្រទះ​បញ្ហា​អតុល្យភាព​អេឡិចត្រូលីត​ដូចជា​សូ​ដ្យូ​ម ប៉ូ​តា​ស្យូ​ម ម៉ាញ៉េ​ស្យូ​ម និង​កាល់ស្យូម​។​
 
៤. ទទួលទាន​កាហ្វេ​ច្រើនពេក​
 
​ការ​ទទួលទាន​កាហ្វេ​ខ្លាំង ឬ​ច្រើនពេក​អាច​បណ្ដាលឱ្យ​បេះដូង​លោត​ញាប់​ខុសធម្មតា​។ នោះ​ក៏​ព្រោះតែ​កាហ្វេ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន និង​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​សុទ្ធតែជា​កត្តា​នាំឱ្យ​បេះដូង​លោត​ញាប់​។​
 
៤. ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន​
 
​ក៏​មិន​ខុសពី​កាហ្វេ​ដែរ គ្រឿង​ស្រវឹង​មាន​លក្ខណៈសម្បត្តិ​បញ្ចុះ​ជាតិ​ទឹក​ដែល​ធ្វើឱ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ឆាប់រហ័ស​។ លើសពីនេះទៅទៀត​បេះដូង​នឹង​លោត​ញាប់​ក្រោយ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើន ក៏​ព្រោះ​វា​ព្យាយាម​កម្ចាត់​ជាតិពុល​ក្នុង​រាងកាយ​។​
 
៥. ជក់បារី​
 
​នីកូទីន​ក្នុង​បារី គឺជា​សារធាតុ​គីមី​ដែលមាន​លក្ខណៈសម្បត្តិ​រំញោច​នាំឱ្យ​ចង្វាក់បេះដូង​លោត​ញាប់​ជាង​ធម្មតា​។​
 
​សម្គាល់​! ពេលខ្លះ​អាកា​រៈបេះ​ដូង​លោត​ញាប់​អាច​បណ្ដាលមកពី​បញ្ហា​សុខភាព​ណាមួយ​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ស​សៃ​ឈាម​បេះដូង​ដែល​ចាំបាច់​ត្រូវ​ទទួល​ការវិនិច្ឆ័យ​និង​ព្យាបាល​ត្រឹមត្រូវ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ​។ ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​ក៏​ជា​កត្តា​ចម្បង​មួយ​ដែល​បង្ក​អាកា​រៈ​អត្រា​នៃ​ចង្វាក់បេះដូង​លោត​ញាប់​ផងដែរ​។ ករណី​មួយចំនួនទៀត​បណ្ដាលមកពី​បញ្ហា​សួត​។ ប្រសិនបើ​អ្នក​សង្ស័យថា​អត្រា​នៃ​ចង្វាក់បេះដូង​របស់ខ្លួន​លោត​ញាប់​មកពី​បញ្ហា​សុខភាព​ណាមួយ​នោះ ចូរ​កុំ​ស្ទាក់ស្ទើ​នឹង​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com