ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ជួយ​ចែករំលែក​! គ្រឿងទេស​អ្វីខ្លះ​ចាំបាច់​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​?
04, Mar 2021 , 6:59 pm        
រូបភាព
​គ្រឿងទេស ជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៃ​អាហារ​ដ៏​មាន​រសជាតិ​។ ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ដឹង​ហើយ​ថា គ្រឿងទេស ត្រូវបាន​ប្រើ​ដើម្បី​បង្កើន​រសជាតិ​អាហារ និង​រក្សា​អាហារ​ឱ្យ​ទុក​បានយូរ​។  ទោះជា​យ៉ាងណា អ្នក​ប្រហែលជា​មិនបាន​ចាប់អារម្មណ៍​ទេ​ថា គ្រឿងទេស មួយចំនួន​ជា​ឱសថ​បែប​ធម្មជាតិ​ជួយ​ដោះស្រាយ​ទប់ស្កាត់​ប​ញ្ហ​សុខភាព​គួរឱ្យកត់សម្គាល់​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គ្រឿងទេស​សំខាន់ៗ​ដែល​អ្នក​គួរ​រក្សាទុក​ក្នុងផ្ទះ ដើម្បី​ទទួលបាន​នូវ​ជីវិត​រស់នៅ​ប្រចាំថ្ងៃ និង​សុខភាព​កាន់តែ​ល្អប្រសើរ ៖

 
១. ម្ទេស​
 
​ម្ទេស មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ capsaicin ដែល​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​រកឃើញថា អ្នក​ដែល​ទទួលទាន​អាហារ​ហឹរ​ពី ៦ ទៅ ៧ ដង​ក្នុង​មួយ​សប្តាហ៍​មានការ​ថយចុះ​នូវ​ហានិភ័យ​នៃ​ការស្លាប់​មុន​អាយុ​ដល់​ទៅ ១៤ ភាគរយ​ឯណោះ បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​ទទួលទាន​ហឹរ​ត្រឹម​ម្ដង​ក្នុង​មួយ​សប្តាហ៍​។ អ្នក​ដែល​ឧស្សាហ៍​ទទួលទាន​មានការ​ថយចុះ​នូវ​ហានិភ័យ​នៃ​ការស្លាប់​ដោយសារ​ជំងឺខ្សោយបេះដូង ជំងឺ​ផ្លូវដង្ហើម និង​ជំងឺមហារីក​គួរឱ្យកត់សម្គាល់​។​
 
២. ម្រេចខ្មៅ​
 
​គ្រឿងទេស​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ piperine ដែល​ទប់ស្កាត់​ការកកើតឡើង​នូវ​កោសិកា​ខ្លាញ់​ដែល​ជួយ​ឱ្យ​អ្នក​អាច​ស្រក​ទម្ងន់​ដែល​លើស​។ ម្រេចខ្មៅ​ក៏​ជួយ​ព្យាបាល​អាកា​រៈ​ក្អក​ស្ងួត​ដោយ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកឃ្មុំ ១ ស្លាបព្រា​កាហ្វេ និង​ម្រេចខ្មៅ​ម៉ដ្ឋ ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ ១ កែវ​។ កូរ​អោយ​សព្វ សឹម​ទទួលទាន​យឺត​នៅពេល​ក្ដៅ​ឧណ្ហៗ​។ ម្រេចខ្មៅ​ក៏​ជា​គ្រឿងទេស​មួយ​ប្រភេទ​ដែលមាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ជួយ​ទប់ស្កាត់​បញ្ហា​សុខភាព​ផ្សេងៗ​ដែល​បង្កឡើង​ដោយ​រ៉ាឌីកាល់​សេរី​។ សារធាតុ piperine ក៏​ជួយ​បង្កើន​សមត្ថភាព​ខួរក្បាល និង​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​យ៉ាង​ប្រសើរ​។​
 
៣. ខ្ទឹមស​
 
​មាន​ប្រសិទ្ធិភាព​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​បេះដូង​។ ខ្ទឹមស ត្រូវបាន​ចាត់ទុកជា​ឱសថ​ធម្មជាតិ​សម្លាប់​មេរោគ គ្រប់គ្រង​សម្ពាធ​ឈាម និង​ជួយ​សម្លាប់​ពពួក​ប៉ារ៉ាស៊ីត​។ ការ​ទទួលទាន​ខ្ទឹមស​ជួយ​បញ្ចុះ​សម្ពាធ​ឈាម និង​បង្កើន​ចរន្តឈាម​រត់​បាន​យ៉ាង​ប្រសើរ​។ អ្វីដែល​ពិសេស​ទៅទៀត​នោះ គឺ​ខ្ទឹមស ក៏មាន​ផ្ទុក​សារធាតុ​ប្រឆាំងនឹង​ជំងឺមហារីក​ផងដែរ​។​
 
៤. ខ្ញី​
 
​ខ្ញី មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ក្នុង​រាងកាយ​ដែល​បង្ក​ជា​ជំងឺ​ផ្សេងៗ និង​ទប់ស្កាត់​ជំងឺមហារីក​។  ខ្ញី ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក រួមបញ្ចូល​ទាំង​សមាសធាតុ​សកម្ម​បំផុត​ហៅថា gingerols ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។ បន្ថែម​ពីនេះ​ក្រៅពី​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​ហើយ​នោះ ខ្ញី​ក៏មាន​ផ្ទុក​សារធាតុ antioxidative ដែល​ទប់ស្កាត់​កំណកខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​ខ្លាញ់​ទ្រី​គ្លី​សេរី​ដ​ក្នុង​ស​សៃ​ឈាម​ផងដែរ​។​
 
៥. រមៀត​
 
​មាន​ផ្ទុក​នូវ​សារធាតុ​សកម្ម​ម្យ៉ាង​ជួយ​ទប់ស្កាត់​ជំងឺមហារីក​, ជំងឺ​បង្កឡើង​ដោយ​ការ​រលាក​ក្នុង​រាងកាយ និង​បញ្ហា​ស​សៃ​ប្រសាទ​។ ការបន្ថែម​ខ្ញី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់ឆ្អឹង ជំងឺ​វង្វេងវង្វាន់ និង​សូម្បីតែ​ជំងឺមហារីក​។ អ្នកជំនាញ​ជាច្រើន​និយាយថា​រមៀត គឺជា​ថ្នាំ​បំបាត់​ការឈឺចាប់​តាមបែប​ធម្មជាតិ​ដ៏​ប្រសើរ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​រលាក​សន្លាក់​។ លើសពីនេះទៅទៀត​រមៀត​ក៏មាន​ផ្ទុក​នូវ​សារធាតុ curcumin  ដែល​មិន​ត្រឹមតែ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រលាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​កាត់បន្ថយ​ការឈឺចាប់​និង​ការ​ហើម​គួរអោយកត់សម្គាល់​ផងដែរ​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com