ជាតិ
ស​.​ស​.​យ​.​ក និង​ក្រុមហ៊ុន​ឯកជន​មួយ ចុះ​អនុស្សរណៈ​បណ្តុះបណ្តាល​ជំនាញ និង​ផ្តល់ឱកាស​ការងារ​ដល់​យុវជន​កម្ពុជា​
04, Mar 2021 , 10:29 pm        
រូបភាព
រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា1
រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា1
​ភ្នំពេញ​៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​ការបណ្តុះបណ្តាល​យុវជន និង​ការផ្តល់​ឱកាស​ការងារ​។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់ ដែល​រៀបចំ​នៅ​ថ្ងៃទី​៤ មីនា​នេះ ប្រព្រឹត្តឡើង​ក្នុង​គោលបំណង​អនុញ្ញាតឱ្យ​ស្ថាប័ន​ទាំងពីរ​សហការគ្នា ដើម្បី​ផ្តល់ឱកាស​ការងារ និង​ការបណ្តុះបណ្តាល​ជំនាញ​នានា​ដល់​យុវជន​ឆ្ពោះទៅកាន់​អាជីព​ការងារ​ជាក់លាក់​មួយ​។



​តាម​សង្កេត​យល់ឃើញ​ពី​តួនាទី និង​ការចូលរួម​ដ៏​សំខាន់​របស់​យុវជន​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សង្គមជាតិ ការចុះ​អនុស្សរណៈ​យោគយល់​ខាងលើនេះ នឹង​ផ្ដល់​ជា​វេទិកា​ចែករំលែក​បទពិសោធន៍ ចំណេះដឹង​ល្អៗ ដើម្បី​បំផុសគំនិត​ដល់​យុវជន​អភិវឌ្ឍ​ខ្លួន និង​ជា​ជំនួយស្មារតី​សម្រាប់​ការត្រៀមខ្លួន​ក្នុងការ​អនុវត្ត​ការងារ​ជាក់ស្ដែង​។​


រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា

​ដោយ​ឈរលើ​ទស្សនៈ​ថា «​យុវជន គឺជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ធនធាន​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​នាពេលនេះ និង​ទៅ​អនាគត​» ស​.​ស​.​យ​.​ក អះអាងថា កំពុង​បំពេញការងារ​យ៉ាងសកម្ម​លើ​កិច្ចការ​លើកកម្ពស់​សម​ត្ថ​ភាព​យុវជន និង​អភិវឌ្ឍ​ធនធានមនុស្ស​។ បើតាម ស​.​ស​.​យ​.​ក ការងារ​ដែល​សម្រេចបាន​នាពេល​កន្លងមក ជាការ​ផ្តល់ឱកាស​ឱ្យ​យុវជន​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​ការ​បង្កើតជា​វេទិកា និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ដែល​ផ្ដល់​ជា​ប្រយោជន៍​ដល់​យុវជន ដើម្បី​អភិវឌ្ឍ​សមត្ថភាព​។​


  រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា

​ជាមួយគ្នានេះ ស​.​ស​.​យ​.​ក បានរៀបចំ​វគ្គ​បំប៉ន​សម្រាប់​សិស្ស​ថ្នាក់​ទី​១២ និង​ការចូល​រួមជាមួយ​រដ្ឋា​ភិ​បាល​ក្នុង​កំណែទម្រង់​ប្រព័ន្ធ​អប់រំ ដោយ​ផ្តោតលើ​ការងារ​សង្កេតការណ៍​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​។ ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​យុវជន និង​ការផ្តល់​ឱកាស​ការងារ ស​.​ស​.​យ​.​ក​. បាន​យកចិត្តទុកដាក់​ក្នុងការ​គៀរគរ និង​ស្វែងរក​កម្មវិធី​អាហារូបករណ៍​ទាំង​ក្នុង និង​ក្រៅប្រទេស សម្រាប់​ផ្តល់ជូន​ដល់​យុវជន​ជា​សិស្សានុសិស្ស និង​និស្សិត ជា​បន្តបន្ទាប់​រៀងរាល់​ឆ្នាំ​។ 
 
​តាមរយៈ​កិច្ចសហការ​រវាង ស​.​ស​.​យ​.​ក និង​ក្រុមហ៊ុន​វើ​ល​ប្រ៊ី​ដ​គ្រុប​នេះ មិន​ត្រឹមតែ​បានផ្ដល់​ឱកាស​ដល់​យុវជន​កម្ពុជា​ក្នុងការ​ស្វែងរក​បទពិសោធ​ន៍​ការងារ​ផ្សេងៗ​នោះទេ ប៉ុន្តែ​ក៏​នឹង​ជំរុញ​ដល់​ការទំនាក់ទំនង​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់​តែមាន​ភាព​ស្អិតរ​មួ​ត និង​រឹងមាំ​ផងដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស​.​ស​.​យ​.​ក​៕   


រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា


 រូបភាពពីសហភាព​សហព័ន្ធយុវជនកម្ពុជា


Tag:
 ស​.​ស​.​យ​.​ក​
  ហ៊ុន ម៉ា​នី​
  យុវជន​
© រក្សាសិទ្ធិដោយ thmeythmey.com