អន្តរជាតិ
អាមេរិក ប្រកាសរឹតត្បិតការរកស៊ីជាមួយរបបយោធាមីយ៉ាន់ម៉ា
05, Mar 2021 , 11:59 am        
រូបភាព
អាមេរិក នៅថ្ងៃទី៤ ខែមីនា បានដាក់ចេញវិធានការថ្មីលើរបបយោធាមីយ៉ាន់ម៉ា។ ក្រសួងពាណិជ្ជកម្មអាមេរិក ប្រកាសរឹតត្បិតការរកស៊ីជាមួយក្រសួងការពារជាតិ និងមហាផ្ទៃមីយ៉ាន់ម៉ា ពិសេសជំនួញអាវុធ ហើយ ក្រុមហ៊ុនអាមេរិក ក៏មិនត្រូវបានអនុញ្ញាតឱ្យរកស៊ីជាមួយក្រុមហ៊ុនគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ាដែរ។ ចំណាត់ការថ្មីនេះ ធ្វើឡើងដើម្បីឆ្លើយតបការបង្រ្កាបបាតុកម្មយ៉ាងខ្លាំង ខណៈក្រុមបាតុករមីយ៉ាន់ម៉ា អំពាវនាវឱ្យអាមេរិក ដាក់ទណ្ឌកម្មលើក្រសួងផ្សេងទៀត។

 
 
ក្រោយការបង្រ្កាបការតវ៉ាដែលឈានដល់បាញ់សម្លាប់ក្រុមបាតុករមីយ៉ាន់ម៉ារាប់សិបនាក់ អាមេរិក បានសម្រេចដាក់ទណ្ឌកម្មជាថ្មីម្តងទៀតលើរបបសឹកមីយ៉ាន់ម៉ា។ ម្ដងនេះ អាមេរិកដាក់គោលដៅលើស្ថាប័នរដ្ឋ និងក្រុមហ៊ុនដែលទាក់ទងក្រុមយោធាតែម្ដង។ 
 
«រដ្ឋបាលអាមេរិក នឹងបន្តទាមទារឱ្យមេខ្លោងនៃរបបសឹកទទួលខុសត្រូវលើសកម្មភាពរបស់ពួកគេ»។ ក្រសួងពាណិជ្ជកម្មអាមេរិក បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញក្នុងថ្ងៃទី៤ ខែមីនា ដែលបានប្រកាសការរឹតត្បិតការរកស៊ីជាមួយក្រសួងការពារជាតិ និងមហាផ្ទៃមីយ៉ាន់ម៉ាដែលតួនាទីសំខាន់ក្នុងការបង្រ្កាបបាតុកម្ម។ 
 
សេចក្ដីថ្លែងការណ៍បន្តថា អាមេរិក នឹងមិនអនុញ្ញាតឱ្យក្រុមយោធាមីយ៉ាន់ម៉ា ទទួលផលប្រយោជន៍លើសម្ភារអាមេរិកជាច្រើនឡើយ។ បើតាមក្រសួងពាណិជ្ជកម្ម អាមេរិក ក៏កំពុងពិនិត្យមើលចំណាត់ការផ្សេងទៀត ដើម្បីដាក់លើក្រុមយោធា។ 
 
ក្រោមទណ្ឌកម្មថ្មីនេះ អាមេរិកសម្រេចរឹតត្បិតនាំចេញអាវុធ និងឧបករណ៍ទាក់ទិននឹងយោធាមួយចំនួនឱ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃមីយ៉ាន់ម៉ា។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិក បានហាមឃាត់ប្រជាជនខ្លួនរកស៊ីជាមួយក្រុមហ៊ុនមួយចំនួនគ្រប់គ្រងដោយយោធាលើប្រភេទពាណិជ្ជកម្មជាក់លាក់មួយចំនួន។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនពីរដែលគ្រប់គ្រងដោយយោធាមានMyanmar Economic Corporation និង ក្រុមហ៊ុនMyanmar Economic Holdings ដែលរកស៊ីចាប់ពីស្រាបៀ បារី កង់រថយន្ត ទូរគមនាគមន៍ ដល់វិស័យអចនលទ្រព្យ។ 
 
ក្រុមបាតុករមីយ៉ាន់ម៉ា បានសាទរលើចំណាត់ការបន្ថែមរបស់អាមេរិក។  អ្នកនាំពាក្យក្រុមគាំទ្រយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា កញ្ញា Yadanar Maung បានជំរុញឱ្យក្រុងវ៉ាស៊ីនតោនដាក់ទណ្ឌកម្មបន្ថែមទៀត លើក្រសួងគមនាគមន៍ និងដឹកជញ្ជូន ដោយសារក្រសួងមួយនេះ ក៏បានដើរតួរសំខាន់ផងដែរ ក្នុងការដឹកជញ្ញូនអាវុធ និងសម្ភារមួយចំនួនឱ្យក្រុមប៉ូលិស ដើម្បីតាមដាន និងបង្រ្កាបលើក្រុមបាតុករ។ 
 
យ៉ាងណាមិញ ទណ្ឌកម្មរបស់អាមេរិកខាងលើ នឹងមិនប៉ះពាល់ខ្លាំងឡើយលើរបបសឹក ដោយសារមីយ៉ាន់ម៉ានាំចូលសម្ភារយោធាតិចតួចណាស់មកពីអាមេរិក។ ផ្ទុយទៅវិញ មីយ៉ាន់ម៉ានាំចូលសម្ភារយោធាភាគច្រើនមកពី ចិន រុស្ស៊ី ឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀត។ 
 
ទណ្ឌកម្មអាមេរិកថ្មីនេះ ធ្វើឡើងស្របពេល អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិលើបញ្ហាសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក Thomas Andrews បានចេញរបាយការណ៍មួយ ដែលបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជំរុញឱ្យរដ្ឋាភិបាលយោធា ប្រគល់អំណាចរដ្ឋាភិបាលស៊ីវិលវិញ។ មិនតែប៉ុណ្ណោះ អ្នករាយការណ៍ពិសេសរូបនេះ ក៏បានជំរុញក្រុមប្រឹក្សាសន្តិសុខឱ្យដាក់ទណ្ឌកម្មអាវុធជាសកល និងទណ្ឌកម្មសេដ្ឋកិច្ច លើរបបសឹកផងដែរ។
 
ចំណែកឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ លោកស្រី Michelle Bachelet ក្នុងថ្ងៃទី៤ ខែមីនា ទទូចឱ្យរបបយោធា ត្រូវតែបញ្ឈប់ឧក្រិដ្ឋកម្ម ចាប់ឃុំក្រុមបាតុករ និងអ្នកសារព័ត៌មាន។ លោកស្រី Bachelet បានបញ្ជាក់ថា នេះគឺជាពេល ត្រូវស្វែងរកយុត្តិធម៌ និងបញ្ចប់ការក្តាប់អំណាចរបស់យោធា ក្នុងមីយ៉ាន់ម៉ា។ 
 
 
ដោយឡែកជារឿងអាម៉ាស់លើឆាកអន្តរជាតិមួយដែរ តំណាងមីយ៉ាន់ម៉ានៅ UN ដែលតែងតាំងដោយយោធា ប្រកាសលាលែងពីតំណែង។ លោក Tin Maung Naing បានប្រកាសលាលែងពីតំណែងជាភារធារីស្តីទីស្ថានបេសកកម្មមីយ៉ាន់ម៉ានៅញូវយ៉ក។ ដូចនេះ លោក Kyaw Moe Tun ដែលត្រូវរបបសឹកបណ្ដេញចេញពីតំណែង នៅតែបន្តជាតំណាងអចិន្រ្តៃយ៍ប្រចាំនៅអង្គកាសហប្រជាជាជាតិដដែល៕
 

Tag:
 អាមេរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com