COVID-19
ជាតិ
សង្គមជាតិ
រកឃើញ​អ្នក​ឆ្លង​២១​នាក់​ទៀត ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០ កុម្ភៈ​
06, Mar 2021 , 7:32 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​៦ ខែមីនា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​២១​ថ្មី ដែល​សុទ្ធសឹង​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​២០​កុម្ភៈ​។ ករណី​ឆ្លង​ថ្មី​នៅថ្ងៃនេះ​ធ្វើ​ឲ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ទូទាំងប្រទេស​កើន​ដល់​៩៥៣​នាក់​។​

 
​ក្រសួងសុខាភិបាល​បានបញ្ជាក់ អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ថ្មី​នៅថ្ងៃនេះ មាន​ជនជាតិ​ចិន​ចំនួន​១៣​នាក់​,​ជនជាតិ​វៀតណាម​ចំនួន​៣​នាក់​,​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​១​នាក់ និង​ជនជាតិខ្មែរ​ចំនួន​៤​នាក់​។​
 
​ក្នុងចំណោម​អ្នកជំងឺ​ទាំង​២១​នាក់​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៣​នាក់​ដែល​ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ និង​១០​នាក់​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​,​ជនជាតិ​វៀតណាម និង​ម៉ាឡេស៊ី​នៅ​រាជធានី​ភ្នំពេញ​,​និង​ជនជាតិខ្មែរ​ម្នាក់​ជា​កុមារ​ស្ថិតនៅ​សង្កាត់​ស្ទឹងមានជ័យ និង​២​នាក់​ទៀត​នៅ​សង្កាត់​ទួល​ស្វាយព្រៃ រាជធានី​ភ្នំពេញ​។​
 
​អ្នកជំងឺ​ទាំងអស់នោះ​ត្រូវបាន​ពេទ្យ​យកទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ និង​មន្ទីរ​បង្អែក​ខេត្ត​ព្រះសីហនុ​។​
 
​ក្រសួងសុខាភិបាល​នៅថ្ងៃនេះ​ក៏បាន​ប្រកាស​ករណី​ជាសះស្បើយ​ចំនួន​២​នាក់​ដែលជា​ករណី​នាំចូល​។ អ្នក​ទាំងពីរ​នោះ​ជា​ជន​ជាតិចិន​ស្នាក់នៅ​សង្កាត់​បឹងកក់​២ ខណ្ឌ​ទូល​គោក ធ្វើដំណើរ​មកពី​ប្រទេស​ចិន ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ និង​ម្នាក់ទៀត​នៅ​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រឡប់​មកពី​ប្រទេស​អារ៉ាប់ ហើយ​ចូលមក​កម្ពុជា​នៅ​ថ្ងៃទី​៧ ខែកុម្ភៈ​។​
 
​នៅ​កម្ពុជា​ទាំងមូល​មាន​អ្នក​ឆ្លង​សរុប​ចំនួន​៩៥៣​នាក់​ហើយ ក្នុងនោះ​ករណី​សះស្បើយ មាន​៤៩១​នាក់ រីឯ​អ្នកជំងឺ​ក្នុង​សហគមន៍​២០​កុម្ភៈ ឡើងដល់​៤៤៦​នាក់​ហើយ​៕​

Tag:
 ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com