ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​ស្ត្រី​៥​រូប ក្នុង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា​
06, Mar 2021 , 12:09 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​ព័ត៌មាន​ក្នុង​ពិភពលោក រួមទាំង​កម្ពុជា​កំពុង​ដើរតួ​យ៉ាងសំខាន់​សម្រាប់​ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​។ បច្ចុប្បន្ន​នៅ​កម្ពុ​ជាមាន​ស្ត្រី​ជា​អ្នកសារព័ត៌មាន​ជាច្រើនរូប​ដែល​កំពុងតែ​បំពេញការងារ​ផ្នែក​សារព័ត៌មាន​យ៉ាងសកម្ម​។​

 
​សារព័ត៌មាន ThmeyThmey សូម​លើកយក​ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ព័ត៌មាន​នៃ​សា្ថ​ប័ន​ទូរទស្សន៍​,​វិទ្យុ និង​សារព័ត៌មាន​អន​ឡាញ​ចំនួន​៥​នាក់​៖
 
១. កញ្ញា អ៊ុង ច័ន្ទ​សោភា ដែល​បច្ចុប្បន្ន​ជា​នាយិកា​រង​ព័ត៌មាន​ទូរទស្សន៍ CTN និង​CNC បាន​ចូលប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​អស់​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ ពោលគឺ​ក្រោយ​បញ្ចប់​ថ្នាក់​បិ​រ​ញ្ញាប​ត្រ​ផ្នែក​អក្សរសាស្ត្រ​បារាំង និង​ផ្នែក​សារព័ត៌​មាននៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក្នុង​ឆ្នាំ​២០០៤​។ 
 
​សម្រាប់​ការងារ​ដំបូង កញ្ញា បាន​ចូល​បម្រើការ​នៅ​កាសែត​ភាសា​បារាំង Cambodge Soir និង​វិទ្យុ​បារាំង RFI ខេមរភាសា រហូតដល់​ឆ្នាំ​២០០៩​។ ជា​ឱកាស​មាស​ក្នុងការ​ពង្រីក​ចំណេះដឹង​ឲ្យ​កាន់តែ​ជ្រៅជ្រះ​ក្នុង​អាជីព​មួយ​នេះ ក្នុង​ឆ្នាំ​២០១០ ស្ត្រី​ឆ្នើម​ក្នុង​វិស័យ​ព័ត៌មាន​រូបនេះ បាន​ជាប់​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សាលា​កាសែត​ដ៏​ល្បីល្បាញ​មួយ​ឈ្មោះថា École supérieure de journalisme de Lille នៅ​ប្រទេស​បារាំង ។ 
 
​ដោយ​ការតាំង​ចិត្ត និង​ក្តី​ស្រលាញ់​យ៉ាង​មុត​មាំ​ក្នុង​វិស័យ​ព័ត៌មាន​នេះ ក្រោយ​បញ្ចប់​ការសិក្សា​ក្នុង​ឆ្នាំ​២០១២​ភ្លាម កញ្ញា អ៊ុង ច័ន្ទ​សោភា បាន​ត្រឡប់មក​បំពេញការងា​រ​ផ្នែក​ផលិតករ​ព័ត៌មាន និង​ពិធី​ការិនី នៅ​ស្ថានីយ៍ទូរទស្សន៍ CTN និង CNC​។ 
 


លោកស្រី​ អ៊ុង ច័ន្ទសោភា​ នាយិការងព័ត៌មានទូរទស្សន៍ CTN និងCNC

​ស្ថិតក្នុង​វ័យ​៣៨​ឆ្នាំ កញ្ញា ច័ន្ទ​សោភា សង្កត់ធ្ងន់ថា ការ​ហែល​ឆ្លង​ការ​លត់​ដំ ការតស៊ូ និង​ការអភិវឌ្ឍ​ខ្លួនឯង គឺជា​មាគ៌ា​នាំ​ឲ្យ​កញ្ញា ប្រែ​ក្លាយខ្លួនជា នាយិកា​រង​ព័ត៌មាន​ទូរទស្សន៍ CNC នៅពេល​បច្ចុប្បន្ននេះ​។ 
 
​ផលិតករ​កម្មវិធី​វេន​អ្នក ឬ YourTurn នៃ​ទូរទស្សន៍ CTN រូបនេះ បាន​រៀបរាប់​ប្រាប់​អ្នកព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា​៖«​ខ្ញុំ​ខំប្រឹង​ធ្វើការ​។ ខ្ញុំ​ខំធ្វើការ​អត់​ចង់​ឲ្យ​ចាញ់​បុរស​ទេ​។ ការអភិវឌ្ឍ​ខ្លួន​យើង​ពី​អ្នកសារព័ត៌មាន​ទៅ​ផ្នែក​ផ្សេងៗ​ទៀត​ដើម្បី​ឲ្យ​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​វិស័យ​ព័ត៌មាន​»​។​
 
២.​លោកស្រី ឱរ លក្ខិណា បច្ចុប្បន្ន​ជា​អគ្គនាយិកា​រង​នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា​(​ទ​ទក​)​។ មុននឹង​អតីត​ពិធី​ការិនី​កម្មវិធី​«​ខ្ញុំ និង​អ្នក​»​រូបនេះ បាន​ក្លាយជា​អគ្គនាយិកា​រង​នៃ​ស្ថានីយទូរទស្សន៍​ទ​ទក លោកស្រី​បាន​ចូល​បម្រើ​ការងារ​ផ្នែក​អាន​ព័ត៌មាន ពិធីការនី​ទូរទស្សន៍​នៅ​ឆ្នាំ​២០០៤​។ រហូតដល់​ឆ្នាំ​២០១៦ លោកស្រី​លក្ខិណា បាន​ក្លាយជា​ប្រធានការិយាល័យ​ក្នុង​នាយកដ្ឋាន​ព័ត៌មាន​ក្នុង និង​ក្រៅប្រទេស​។ 
 


លោកស្រី ឱរ លក្ខិណា​  អគ្គនាយិការងនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា(ទទក) 

​លោកស្រី ឱរ លក្ខិណា មាន​វ័យ​៣៨​ឆ្នាំ​បាន​លើកឡើងថា ស្ត្រី​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ឲ្យ​វិស័យ​ព័ត៌មាន​មាន​ភាព​រីកចម្រើន​។ លោកស្រី​លក្ខិណា មើលឃើញថា​បច្ចុប្បន្ន​មាន​ស្ត្រី​ដែលជា​អ្នកសារព័ត៌មាន​ជាច្រើន​បាន​ចូលរួម​ផ្តល់ព័ត៌មាន​ដែល​ប្រកបដោយ​ភាពរឹងមាំ ក្លា​ហ៊ាន តស៊ូ និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​។​
 
«​បច្ចុប្បន្ន ស្ត្រី​យើង​ចូលរួម​ច្រើនណាស់​ក្នុង​វិស័យ​ព័ត៌មាន​ហ្នឹង គាត់​ស្រឡាញ់​អាជីព​ហ្នឹង​។ ពួកគាត់​ធ្វើការ​ងារ​មិន​ចាញ់​នឹង​បុរស​នោះទេ គាត់​មានការ​អត់ធ្មត់ ទទួលខុសត្រូវ គាត់​ធ្វើការ​ដោយ​អត់​ខ្លាច​លំបាក ដោយ​គាត់​ត្រូវ​ងើប​ពី​ព្រលឹម​ទៅធ្វើ​ការ ឬ​ងើប​ពី​យប់​ទៅ​ខេត្ត​។ ស្ត្រី​យើង​អាចធ្វើ​បាន​ដូចជា​បុរស​ធ្វើ​អ៊ីចឹង​»​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី លក្ខិណា​។ 
 
 
៣.​កញ្ញា ពៅ រក្សា ពិធី​ការី​នី​ទូរទស្សន៍​BTV បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​សេដ្ឋកិច្ច​កសិកម្ម និង​ការអភិវឌ្ឍ​ជនបទ​នៅ​ឆ្នាំ​២០១១​។ ទន្ទឹមនឹង​កញ្ញា​ជា​និស្សិត​ឆ្នាំ​ទី​៣ កញ្ញា ពៅ រក្សា បាន​ប្រឡូក​ចូល​បម្រើ​ការងារ​ផ្នែក​សារព័ត៌​មាននៅ​ទូរទស្សន៍​BTV រហូតដល់​បច្ចុប្បន្ន​។ 
 
«​ទោះបីជា​យើង​មិនបាន​រៀន​នៅ​ផ្នែក​ព័ត៌មាន​ក៏ដោយ ប៉ុន្តែ​យើង​ស្រឡាញ់​វា យើង​តាំងចិត្ត​ថា​ធ្វើ​វា​ឲ្យ​បាន និង​ជម្នះ​ធ្វើ​វា​ឲ្យ​បាន​។ ខ្ញុំ​ចង់​នាំសារ និង​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​។ អ៊ីចឹង​បាន​ខ្ញុំ​ជម្នះ​ធ្វើ​វា​ឲ្យ​បាន​តាមរយៈ​ការ​ស្វះស្វែង​រៀន​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា រក្សា ការី​និពន្ធ​នៃ​ទូរទស្សន៍​BTV​។ 
 


កញ្ញា ពៅ​ រក្សា ពិធីការិនីព័ត៌មាននៅស្ថានីយទូរទស្សន៍BTV 

​កញ្ញា ពៅ រក្សា ដែល​បម្រើការ​ផ្នែក​សារព័ត៌មាន​អស់​រយៈពេល​១១​ឆ្នាំ បាន​បញ្ជាក់ថា តាមរយៈ​ការ​ប្រឡូក​ចូល​វិស័យ​ព័ត៌មាន​បានធ្វើ​ឲ្យ​កញ្ញា​ទទួល​ចំណេះដឹង​ផ្នែក​គ្រប់​វិស័យ​។ កញ្ញា រក្សា​រៀបរាប់​ដូច្នេះ​ថា​៖«​ការងារ​ផ្តល់ព័ត៌មាន​នេះ ធ្វើ​ឲ្យ​ខ្ញុំ​យល់ដឹង​ច្រើន​មែនទែន គឺ​ដឹង​គ្រប់​វិស័យ និង​មានចំណេះដឹង​ទូលំទូលាយ​បន្ថែមទៀត​តាមរយៈ​ការងារ​នេះ​»​។​
 
 
៤. កញ្ញា យ៉ាន លី​ណា បច្ចុប្បន្ន​ជា​អគ្គនាយិកា​ស្ថានីយ​វិទ្យុ​វាយោ​។ ដើមឡើយ​កញ្ញា លី​ណា បាន​ចូល​បម្រើ​ការងារ​ផ្នែក​ពិធី​ការិនី​វិទ្យុ​នៅ​ស្ថានីយ​វិទ្យុ​មួយកន្លែង​នៅ​ខេត្តសៀមរាប​ក្នុង​ឆ្នាំ​២០០៦​។ រហូតដល់​ឆ្នាំ​២០០៩ កញ្ញា លី​ណា បាន​ផ្លាស់​មក​បម្រើ​ការងារក្នុងតួនាទីជាអគ្គនាយិការ និងជានិពន្ធនាយកវិទ្យុ​នៅ​វិទ្យុ​វាយោ​។ 
 


កញ្ញា យ៉ាន លីណា អគ្គនាយិកាស្ថានីយវិទ្យុវាយោ 

​កញ្ញា លី​ណា ជា​ពិធី​ការិនី​វិទ្យុ​ដែលមាន​សមត្ថភាព​បញ្ចេញ​សំឡេង​ពីរោះ​ដែល​អំណោយផល​ពី​កំណើត បាន​បញ្ជាក់ថា បច្ចុប្បន្ន​អ្នកសារព័ត៌មាន​ជា​ស្ត្រី​ត្រូវបាន​គេ​ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ជាង​មុន​។​
 
​ប្រធាន​ស្ថានីយ​វិទ្យុ​វាយោ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​និយាយ​ដូច្នេះ​ថា​៖«​អ្នកសារព័ត៌មាន ភេទ​ជានា​រី​មិនមែនជា​រនាំង​សម្រាប់​ពួកគាត់​ឡើយ​។ មិន​ត្រឹមតែ​មិនមែនជា​រនាំង ពេលខ្លះ​ភេទ​ជានា​រី បែរជា​ជួយ​សម្រួល​ដល់​ការបំពេញភារកិច្ច​រប​ស់​យើង​ថែមទៀត​។ សំខាន់​ស្ថិតនៅលើ​ខ្លួន បើ​យើង​ជឿជាក់ និង​ស្រឡាញ់​អាជីព​នេះ យើង​ច្បាស់​ជា​អាច​ធ្វើបាន​»​។​
 
 
៥.​កញ្ញា អ៊ឹម រចនា ជា​និពន្ធ​នាយករង​នៃ​វិទ្យុ​បារាំង​ជា​ខេមរភាសា​(RFI)​។ កញ្ញា រចនា បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ច្បាប់​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៣​។ ក្រោយ​រៀន​ចប់​ភ្លាម កញ្ញា​ដែលមាន​រាង​ល្អិត​រូបនេះ​បាន​ចូល​បំពេញការងារ​អ្នកសារព័ត៌មាន​នៅ​វិទ្យុ​បារាំង​RFI​។ 
 


កញ្ញា អ៊ឹម​ រចនា និពន្ធនាយករងនៃវិទ្យុបារាំងជាខេមរភាសា(RFI)
 
​ធ្លាប់ជា​អតីត​សិស្ស​ពូកែ​ភាសា​ខ្មែរ​នៅ​ទូទាំងប្រទេស កញ្ញា អ៊ឹម រចនា ស្ថិតក្នុង​វ័យ​២៨​រូបនេះ បាន​មើលឃើញថា បច្ចុប្បន្ន​កម្ពុជា​មានកំ​ណើ​ន​នៃ​ស្ត្រី​ជា​អ្នកសារព័ត៌មាន​កាន់តែ​ច្រើនឡើង​។ ប៉ុន្តែ​ស្ត្រី​មិនទាន់​មានឱកាស​ក្លាយជា​ថ្នាក់ដឹកនាំ​ក្នុង​វិស័យ​ព័ត៌មាន​នៅឡើយ​ទេ​។ 
 
«​វា​ជា​ល្អ​ដែលមាន​អ្នកកាសែត​ស្រី​ច្រើនជាង​មុន ប៉ុន្តែ​ច្រើនជាង​មុន ក៏​មិន​ច្រើន​អី​ណាស់ណា​ដែរ​។ អ្វីដែល​ខ្ញុំ​បារម្ភ ការចូល​ប្រឡូក​ក្នុង​សារព័ត៌មាន​របស់​ស្ត្រី​ជា​រឿង​ល្អ ប៉ុន្តែ​បើជា​រឿង​ល្អ​ជាង​ហ្នឹង យើង​គួរតែ​ងាក​មក​ចាប់អារម្មណ៍​ស្ត្រី​អ្នកសារព័ត៌មាន​ដែល​គាត់​មាន​តួនាទី​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​។ ទៅ​ថ្ងៃមុន​ខ្ញុំ​ចង់ឃើញ​ស្ត្រី​អ្នកសារព័ត៌មាន​ស្ថិតនៅក្នុង​ជួរ​ថ្នាក់ដឹកនាំ​កាន់តែច្រើន​ដែល​អាច​ធ្វើបាន​»៕

Tag:
 ព័ត៌មាន​
 ​ស្ត្រី​
 ​ជំងឺ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com