ជាតិ
មន្ទីរពេទ្យកុមារអង្គរ៖ ជំងឺកង្វះអាហារូបត្ថម្ភនៅតាមសហគមន៍កើនឡើង រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
× សៀមរាប៖ ឥទ្ធិពលនៃវិបត្តិជំងឺកូវីដ-១៩ មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ វាក៏បង្កឱ្យកើនឡើងនៃជំងឺកង្វះអាហារូបត្ថម្ភលើកុមារផងដែរ ពិសេសកុមារក្រីក្រនៅតាមសហគមន៍ នាខេត្តសៀមរាប។ យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងឆ្នាំ២០២០កន្លងទៅ កុមារដែលមានជំងឺកង្វះអាហារូបត្ថម្ភ មានការកើនឡើង។
យោងតាមរបាយការណ៍របស់មន្ទីរពេទ្យកុមារអង្គរ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២០កន្លងទៅ អត្រាកុមារកើតជំងឺកង្វះអាហារូបត្ថម្ភ កើនឡើងជិត៤០ភាគរយ ធៀបនឹងឆ្នាំ២០១៩។ របាយការណ៍ដដែលបង្ហាញថា ក្នុងឆ្នាំ២០២០ នៃប្រតិបត្តិការក្រុមការងារសហគមន៍ មន្ទីរពេទ្យកុមារអង្គរ បានផ្តល់សេវាអប់រំសុខភាពបង្ការដល់អ្នកភូមិជាង ១៨ម៉ឺននាក់ និងរកពិនិត្យឃើញកុមារជាង៤ពាន់នាក់ មានជំងឺកង្វះអាហារូបត្ថម្ភ។
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
«អាណាព្យាបាលចំនួន ៦០ភាគរយ ដែលមានកូនខ្វះអាហារូបត្ថម្ភ បានកាត់បន្ថយការចំណាយលើអាហារ ដោយសារតែបាត់បង់ប្រាក់ចំណូលប្រចាំថ្ងៃ»។ នេះបើតាមខ្លឹមសារក្នុងរបាយការណ៍ របស់មន្ទីរពេទ្យកុមារអង្គរ ដោយដកស្រង់ចេញពឯកសារ The Socioeconomic Impacts of Covid-19 in Cambodia។
លោក ងួន ច័ន្ទភក្ដ្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ លើកឡើងថា វិបត្តិជំងឺកូវីដ១៩ គឺរលកមួយដែលត្រូវការការយកចិត្តទុកដាក់។ លោកបន្ថែមថា សុខភាពកុមារមានសារសំខាន់ណាស់ ហើយវាជាកាតព្វកិច្ចរបស់ពលរដ្ឋទាំងអស់គ្នា ក្នុងការចូលរួមកាត់បន្ថយផលប៉ះពាល់ ពិសេសកុមារដែលងាយរងគ្រោះនៅតាមតំបន់ក្រីក្រ។
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
បើទោះបីជាមានការកើនឡើងនូវជំងឺកង្វះអាហារូបត្ថម្ភ តែក្នុងកាលៈទេសៈនៃជំងឺកូវីដ-១៩នេះមែន តែជំងឺមួយចំនួនក៏បានថយចុះទៅវិញ ដូចជាជំងឺរាករូស ប៉ារ៉ាស៊ីត ជំងឺផ្លូវដង្ហើមជាដើម ដោយសារ ពលរដ្ឋមានការផ្លាស់ប្ដូរទម្លាប់រស់នៅតាមបែបគន្លងថ្មី។ លោក ភឿក អមរា អនុប្រធានការិយាល័យសុខភាពសហគមន៍ នៃមន្ទីរពេទ្យកុមារអង្គរបានឱ្យដឹងថា ការផ្លាស់ប្ដូរឥរិយាបថរស់នៅរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងអនាម័យ ដូចជាឧស្សាហ៍លាងដៃ និងការសម្អាតលំនៅដ្ឋានជាដើម ជាមូលហេតុសំខាន់។
គួរបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យប្រតិបត្តិការមួយចំនួនធំរបស់មន្ទីរពេទ្យកុមារអង្គរត្រូវបានអាកខាន ឬពន្យារពេល ក្នុងនោះមានកម្មវិធីតាមសហគមន៍ជាដើម។ ក្នុងឆ្នាំ២០២១នេះ កម្មវិធីនេះត្រូវបានដាក់ឱ្យដំណើរការឡើងវិញ៕
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
រូបភាព៖ មន្ទីរពេទ្យកុមារអង្គរ
Tag:
ជំងឺកង្វះអាហារូបត្ថម្ភ
សុខភាពកុមារ
© រក្សាសិទ្ធិដោយ thmeythmey.com