ជាតិ
សង្គមជាតិ
មនុស្ស​ចាស់​នៅ​ភ្នំពេញ កណ្តាល និង​ព្រះសីហនុ អាច​ចាក់​វ៉ាក់សាំង AstraZeneca នៅ​ថ្ងៃ​១០ មីនា​
07, Mar 2021 , 11:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានប្រកាស​យុទ្ធនាកា​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​AstraZeneca របស់​អង់គ្លេស លើ​មន្ត្រី និង​ពលរដ្ឋ ដែលមាន​អាយុ​លើស​៦០​ឆ្នាំ​ចាប់ពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២១​។ ជា​ជំហាន​ដំបូង ក្រសួងសុខាភិបាល​ផ្តល់​អទិភាព​លើ​ពលរដ្ឋ​ដែល​រស់នៅ​រាជធានី​ភ្នំពេញ កណ្តាល និង​ព្រះសីហនុ​សិន​។

 
​ក្រសួងសុខាភិបាល​បានកំណត់​ទីតាំង​ទាំង​៣​ខេត្ត​សម្រាប់​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​របស់​អង់គ្លេស ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា នៅ​រាជធានី​ភ្នំពេញ ។ សម្រាប់​ទីតាំង​ចាក់​វ៉ាក់សាំង​នេះ មាននៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ មន្ទីរពេទ្យ​ព្រះអង្គ​ឌួង មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ មន្ទីរពេទ្យបង្អែក​ព្រែក​ព្នៅ មន្ទីរពេទ្យបង្អែក​ច្បារអំពៅ មន្ទីរពេទ្យបង្អែក​ដង្កោ មន្ទីរពេទ្យបង្អែក​មិត្តភាព​កម្ពុជា​-​ចិន​សែន​សុខ មន្ទីរពេទ្យបង្អែក​ចតុ​មុខ មន្ទីរពេទ្យបង្អែក​សម្តេច​ឪ សម្តេចម៉ែ និង​មន្ទីរពេទ្យបង្អែក​ពោធិ៍ចិនតុង​។ 
 
​សម្រាប់​នៅ​ខេត្តកណ្តាល មាន​មន្ទីរពេទ្យ​ជ័យជំនះ មន្ទីរពេទ្យបង្អែក​ខ្សាច់កណ្តាល មន្ទីរពេទ្យបង្អែក​ស្អាង មន្ទីរពេទ្យបង្អែក​ពញា​ឮ មន្ទីរពេទ្យបង្អែក​លើក​ដែក មន្ទីរពេទ្យបង្អែក​កោះធំ មន្ទីរពេទ្យបង្អែក​ប៊ុនរ៉ានីរ​កោ​កោង មន្ទីរពេទ្យបង្អែក​អង្គស្នួល មន្ទីរពេទ្យបង្អែក​កៀនស្វាយ មន្ទីរពេទ្យបង្អែក​ល្វាឯម និង​មន្ទីរពេទ្យបង្អែក​កណ្តាល​ស្ទឹង​។ ចំណែក​នៅ​ខេត្ត​ព្រះសីហនុ គឺមាន​តែ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​ក្រសួងសុខាភិបាល​។​
 
​ដើម្បី​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ប្រភេទ​AstraZeneca ទៅតាម​មន្ទីរពេទ្យបង្អែក​នីមួយៗ​ពលរដ្ឋ​ត្រូវ​ទៅធ្វើ​លិខិតអញ្ជើញ​ពី​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ និង​សង្កាត់ រួច​ភ្ជាប់​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​នីមួយៗ​ជាមួយនឹង​អត្តសញ្ញាណ​បណ្ណ សំបុត្រ​អត្រានុកូលដ្ឋាន និង​លិខិតឆ្លងដែន​ជាដើម​។ 
 
​វ៉ាក់សាំង​ប្រភេទ​ស៊ី Sinopharm ត្រូវបាន​កំណត់​ឲ្យ​ចាក់​លើ​ក្រុមមនុស្ស​ដែលមាន​អាយុ​ចាប់ពី​១៨​ដល់​៥៩​ឆ្នាំ រីឯ​ពលរដ្ឋ​ដែលមាន​អាយុ​៦០​ឆ្នាំ​ឡើងទៅ​គឺ​ចាក់​វ៉ាក់សាំង​អង់គ្លេស​ប្រភេទ AstraZeneca​ដែល​ផលិត​នៅ​ប្រភេទ​ឥណ្ឌា​។​
 
​គិត​ត្រឹម​ថ្ងៃទី​៧ ខែមីនា​នេះ កម្ពុ​ជាមាន​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​កើន​ដល់​ជាង​១៦​ម៉ឺន​នាក់​ហើយ ដោយ​ក្នុងនោះ​ស្រី​ជាង​២​ម៉ឺន​នាក់​ហើយ​។ 
 
​បច្ចុប្បន្ន​នៅ​កម្ពុជា​ទាំងមូល មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ចំនួន​៩៨៧​នាក់ ក្នុងនោះ​ជាសះស្បើយ​ចំនួន​៥១០​នាក់​។ រីឯ​អ្នកជំងឺ​ក្នុង​សហគមន៍​២០​កុម្ភៈ ឡើងដល់​៤៧៧​នាក់​ហើយ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​១៩​នាក់​៕

Tag:
 ​កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com