ជាតិ
សង្គមជាតិ
រដ្ឋបាលខេត្តសៀមរាបពិចារណាផាកពិន័យដល់ពលរដ្ឋដែលលួចតបណ្ដាញលូដោយមិនបានសុំច្បាប់ រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
× សៀមរាប៖ ការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបកំពុងមមាញឹក ហើយរហូតមកដល់ពេលនេះ បណ្ដាញលូជាច្រើនបានរៀបចំ ដាក់តាមបណ្ដោយផ្លូវទាំងនោះ ដែលជាបណ្ដាញលូទឹកកខ្វក់ និងទឹកភ្លៀងដែលមានគុណភាពខ្ពស់។ រដ្ឋបាលខេត្តសៀមរាប បានសង្កេតឃើញថា មានការលួចតបណ្ដាញលូទឹកកខ្វក់តាមផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួន ដោយមិនបានសុំច្បាប់ ដែលបណ្ដាលឱ្យបណ្ដាញលូទាំងនោះ ខូចគុណភាព។
«បច្ចុប្បន្នក្រុមស្ថាបនា កំពុងរៀបចំបណ្ដាញលូបង្ហូរទឹកភ្លៀង ទឹកកខ្វក់ តែជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋមួយចំនួនតូច បានចាប់ផ្តើមភ្ជាប់បណ្ដាញបង្ហូរទឹកចេញពីលំនៅដ្ឋាន ឬអាជីវកម្មដ្ឋានរបស់ខ្លួន ដោយមិនបានដាក់ពាក្យស្នើសុំភ្ជាប់បណ្ដាញបង្ហូរទឹកកខ្វក់ និងធ្វើការភ្ជាប់ដោយខ្លួនឯងខុសលក្ខណៈបច្ចេកទេស រហូតដល់ខូចបណ្ដាញលូថែមទៀតផង»។ នេះបើខ្លឹមសារដែលផ្សាយក្នុងផេកផ្លូវការរបស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៦ មីនា។
យោងតាមការផ្សព្វផ្សាយខាងលើ ដើម្បីបញ្ជៀសបញ្ហានេះបន្តទៀត ពិសេសជៀសវាងការខូចខាតថវិកាដែលរៀបចំខុសបច្ចេកទេស និងការខូចខាតដល់បណ្ដាញលូ រដ្ឋបាលខេត្តសៀមរាបបានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរង់ចាំក្រុមបច្ចេកទេស អាជ្ញាធរមូលដ្ឋាន ឬមន្ទីរជំនាញ ដើម្បីប្រាប់ពីនីតិវិធីសម្រាប់ការតភ្ជាប់នោះ។ ការធ្វើដូច្នេះ ដើម្បីជៀសវាងការរងពិន័យជាសំណងការខូចខាតផងដែរ។
រូបភាព៖ រដ្ឋបាលខេត្តសៀមរាប
យ៉ាងណា លោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានថ្មីៗថា គណៈកម្មការអន្ដរក្រសួងនឹងរៀបចំប្រជុំនៅថ្ងៃ៨ មីនា ដើម្បីពិនិត្យមើលនីតិវិធីផាកពិន័យដល់ប្រជាពលរដ្ឋខាងលើ ឬពលរដ្ឋឯទៀតដែលធ្វើខុសពីគោលការណ៍ណែនាំរបស់អាជ្ញាធរខាង។ រីឯការលួចតបណ្ដាញលូខុសបច្ចេកទេសខាងលើ ដ្បិតមានប្រមាណ២គ្រួសារ តែអាជ្ញាធរបារម្ភថា អាចមានប្រជាពលរដ្ឋបន្ថែមទៀតនឹងលួចតបណ្ដាញលូដោយគ្មានច្បាប់អនុញ្ញាត ដែលអាចប៉ះពាល់ដល់គុណភាពបណ្ដាញលូទាំងនោះ។ នេះជាការបញ្ជាក់របស់លោក សុខ ថុល៕
Tag:
បណ្ដាញលូ
ផ្លូវ៣៨ខ្សែ
© រក្សាសិទ្ធិដោយ thmeythmey.com