កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ជ័យជម្នះ​បើកឆាក​សម្រាប់​ភ្នំពេញ​ក្រោ​ន គិរីវង់ ណាហ្គា និង​អគ្គិសនី​កម្ពុជា​
08, Mar 2021 , 10:59 am        
រូបភាព
ប្រភពរូបថត៖ ហ្វេសប៊ុកក្លិបភ្នំពេញក្រោន, ណាហ្គាវើលដ៍, អគ្គិសនីកម្ពុជា និង CNCC
ប្រភពរូបថត៖ ហ្វេសប៊ុកក្លិបភ្នំពេញក្រោន, ណាហ្គាវើលដ៍, អគ្គិសនីកម្ពុជា និង CNCC
ដោយ: រួបរួម
​ការប្រកួត​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២១ បាន​ដំណើរការ​សប្តាហ៍​ដំបូង​របស់ខ្លួន កាលពី​ចុង​សប្តាហ៍​កន្លងមក ដោយ​ភ្នំពេញ​ក្រោ​ន គិរីវង់​សុខ​សែន​ជ័យ ណាហ្គា​វើ​លដ៍ និង​អគ្គិសនី​កម្ពុជា សុទ្ធតែ​ទទួលបាន​៣​ពិន្ទុ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង ត្រូវ​រង់ចាំ​នៅ​សប្តាហ៍​បន្ទាប់​។​

 
​នៅ​កីឡដ្ឋាន​អេស ស យូ ក្រុម​ភ្ញៀវ ភ្នំពេញ​ក្រោ​ន បាន​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ៧-១​។ សម្រាប់​ភ្នំពេញ​ក្រោ​ន ប្រធាន​ក្រុម អ៊​ន ចាន់​ប៉ូ​លីន​, ខ្សែបម្រើ​កូ​ឡុំ​ប៊ី Rafael Andres Nieto Rondon និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Matheus Souza Silva រកបាន​ម្នាក់​២​គ្រាប់ និង​ប្រាក់ ធី​វ៉ា រកបាន​១​គ្រាប់ ខណៈ រ័ត្ន សំណាង សម្រេច​បានតែ​១​គ្រាប់​សម្រាប់​ម្ចាស់ផ្ទះ​។​
 

 
​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា បាន​យកឈ្នះ​នគរបាលជាតិ ៣-២​។ គ្រាប់​បាល់​របស់​អគ្គិសនី​សម្រេចបាន​ដោយ ផា​ច សុជា​វីឡា​, ឃុន សេង​ថៃ និង​យ៉ាន់ សុខា ខណៈ ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Ngwa Daldwin Afanwi និង​ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysem Shane រកបាន​ម្នាក់​១​គ្រាប់​ឲ្យ​នគរបាលជាតិ​។​
 

 
​ការប្រកួត​១​ទៀត​នៅ​ថ្ងៃ​សៅរ៍​ដូចគ្នា ខេត្តព្រៃវែង ចាប់ផ្តើម​ការប្រកួត​ដំបូង​របស់ខ្លួន​នៅ​ក្របខណ្ឌ​កំពូល​នា​កីឡដ្ឋាន​ខេត្តព្រៃវែង​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Eliel Da Cruz Guadiano បាន​ស៊ុត​បាល់​បញ្ចូល​ទី​នៅ​តង់​ទី​១​នាំមុខ​សម្រាប់​ក្រុម​ភ្ញៀវ អង្គ​រថា​យ​ហ្គឺ​រ ប៉ុន្តែ វុ​ធ តុលា វាយបក​តាម​ស្មើ​វិញ​សម្រាប់​ម្ចាស់ផ្ទះ​នៅ​តង់​ទី​ពីរ​។​
 

 
​ឈានដល់​ថ្ងៃអាទិត្យ ក្រុម​ម្ចាស់​ការពារ​តំណែង​ជើងឯក បឹង​កេង អេ​ហ្វ​ស៊ី បាន​រង​ការខកចិត្ត​នា​ជំនួប​បើកឆាក​នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វេ​របស់ខ្លួន ដោយ​ចាញ់​ណាហ្គា​វើ​លដ៍ ១-០​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់​ខ្សែបម្រើ សុះ ស៊ូ​ហា​ណា នា​រយៈពេល​៨​នាទី​ដំបូង​សម្រាប់​ណាហ្គា ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​
 


​នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ​ឯណោះ​វិញ ក្រុម​ម្ចាស់ផ្ទះ បាន​យកឈ្នះ អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត ៤-២​។ ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Douglas Rosa Tardin រកបាន​២​គ្រាប់ ដាវ នី​ម និង​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Osmar Francisco Jesuino បន្ថែម​បាន​ម្នាក់​១​គ្រាប់​សម្រាប់​គិរីវង់ រីឯ​ព្រីង ចិ​ត្រា រកបាន​ទាំង​២​គ្រាប់​សម្រាប់​អាស៊ី​អឺរ៉ុប​។​
 

 
​សម្រាប់​ជំនួប​នៅ​កីឡដ្ឋាន​ព្រី​នស៍ ការប្រកួត​បានបញ្ចប់​ក្នុង​លទ្ធផល​ដែល​គ្មាន​ការ​ស៊ុត​បាល់​បញ្ចូល​ទី​រវាង​ម្ចាស់ផ្ទះ​វិសាខា និង​កងយោធពល​ខេមរភូមិន្ទ ដែល​នាំ​ឲ្យ​ក្រុម​ទាំងពីរ​ចែករំលែក​គ្នា​ម្នាក់​១​ពិន្ទុ​៕
 


ប្រភពរូបថតទាំងអស់៖ គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ (CNCC)

Tag:
 MCL2021
© រក្សាសិទ្ធិដោយ thmeythmey.com