ជាតិ
វីដេអូ
កញ្ញា ប៉ែន វនាត៖ «ឈប់គិតថាមុខវិជ្ជាបច្ចេកវិទ្យាសម្រាប់មនុស្សប្រុស ឬមនុស្សស្រី»
08, Mar 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ ជាអ្នកតំណាង Technovation ប្រចាំកម្ពុជា កញ្ញា ប៉ែន វនាត ឲ្យតម្លៃខ្លាំងលើវិស័យបច្ចេកវិទ្យា។ កញ្ញា វនាត លើកទឹកចិត្តដល់ក្មេងស្រី ឬកុមារី ឲ្យមានភាពក្លាហាន និងឈប់គិតថាមុខវិជ្ជាបច្ចេកវិទ្យាសម្រាប់មនុស្សប្រុស ឬមនុស្សស្រី។

 
 Technovation ជាកម្មវិធីពិភពលោកមួយ ដែលផ្តោតលើការបណ្ដុះបណ្ដាលក្មេងស្រីដែលមានអាយុចាប់ពី១០-១៨ឆ្នាំ ទៅលើជំនាញសរសេរកូដ បង្កើតកម្មវិធីទូរសព្ទ និងសហគ្រិនភាព។ កញ្ញា ប៉ែន វនាត ជាអ្នកតំណាង Technovation ប្រចាំកម្ពុជា លើកឡើងថា៖ «កម្មវិធី Technovation ផ្ដល់ឱកាសជាច្រើនដល់ក្មេងស្រី និងផ្លាស់ប្ដូរការគិតថា មុខវិជ្ជា STEM ឬការសរសេរកូដ ជាមុខវិជ្ជាសម្រាប់មនុស្សប្រុស។  ម៉្យាងទៀត ជាមូលដ្ឋានគ្រឹះ ក្នុងការចាប់យកឱកាសក្លាយជាអ្នកជំនាញសរសេរកូដ។ លើសពីនេះ បានផ្ដល់ចំណេះដឹងពីសហគ្រិនភាពដល់ក្មេងស្រី ឬកុមារី»។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងអ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយកញ្ញា ប៉ែន វនាត អ្នកតំណាង Technovation ប្រចាំកម្ពុជា ដូចតទៅ៖ 
 
តាមរយៈការងារជាអ្នកស្ម័គ្រចិត្តក្នុងកម្មវិធី Technovation កញ្ញា វនាត មានឱកាសក្លាយជាអ្នកតំណាងកម្មវិធី Technovation ប្រចាំកម្ពុជា។ ជាមួយគ្នានេះ កាលពីចុងឆ្នាំ២០២០ កញ្ញា ប៉ែន វនាត បានជាប់ពានរង្វាន់ស្រ្តី ដែលបានចូលរួមជំរុញការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ការអភិវឌ្ឍសង្គម។ 
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មាន Thmey Thmey 25  កញ្ញា វនាត បញ្ជាក់ថា Technovation បានចូលរួមចំណែកជាច្រើននៅក្នុងវិស័យបច្ចេកវិទ្យា តាមរយៈការអប់រំ និងលើកកម្ពស់ដល់ក្មេងស្រីដែលស្រឡាញ់វិស័យបច្ចេកវិទ្យា ក្នុងការចាប់ជំនាញមួយនេះ។ យុវតីវ័យ២៧ឆ្នាំរូបនេះ បន្តថា នាពេលមុខ ក្រុមការងារ Technovation នឹងនាំយកកម្មវិធីនេះទៅគ្រប់បណ្ដាខេត្តនានា ខណៈបច្ចុប្បន្នមានត្រឹម៤រាជធានី-ខេត្តតែប៉ុណ្ណោះ។ 
 
បើតាមកញ្ញា ប៉ែន វនាត កម្មវិធី Technovation ដែលមានជាភាសាអង់គ្លេស នឹងត្រូវបានបកប្រែជាភាសាខ្មែរ ដើម្បីផ្ដល់ភាពងាយស្រួលដល់កុមារីកម្ពុជា មានឱកាសរៀនសរសេរកូដ និងសហគ្រិនភាព។ យុវតី វនាត នឹងព្យាយាមធ្វើឲ្យកម្មវិធីនេះ មានភាពសាមញ្ញ ងាយស្រួល ដើម្បីបញ្ចូលក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ។  


 
 អ្នកតំណាង Technovation ប្រចាំកម្ពុជារូបនេះ ជំរុញឲ្យក្មេងស្រី និងកុមារីដែលស្រឡាញ់មុខវិជ្ជាបច្ចេកវិទ្យា ត្រូវចាប់យកឱកាសនេះឲ្យបាន និងឈប់គិតថាមុខវិជ្ជាបច្ចេកវិទ្យាសម្រាប់មនុស្សប្រុស ឬមនុស្សស្រី។ សូមបញ្ជាក់ថា Technovation Cambodia ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៤ ក្រោមជំនួយរបស់ទីភ្នាក់ងារជំនួយអាមេរិក USAID។ ជារៀងរាល់ឆ្នាំ កម្មវិធី Technovation Cambodia ជ្រើសរើសក្មេងស្រីមានអាយុចាប់ពី១០-១៨ ឆ្នាំ ឲ្យចូលរួមវគ្គបណ្ដុះបណ្ដាលរបស់ខ្លួនដោយឥតគិតថ្លៃ៕  
 






 

Tag:
 សិទ្ធិនារី
  បច្ចេកវិទ្យា
  Technovation
© រក្សាសិទ្ធិដោយ thmeythmey.com