អន្តរជាតិ
មេដឹកនាំបាតុកម្មថៃចំនួន១៨រូប ត្រូវចោទប្រកាន់ ក្រោយធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល
09, Mar 2021 , 3:09 pm        
រូបភាព
សកម្មជនថៃដើរចូលការិយាល័យរាជអាជ្ញា។ រូបថត AFP
សកម្មជនថៃដើរចូលការិយាល័យរាជអាជ្ញា។ រូបថត AFP
ដោយ:
មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃចំនួន១៨រូប ត្រូវបានចោទប្រកាន់ដោយតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃទី៨ ខែមីនា ចំពោះការប្រព្រឹត្តបទល្មើសចំនួន១១ ដែលធ្វើឡើងក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលនៅសាកលវិទ្យាល័យ Thammasat និងទីលាន Sanam Luang កាលពីថ្ងៃទី១៩ និង២០ ខែកញ្ញាឆ្នាំ២០២០។


បទល្មើសដែលត្រូវបានចោទប្រកាន់ទៅលើមេដឹកនាំបាតុកម្មទាំង១៨ រួមមានការញុះញង់បណ្តាលឱ្យមានអស្ថិរភាព ការបំផ្លាញទីតាំងប្រវត្តិសាស្ត្រ បំផ្លាញទ្រព្យសម្បត្តិសាធារណៈ ការជួបជុំខុសច្បាប់ ការបំពានក្រឹត្យប្រកាសអាសន្ន និងការប៉ះពាល់ដល់សណ្តាប់ធ្នាប់ចរាចរណ៍ជាដើម។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៀតនោះ មេដឹកនាំ៣រូបរងបទចោទថែមទៀតពីការប្រមាថអង្គមហាក្សត្រ ។
 
មេដឹកនាំបាតុករបីនាក់ដែលត្រូវចោទបន្ថែមទាក់ទងការប្រមាថស្ដេច ត្រូវបានតុលាការបដិសេធការសុំនៅក្រៅឃុំ។ បើសិនជាតុលាការរកឃើញថាមេដឹកនាំទាំង៣នេះ ពិតជាប្រមាថព្រះមហាក្សត្រមែននោះ ពួកគេអាចនឹងត្រូវជាប់ពន្ធាគាររហូតដល់ទៅ១៥ឆ្នាំ។ កាលពីថ្ងៃទី៧ ខែមករា បាតុករមួយរូបត្រូវបានតុលាការចេញដីការចាប់ខ្លួនបន្ទាប់ពីបានដុតព្រះឆាយាល័ក្ខមហាក្សត្រផងដែរ។
 
«មានភស្តុតាងគ្រប់គ្រាន់ ដែលបង្ហាញថាជនជាប់ចោទបានប្រព្រឹត្តបទល្មើស»។ នេះជាការលើកឡើងរបស់លោក Chanchai Chalanonniwat អ្នកនាំពាក្យរង នៃការិយាល័យរដ្ឋអាជ្ញារថៃ។ បើតុលាការបដិសេធរាល់ការសុំនៅក្រៅឃុំរបស់មេដឹកនាំបាតុកម្មទាំង១៥រូបផ្សេងទៀតនោះ ពួកគេនឹងត្រូវជាប់ពន្ធនាគាររហូតដល់មានការកាត់ក្តី។
 
លោក Panupong Jadnok ដែលជាមេដឹកនាំបាតុករចាយុវជនម្នាក់និយាយថា លោកមិនជាភ័យព្រួយអ្វីឡើយ ហើយសកម្មភាពដែលលោកបានធ្វើគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ នេះយោងតាមសារព័ត៌មានAl Jazeera។
 
បាតុកម្មដែលធ្វើឡើងដោយយុវជនថៃ ជាបញ្ហាប្រឈមមួយរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា។ ក្រុមបាតុករចោទ លោក ប្រាយុទ្ធ ពីការកែប្រែពីការកែប្រែច្បាប់បោះឆ្នោតឆ្នាំ២០១៩ ដើម្បីបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី ហើយក៏រិះគន់រដ្ឋធម្មនុញ្ញថៃដែលផ្តល់អំណាចច្រើនជ្រុល និងទាមទារឱ្យកាត់បន្ថយអំណាចមួយចំនួន។
 
លើសពីនោះ ក្រុមបាតុករ ទាមទារឲ្យមហាក្សត្របោះបង់ការកាន់កាប់ទ្រព្យសម្បត្តិផ្ទាល់ខ្លួនមួយចំនួន ដែលតាមការប៉ាន់ស្មានមានតម្លៃពី៣០ពាន់លានទៅ៤០ពាន់លានដុល្លារ។ បន្ថែមពីនេះ បាតុករក៏ទាមទារឲ្យព្រះមហាក្សត្រ ឈប់កាន់កាប់អង្គភាពកងទ័ពខ្លះដែរ។ អង្គភាពទ័ពនោះត្រូវបានបាតុករអះអាងថា ធ្លាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់អំពើហិង្សាដើម្បីបំបែកការជួបជុំនយោបាយ ក៏ដូចជាចូលរួមក្នុងការធ្វើរដ្ឋប្រហារជាច្រើនដងផងដែរ។
 
យោងតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស មានបុគ្គលយ៉ាងហោចណាស់ចំនួន៦៣ ត្រូវបានចោទប្រកាន់ចំពោះការប្រព្រឹត្តបទល្មើសប្រមាថព្រះមហាក្សត្ររាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២០មក៕
 
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com