COVID-19
ជាតិ
សម្ដេច ហ៊ុន សែន៖ ករណីអ្នកជំងឺកូវីដ-១៩ ស្លាប់ នឹងត្រូវបូជា ដោយមិនបញ្ចុះសពឡើយ
09, Mar 2021 , 4:03 pm        
រូបភាព
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា បើមានករណីអ្នកជំងឺកូវីដ-១៩ ស្លាប់នោះ នឹងត្រូវយកសពទៅបូជា ដោយមិនបញ្ចុះឡើយ។ សម្ដេចថ្លែងបែបនេះ តាមរយៈសារសំឡេងជាង៧នាទី ដែលបានចែកចាយតាមបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី៩ មីនា។



បើតាមសម្ដេច ហ៊ុន សែន ការបូជាសពអ្នកជំងឺកូវីដ-១៩ នេះ គឺអនុវត្តលើជនជាតិទាំងអស់នៅកម្ពុជា។ ប្រមុរដ្ឋាភិបាល ដែលបានពិភាក្សាយោបល់ជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយដូច្នេះថា៖«(យើង)បានកំណត់យកវិធានការថា អ្នកដែលមានជំងឺកូវីដ (ស្លាប់) គឺត្រូវយកបូជា។ ចំណុចនេះ គេអាចយល់បាន បើទោះបីជា ទំនៀមទម្លាប់ជនជាតិខ្លះ មិនអាច៩យកសព)បូជាក៏ដោយ ។ ប៉ុន្តែករណីពិសេសនៃជំងឺកូវីដ-១៩ នេះ យើងត្រូវតែធ្វើការបូជាជាចំបាច់ ព្រោះយើងមិនមានដី ដើម្បីដាក់កន្លែងនេះសពមួយ កន្លែងនោះសពមួយនោះទេ។ ប្រទេសជាច្រើនបានប្រើប្រាស់ដីធ្លីកប់រហូតដល់២ទៅ៣ជាន់ហើយក៏គ្មានក្រុមគ្រួសារណាទៅចូលរួមនោះបានទេ»។
 
សម្រាប់នាយករដ្ឋមន្ត្រី ហ៊ុន សែន ការបូជាសពអ្នកជំងឺកូវីដ-១៩នេះ គឺជាវិធានការមួយ ដែលងាយស្រួលគ្រប់គ្រងស្ថានភាពជំងឺកាចសាហាវនេះ។ សម្ដេច ហ៊ុន សែន ក៏បានឱ្យអាជ្ញាធររាជធានីភ្នំពេញ រៀបចំកន្លែងបូជាសពអ្នកជំងឺកូវីដ-១៩ មួយកន្លែង ដើម្បីទប់ស្កាត់ផលប៉ះពាល់នៃជំងឺនេះ។ មិនតែប៉ុណ្ណោះសម្ដេច ក៏បញ្ជាឱ្យអាជ្ញាធរខេត្តរៀបចំទីតាំងបូជាសព ដែលមានចម្ងាយឆ្ងាយពីទីតាំងប្រជាពលរដ្ឋរស់នៅផងដែរ។

 
 
«ប្រទេសនានា ពេល(អ្នកជំងឺកូវីដ-១៩) ស្លាប់ គឺក្រុមគ្រួសារមិនបានឃើញមុខទេ គឺគេយកទៅកប់តែម្ដង។ យើងក៏ត្រូវតែកំណត់នូវវិធានការប៉ុន្មានក្រោយពីការស្លាប់ត្រូវយកទៅបូជា។ ព្រោះនេះជាវិធានការសុខាភិបាល ដើម្បីចៀសវាងការឆ្លងរាលដាលទៅអ្នកដទៃទៀត»។ នេះជាការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា ក្រោយបូជាសពអ្នកជំងឺកូវីដ-១៩ហើយ ត្រូវរក្សាទុកធាតុនោះ ប្រគល់ឱ្យគ្រួសាររបស់ពួកគេ ដែលរស់នៅក្រៅប្រទេស និងក្នុងប្រទេស។
 
កាលពីថ្ងៃទី៤ មីនា មានជនជាតិម្នាក់បានស្លាប់ នៅកន្លែងចត្តាឡីស័ក។ ប៉ុន្តែក្រសួងសុខាភិបាល បានអះអាងថា ជនជាតិចិននេះ ស្លាប់ដោយសារតែប្រើប្រាស់គ្រឿងញៀនធ្ងន់ធ្ងរ មិនមែនមកពីជំងឺកូវីដ-១៩ នោះទេ។ ក្រោយធ្វើកោសល្យវិច្ច័យរួច អាជ្ញាធរបានយកសពជនជាតិចិននោះ ទៅបូជាតាមប្រពៃណីខ្មែរ ដើម្បីបង្ការហានិភ័យនៃជំងឺកូវីដ-១៩។
 
គិតត្រឹមថ្ងៃទី៩ មីនា កម្ពុជា មានអ្នកជំងឺកូវីដ-១៩ មានចំនួន១០៦០នាក់ហើយ ដោយក្នុងនោះជាសះស្បើយ៥៣៨នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានការឆ្លងពីព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន៥៤៩នាក់៕
 

Tag:
 ហ៊ុន សែន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com