COVID-19
ជាតិ
សាលារៀន១៩ ក្នុងស្រុកពួក ត្រូវបិទបណ្តោះអាសន្ន ក្រោយស្រ្ដីម្នាក់តេស្ដឃើញកូវីដ-១៩ វិទ្យាល័យចំណេះដឹងទូទៅ និងបច្ចេកទេសពួក ស្ថិតនៅឃុំពួក ស្រុកពួក។ រូបភាព៖ ក្រសួងបរិស្ថាន
× សៀមរាប៖ តាមសំណើរបស់រដ្ឋបាលស្រុកពួក មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានសម្រេចផ្អាកដំណើរការការសិក្សាបណ្ដោះអាសន្ន នៅសាលារៀន១៩ ក្នុងឃុំ៤ ក្រោយស្រ្ដីម្នាក់មានជំងឺកូវីដ១៩។
អភិបាលស្រុកពួក លោក ស៊ិន ចាន់ថុល ឱ្យដឹងថា គិតមកដល់ព្រឹកថ្ងៃទី១០ មីនា ឆ្នាំ២០២១នេះ សាលារៀនសរុបចំនួន១៩ ក្នុងឃុំចំនួន៤ មាន ឃុំខ្នាត ឃុំពួក ឃុំសំរោងយា និង ឃុំកែវពណ៌ បានផ្អាកការសិក្សាជាបណ្ដោះអាសន្ន។ យ៉ាងណា លោកអភិបាលស្រុកបញ្ជាក់ថា អាជ្ញាធរនឹងរៀបចំកែសម្រួល ឬសុំការបើកសាលាឡើងវិញ ប្រសិនបើស្ថានការណ៍ជំងឺកូវីដ-១៩ បានធូរស្រាល ឬអ្នកដែលប៉ះពាល់អ្នកជំងឺទាំងប៉ុន្មាន រកមិនឃើញជំងឺកូវីដ១៩លើកទី២។ លោកថ្លែងថា៖«ក្រៅបងស្រីដែលយកផាសអាប់ទៅដឹកគាត់ គឺស្រ្ដីនោះមិនបានទៅណាទៀតទេ បញ្ហាគឺនៅត្រង់បងស្រីដែលទៅដឹកស្រី្ដដែលឆ្លងនោះ។ ប្រសិនគាត់តេស្ដលើកទី២ អវិជ្ជមាន គឺគ្រប់យ៉ាងគឺត្រូវបញ្ចប់»។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប លោក លី ប៉ុនណា មានប្រសាសន៍ថា៖«ព្រឹកមិញខ្ញុំបានពិគ្រោះគ្នា បើបានជាឈប់ ឈប់មួយថ្ងៃពីរថ្ងៃទៅ ហើយសិក្សាស្រាវជ្រាវទៅ បើសិនជាផលប៉ះពាល់ដោយប្រយោលទេ យើងដំណើរការឡើងវិញទៅ»។ លោកប្រធានមន្ទីរបន្ថែមថា មកដល់ពេលនេះ មន្ទីរពុំទាន់មានគោលការណ៍ណែនាំពីក្រសួងឱ្យបិទសាលារៀនទេ។
ទាក់ទងនឹងការរកឃើញអ្នកជំងឺកូវីដ-១៩ម្នាក់នៅស្រុកពួកនេះដែរ ក៏បង្ខំចិត្តឱ្យសាលាឯកជនក្នុងក្រុងសៀមរាបមួយចំនួន ផ្អាកការសិក្សាមួយរយៈពេលផងដែរ។ សាលាហ្គោគ្លូប៊ល ដែលជាសាលាឯកជនដ៏ធំមួយក្នុងក្រុង ក៏សម្រេចផ្អាកបណ្ដោះអាសន្ន សម្រាប់ថ្នាក់ទារកដ្ឋាន មត្តេយ្យ និងថ្នាក់បឋមសិក្សា តែនៅដំណើរការធម្មតាសម្រាប់ថ្នាក់ធំៗ។ នាយកសាលា លោក ឡុក ឡងឌី ពន្យល់ថា ការផ្អាកថ្នាក់រៀនក្មេងតូចៗអាយុក្រោម៦ឆ្នាំនេះ ដោយសារមានការសំណូមពរពីអាណាព្យាបាលផង និងដោយសារការបារម្ភពីខាងសាលាផ្ទាល់ផង។
លោក លើកឡើងថា៖«តាមពិត សាលាយើងមិនបានបិទទេ យើងមានក្មេងៗអាយុក្រោម៦ឆ្នាំច្រើន តួលេខប្រមាណ៤០០នាក់ ពិបាកគ្រប់គ្រង ហើយក៏មានសំណូមពរពីអាណាព្យាបាលច្រើន គាត់បារម្ភ គាត់សុំច្បាប់ច្រើន...យើងក៏មានកូនសិស្សមួយចំនួនពីស្រុកពួកប្រមាណ២០នាក់ ល្មមអាចសាយភាយ គ្រូមួយចំនួនក៏នៅពួកដែរ បារម្ភទាំងអស់គ្នា ទើបយើងសម្រេចឱ្យក្មេងតូចសម្រាកមួយរយៈ គឺដើម្បីការពារសុវត្ថិភាពទាំងអស់គ្នា ព្រោះបើមានរឿងអីកើតឡើង វាអត់មាននរណាទទួលខុសត្រូវទេ គឺសាលា»។
លោក ឡុក ឡងឌី បន្តថា តាមព័ត៌មានដែលលោកទទួលបាន គឺមានសាលាឯកជនទៀតក្នុងក្រុង ក៏សម្រេចផ្អាកការសិក្សាសម្រាប់ថ្នាក់ក្មេងៗនេះដែរ។ យ៉ាងណា នាយកសាលារូបនេះ ប្រាប់ថា អំឡុងពេលផ្អាកនេះដែរ សាលាមានបង្រៀនតាមប្រព័ន្ធអនឡាញ ដែលសាលាមានកម្មវិធីសិក្សាស្រាប់ដែលបានរៀបចំតាំងពីអំឡុងខែមីនា ឆ្នាំ២០២០មក។
គួរបញ្ជាក់ថា ស្រ្ដីវ័យ៣២ឆ្នាំម្នាក់ មានស្រុកកំណើតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប បានកើតជំងឺកូវីដ-១៩ ក្រោយស្រ្ដីរូបនេះ វិលត្រឡប់មកពីធ្វើការនៅខេត្តព្រះសីហនុ។ នៅថ្ងៃទី៩ មីនា អ្នកពាក់ព័ន្ធ និងក្រុមគ្រួសារ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅធ្វើតេស្ដ ហើយលទ្ធផលអវិជ្ជមានលើកទី១។ ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប ដែលចេញផ្សាយនៅយប់ថ្ងៃទី៩ ខែមីនា បានអំពាវនាវដល់សាធារណជនដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយស្រ្ដីខាងលើ តាំងពីជិះរថយន្តតាក់ស៊ីពីភ្នំពេញ ដល់ខេត្តសៀមរាប ត្រូវប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com