អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ ថ្កោលទោសរបបសឹកមីយ៉ាន់ម៉ា ខណៈអាមេរិកដាក់ទណ្ឌកម្មថែម
11, Mar 2021 , 12:29 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃទី១០ ខែមីនា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីថ្លែងការណ៍មួយ ដែលរិះគន់យ៉ាងខ្លាំងក្រុមយោធាមីយ៉ាន់ម៉ា ជុំវិញការប្រើប្រាស់ហិង្សាលើក្រុមបាតុករ។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ UNSC ក៏បានអំពាវនាវឱ្យរដ្ឋាភិបាលយោធា ផ្លាស់ប្តូរស្ថានការណ៍នយោបាយនៅក្នុងប្រទេសទៅរកសភាពដើមវិញ គឺការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការដឹកនាំរបស់រដ្ឋាភិបាលស៊ីវិលក្នុងប្រទេស។ អាមេរិកវិញ ក៏ដាក់ទណ្ឌកម្មមួយជុំទៀតដែរ។


សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាំង១៥ប្រទេស នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ បានឯកភាពលើសេចក្តីថ្លែងការណ៍ប្រធានកិច្ចប្រជុំស្តីពីស្ថានការណ៍មីយ៉ាន់ម៉ា។ អគ្គរដ្ឋទូតអាមេរិកប្រចាំនៅ UN លោកស្រី Linda Thomas-Greenfield គឺជាប្រធាននៃកិច្ចប្រជុំនេះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដែលព្រាងដោយចក្រភពអង់គ្លេស ក្រុមប្រឹក្សាសន្តិសុខ បានជំរុញឱ្យដោះលែងមេដឹកនាំរដ្ឋាភិបាលស៊ីវិល និងអ្នកជាប់ឃុំផ្សេងទៀត។ ជាពិសេស អង្គការសហប្រជាជាតិ ក៏បានបញ្ជាក់ពីជំហររបស់ខ្លួនក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ, ដំណើរការលទ្ធិប្រជាធិបតេយ្យ, ការចៀសវាងហិង្សាលើក្រុមបាតុកម្ម, ការគោរពសិទ្ធិមនុស្ស និងអនុវត្តនីតិរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP។ 
 
នៅកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនេះដែរ ចិន នៅតែបង្ហាញកាយវិការដដែលលើស្ថានភាពនៅមីយ៉ាន់ម៉ា។ អគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Zhang Jun និយាយថា វាជារឿងសំខាន់ណាស់សម្រាប់សមាជិកក្រុមប្រឹក្សាដែលត្រូវនិយាយក្នុងសំឡេងតែមួយ។ លោកបន្ថែមថា ចិនសង្ឃឹមថា សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខ នឹងជួយបន្ធូរស្ថានការណ៍នៅមីយ៉ាន់ម៉ា។
 
លើសពីនេះ ចិន នៅតែបន្តជំរុញឱ្យភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាចូលអង្គុយតុចរចាជាមួយគ្នា។ បើតាមលោក Zhang ចិន បានត្រៀមខ្លួនជាស្រេច ក្នុងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ និងជួយសម្រួលស្ថានភាពនយោបាយមីយ៉ាន់ម៉ា ក្នុងពេលបច្ចុប្បន្ន។ 
 
លោកស្រី Thomas-Greenfield អ្នកតំណាងអចិន្រ្តៃយ៍របស់អាមេរិក បានសរសើរគ្រប់ប្រទេសទាំងអស់ ដែលបាននិយាយក្នុងសំឡេងតែមួយក្នុងការប្រឆាំងនឹងការបង្រ្កាបរបស់ក្រុមយោធាមីយ៉ាន់ម៉ា និងកម្លាំងប៉ូលិស។ ជាមួយគ្នានេះ អាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្តផ្សេងទៀត ដើម្បីទាមទារការទទួលខុសត្រូវលើរដ្ឋប្រហារ អ្នកប្រើហិង្សា និងបង្កើតរដ្ឋាភិបាលស៊ីវិលនៅមីយ៉ាន់ម៉ាឡើងវិញ។ 
 
ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានសាទរលើសេចក្តីថ្លែងការណ៍ខាងលើ ដោយលោកបានចាត់ទុកសេចក្តីថ្លែងការណ៍ជាសារទៅកាន់របបសឹកឱ្យដឹងពីភាពចាំបាច់ ក្នុងការដោះលែងអ្នកជាប់ឃុំ, ទទួលស្គាល់លទ្ធផលនៃការបោះឆ្នោត និងរៀបចំការផ្ទេរអំណាចប្រកបដោយលទ្ធិប្រជាធិបតេយ្យ ត្រលប់ទៅដូចដើមវិញ។ បើតាមលោកអគ្គលេខាធិការUN បើទោះបីជាលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាមិនទាន់ល្អឥតខ្ចោះ មីយ៉ាន់ម៉ាគួរដើរលើផ្លូវប្រជាធិបតេយ្យជាជាងរបបសឹក។ 
 
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ប្រធានកិច្ចប្រជុំ មានអត្ថន័យស្រាលជាងអ្វីដែលស្នើដោយចក្រភពអង់គ្លេសដែលព្រមានក្រុមយោធា ពីការប្រើវិធានការនានានៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិដើម្បីឆ្លើយតបនឹងរបបសឹក។ សេចក្តីព្រាងលើកដំបូងនោះ ត្រូវបានស្នើឱ្យកែប្រែដោយចិន រុស្ស៊ី ឥណ្ឌា និងវៀតណាម។ 
 
ក្នុងថ្ងៃក្រុមប្រឹក្សាសន្តិសុខចេញសេចក្តីថ្លែងការណ៍ អាមេរិក ឯណោះវិញ បានដាក់ទណ្ឌកម្មកូនពីរនាក់របស់ប្រមុខរបបយោធា លោក មីន អ៊ុនឡាំង និងក្រុមហ៊ុនចំនួន ៦ផ្សេងទៀត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នកទាំងពីរ។ ក្នុងសេចក្ដីថ្លែងការណ៍ថ្ងៃទី១០ ខែមីនា ប្រមុខការទូតអាមេរិក អាន់តូនី ប្ល៊ីងខិន បញ្ជាក់ថា អាមេរិក នឹងមិនស្ទាក់ស្ទើរក្នុងការចាត់វិធានការបន្ថែមប្រឆាំងអ្នកប្រើហិង្សា និងបង្រ្កាបលើឆន្ទៈប្រជាជនឡើយ។ 
 
ទណ្ឌកម្មលើកនេះ រួមបញ្ចូលការបង្កកទ្រព្យសម្បត្តិរបស់កូនទាំងពីររបស់លោក មីន អ៊ុងឡាំង នៅអាមេរិក និងហាមប្រជាជនអាមេរិក រកស៊ីជាមួយក្រុមហ៊ុនទាំងនោះ។ កន្លងមក អាមេរិក បានដាក់ទណ្ឌកម្មលើមេដឹកនាំយោធាជាច្រើនរូប ក្នុងនោះក៏មានលោក មីន អ៊ុងឡាំង អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំកំពូលផ្សេងទៀត។ ក្រៅពីអាមេរិក នៅមានអង់គ្លេស និងកាណាដាផងដែរ ដែលបានដាក់ទណ្ឌកម្មលើរបបសឹក៕ 
 

Tag:
 UN
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com