COVID-19
ជាតិ
ជិះម៉ូតូគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក បុរសម្នាក់ត្រូវអាជ្ញាធរខេត្តព្រះសីហនុពិន័យប្រាក់១លានរៀល
14, Mar 2021 , 2:59 pm        
រូបភាព
លោក គួច ចំរើន អភិបាលខេត្តព្រះ​សីហនុ រូបភាំព​ពី​រដ្ឋ​បាលខេត្ត​ព្រះ​សីហនុ
លោក គួច ចំរើន អភិបាលខេត្តព្រះ​សីហនុ រូបភាំព​ពី​រដ្ឋ​បាលខេត្ត​ព្រះ​សីហនុ
ភ្នំពេញ៖ បុរសម្នាក់ដែលរស់នៅខេត្តព្រះសីហនុ បានធ្វើដំណើរតាមម៉ូតូទៅកាន់ខេត្តកំពត ដោយបានជិះគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ ផាកពិន័យប្រាក់ចំនួន ១លានរៀល។ នេះបើតាមទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ ចេញផ្សាយថ្ងៃទី១៣ មីនា។


កាលពីថ្ងៃទី១២ មីនា មានបុរសម្នាក់ ធ្វើដំណើរចេញពីខេត្តព្រះសីហនុទៅខេត្តកំពត ត្រូវបានសមត្ថកិច្ចស្រុកព្រៃនប់ផាកពិន័យ ក្រោយជិះគេចគោលដៅត្រួតពិនិត្យចត្តាឡីស័ក។ របាយការណ៍របស់សមត្ថកិច្ចស្រុកព្រៃនប់ បញ្ជាក់យ៉ាងដូច្នេះ៖ «បុរសដែលជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ បានជិះម៉ូតូគេចពីប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័កនៅចំណុចត្រពាំរពៅ (ផ្លូវជាតិលេខ៣) ព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត ដោយត្រូវបានគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ពិន័យប្រាក់ចំនួន ១លានរៀល»។
 
យោងតាមអនុក្រឹត្យលេខ៣៧ អនក្រ.បក ចុះថ្ងៃសុក្រ ១៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ត្រង់មាត្រា២២ ត្រូវផ្តន្ទាទោសពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល ចំពោះបុគ្គលដែលគេចវេះពីការធ្វើចត្តាឡីស័ក ឬគេចចេញពីទីកន្លែងធ្វើចត្តាឡីស័កក្នុងអំឡុងពេលធ្វើចត្តាឡីស័ក តែមិនបានបណ្តាលឱ្យមានការចម្លងជំងឺកូវីដ-១៩ ដល់អ្នកដទៃ។ 
 
រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរស្រុក ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ មីនា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប១៣០៥នាក់។ ករណីសហគមន៍២០កុម្ភៈ មានដល់ទៅ៧៩២ នាក់ ដែលស្ថិតក្នុងរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង កោះកុង កំពង់ធំ កំពង់ចាម សៀមរាប និងបាត់ដំបង។ អ្នកជំងឺចំនួន ៦៤៧នាក់ បានសះស្បើយ ខណៈអ្នកចំនួន ៦៥៦ នាក់ទៀត កំពុងបន្តសម្រាកព្យាបាល។ កាលពីថ្ងៃទី១១ខែមីនាកន្លងទៅ មានបុរសម្នាក់បានបាត់បង់ជីវិត៕

© រក្សាសិទ្ធិដោយ thmeythmey.com