កីឡាជាតិ
ជាតិ
អង្គរថាយហ្គឺរឈរលេខ១បណ្តោះអាសន្ន ខណៈការប្រកួតជាច្រើនត្រូវបានលើកពេល
15, Mar 2021 , 3:47 pm        
រូបភាព
អង្គរថាយហ្គឺរ ឡើងឈរលខ១បណ្តោះអាសន្នក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ក្រោយប្រកួតបាន២សប្តាហ៍មុនគេ ខណៈព្រះខ័នរាជស្វាយរៀងបើកឆាកជាមួយនឹងជ័យជម្នះផងដែរ។ ជាមួយគ្នានេះ ការប្រកួតជាច្រើនត្រូវបានលើកពេល ខណៈគណៈកម្មការប្រកួតបាល់ទាត់ជាតិ (CNCC) ចូលរួមពង្រឹងវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩។

 
នាការប្រកួតកាលពីថ្ងៃអាទិត្យ ដែលមានតែមួយគូ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយឈ្នះគិរីវង់សុខសែនជ័យ ២-០ ដែលសម្រេចបានដោយ តាំង ពិសី នៅដើមតង់ទីមួយ និង១គ្រាប់ទៀតរបស់ ឡុង ម៉េងហាវ ក្រោយប្រកួតបានជាង១ម៉ោង។
 
ជ័យជម្នះនៅកីឡដ្ឋាន អេស.អ.យូ នាំឲ្យអង្គរថាយហ្គឺរ មាន៤ពិន្ទុ ក្រោយស្មើខេត្តព្រៃវែង ១-១ ហើយឡើងទៅឈរលើកំពូលតារាងជាបណ្តោះអាសន្ន ខណៈក្រុមផ្សេងទៀត មិនទាន់មានការប្រកួតដោយសារតែសម្រេចចិត្តលើកពេលរបស់ CNCC។
 
រីឯជំនួបតែ១គូដូចគ្នា កាលពីថ្ងៃសៅរ៍ ម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បើកសប្តាហ៍ប្រកួតដំបូងរបស់ខ្លួន ជាមួយនឹងជ័យជម្នះដល់ទៅ ៦-១ លើអគ្គិសនីកម្ពុជា។ ប្រធានក្រុម សឿយ វិសាល និង ប្រាក់ មុនីឧត្តម រកបានម្នាក់១គ្រាប់ ខ្សែប្រយុទ្ធអេស្ប៉ាញ Miguel Angel Junco Martinez (ហៅ Mika) និងខ្សែប្រយុទ្ធកាមេរូន Jean Marie Privat រកបានម្នាក់២គ្រាប់ ខណៈ សា ទី សម្រេចបានតែ១គ្រាប់គត់សម្រាប់អគ្គិសនីកម្ពុជា។
 
លទ្ធផលនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុស្មើភ្នំពេញក្រោន និងណាហ្គាវើលដ៍ ដែលទើបប្រកួតបាន១លើកដូចគ្នា ទាំងស្មើគិរីវង់សុខសែនជ័យ និងអគ្គិសនីកម្ពុជា ដោយក្រុមទាំងពីរឈ្នះនៅសប្តាហ៍ទីមួយ តែចាញ់នៅសប្តាហ៍ទីពីរ។
 
ព្រៃវែង វិសាខា កងយោធពលខេមរភូមិន្ទ មាន១ពិន្ទុ ខណៈនគរបាលជាតិ បឹងកេង អាស៊ីអឺរ៉ុប និងសូលទីឡូអង្គរ សុទ្ធតែបរាជ័យនាជំនួបបើកឆាក។
 
CNCC បានសម្រេចលើកពេលការប្រកួតជាច្រើន ដើម្បីចូលរួមវិធានការទប់ស្កាត់ការរាលដាលកូវីដ-១៩ ដោយកន្លងមក ក្រុមវិសាខា បានប្រកាសថា មានអ្នកកើតកូវីដ-១៩ម្នាក់បានទៅដល់កីឡដ្ឋានព្រីនស៍របស់ខ្លួន ហើយលទ្ធផលតេស្តទីមួយ បង្ហាញថា មន្ត្រី គ្រូបង្វឹក និងក្រុមកីឡាករអវិជ្ជមានកូវីដ-១៩៕
 

Tag:
 Cambodian League
  MCL2021
© រក្សាសិទ្ធិដោយ thmeythmey.com