ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កម្ចាត់ “ស្លេស ឬកំហាក” ពីក្នុងបំពង់កយ៉ាងឆាប់រហ័ស ជាមួយគន្លឹះងាយៗទាំងនេះ
16, Mar 2021 , 10:59 pm        
រូបភាព
មានអារម្មណ៍ថា ស្លេស ឬកំហាកជាប់ក្នុងបំពង់កមែនទេ? មិនពិបាកកម្ចាត់ឡើយ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះធម្មជាតិកម្ចាត់ស្លេសឆាប់រហ័ស ៖

 
១. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
 
ការរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយអាចជួយដោះស្រាយបញ្ហាស្លេស ឬកំហាកជាប់ក្នុងបំពង់កបានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាគួរជ្រើសរើសទទួលទានភេសជ្ជៈក្ដៅឧណ្ហៗ។
 
២. ទឹកអំបិល
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
 
៣. ក្រូចឆ្មារនិងទឹកឃ្មុំ
 
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំ ១ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយក្នុងទឹកក្ដៅ ១ កែវ។ កូរឱ្យសព្វ សឹមទទួលទានទាន់ក្ដៅឧណ្ហៗ។ ចូរព្យាយាមទទួលទានឱ្យបាន ៣ ដងក្នុងមួយថ្ងៃរហូតដល់ស្រឡះបំពង់ក។
 
៤. រមៀត
 
អ្នកអាចលាយអំបិល ១ចិបជាមួយម្សៅរមៀត ១ ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១ កែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។
 
៥. ខ្ញី
 
អ្វីដែលអ្នកត្រូវធ្វើ គឺហាន់ខ្ញីជាចំណិតៗ បន្ទាប់មកដួសខ្ញីដែលហាន់រួច១ ស្លាបព្រាបាយដាក់ចូលក្នុងទឹកក្ដៅមួយពែង។ ឆុងសម្រាប់រយៈពេលពី ៥ ទៅ ៧ នាទី សឹមត្រងកាកចេញ។ អ្នកអាចបន្ថែមទឹកឃ្មុំក្នុងល្បាយរួចក្រេបទទួលទានពេញមួយថ្ងៃ។
 
៦. អាហារហឹរ
 
ការទទួលទានអាហារហឹរមួយចំនួនពិតជាអាចជួយកម្ចាត់ស្លេសគួរឱ្យកត់សម្គាល់។ អ្នកអាចទទួលទានអាហារដែលមានផ្ទុកសារធាតុ capsaicin ឬអាហារហឹរដើម្បីបង្កើនកម្ដៅពង្រាវស្លេសឱ្យងាយហូរ។
 
៧. ទឹកឃ្មុំ
 
ទឹកឃ្មុំមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម លក្ខណៈសម្បត្តិប្រឆាំងការរលាក និងប្រឆាំងមេរោគបាក់តេរីដែលអាចជួយកម្ចាត់ស្លេស ឬកំហាកដែលនៅជាប់ក្នុងបំពង់កបានយ៉ាងឆាប់រហ័ស។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកឃ្មុំ ១ស្លាបព្រាបាយ ឬលាយវាជាមួយភេសជ្ជៈក្ដៅឧណ្ហៗណាមួយ៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com