ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ប្រយ័ត្ន! កំពុងខ្វះ “វីតាមីន D” មិនខាន បើរាងកាយជួបប្រទះអាការៈទាំងនេះ
17, Mar 2021 , 6:59 am        
រូបភាព
វីតាមីន D ជាវីតាមីនចាំបាច់បំផុតមួយដែលជួយរាងកាយក្នុងការស្រូបយកជាតិកាល់ស្យូម និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ជាធម្មតាយើងទទួលបានវីតាមីននេះពីអាហារ ថ្នាំគ្រាប់វីតាមីន និងពន្លឺព្រះអាទិត្យ ប៉ុន្តែភាគច្រើននៃពួកយើងក៏អាចជួបប្រទះបញ្ហាខ្វះវីតាមីន D ផងដែរ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញានៃកង្វះវីតាមីន D ក្នុងរាងកាយ ៖

 
១. បែកញើសក្បាលខ្លាំង
 
មួយក្នុងចំណោមរោគសញ្ញាទូទៅបំផុតនៃកង្វះវីតាមីន D គឺបែកញើសក្បាលខ្លាំងជាងផ្នែកផ្សេងៗនៃរាងកាយ។ ដូច្នេះប្រសិនបើអ្នកបែកញើសក្បាលច្រើនខុសធម្មតានោះប្រហែលជាទាក់ទងនឹងបញ្ហាខ្វះវីតាមីន D ក្នុងរាងកាយហើយ។ ដើម្បីជាការប្រសើរចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ។
 
២. ឈឺឆ្អឹង
 
កង្វះវីតាមីន D ជះផលប៉ះពាល់ដល់សមត្ថភាពរាងកាយក្នុងការស្រូបយក ក៏ដូចជាការផ្ដល់ជាតិកាល់ស្យូមដល់ជាលិកាឆ្អឹងដែលបណ្ដាលឱ្យកើតមានបញ្ហាឆ្អឹងផ្សេងៗ រួមបញ្ចូលទាំងអាការៈឈឺចាប់ និងសូម្បីតែជំងឺពុកឆ្អឹង។
 
៣. ឈឺសាច់ដុំ
 
វីតាមីន D មិនត្រឹមតែជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ចំពោះសុខភាពសាច់ដុំផងដែរ។ កង្វះវីតាមីននេះអាចបង្កបញ្ហាឈឺចាប់ដុំធ្ងន់ធ្ងរ ខ្សោយសាច់ដុំ ម៉ាសសាច់ដុំថយចុះ។ កង្វះវីតាមីន D ថែមទាំងអាចបង្កអាការៈឈឺចាប់រ៉ាំរ់ៃពេញក្នុងរាងកាយទៀតផង។
 
៤. ប្រព័ន្ធភាពស៊ាំចុះខ្សោយ
 
វីតាមីន D ក៏ដើរតួនាទីយ៉ាងសំខាន់ជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះប្រសិនបើអ្នកងាយនឹងឈឺ ឬឆ្លងមេរោគញឹកញាប់ដូចជាផ្ដាសាយនោះកង្វះវីតាមីន D ក្នុងរាងកាយអាចជាមូលហេតុហើយ។
 
៥. ឆាប់អស់កម្លាំង និងខ្សោយ
 
កង្វះវីតាមីន D ក្នុងរាងកាយក៏អាចជាប់ពាក់ព័ន្ធនឹងបញ្ហាឆាប់អស់កម្លាំងផងដែរ។ នេះក៏ព្រោះតែរោគសញ្ញាមួយនៃបញ្ហាឆាប់អស់កម្លាំងទាំងដែលបានគេងគ្រប់គ្រាន់ និងមិនបានធ្វើអ្វីច្រើនសោះ គឺកង្វះវីតាមីន D។
 
៦. ជ្រុះសក់
 
កម្រិតនៃវីតាមីន D ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យកើតមានបញ្ហាជ្រុះសក់។ នោះក៏ព្រោះតែវីតាមីន D ជួយសម្រួលដល់ដំណើរការលូតលាស់នៃសក់ ក៏ដូចជារក្សាសុខភាពសក់រឹងមាំ។
 
៧. របួសយូរជាសះស្បើយ
 
វីតាមីន D មានឥទ្ធិពលវិជ្ជមានលើការរក្សាស្ថេរភាពនៃកម្រិតគ្លុយកូសក្នុងឈាម ព្រមទាំងកម្រិតនៃកូឡេស្តេរ៉ូល។ ប្រសិនបើរបួសអ្នកយូរជាសះស្បើយ (ជាពិសេសប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម) ចូរផ្ដោតការយកចិត្តទុកដាក់លើកម្រិតនៃវីតាមីននេះក្នុងរាងកាយ។
 
៨. ថប់បារម្ភនិងធ្លាក់ទឹកចិត្ត ( Depression)
 
វីតាមីន D ជាវីតាមីនមួយប្រភេទដែលមានឥទ្ធិពលលើផ្នែកផ្សេងៗជាច្រើននៃរាងកាយ រួមបញ្ចូលទាំងខួរក្បាល។ ក្រោយពេលវីតាមីននេះត្រូវបានជ្រាបចូលក្នុងរាងកាយដោយអាហារ ឬការសំយោគចូលតាមរយៈស្បែក នោះវានឹងបញ្ចេញអ័រម៉ូនរីករាយ dopamine និង serotonin ដែលមានឥទ្ធិពលលើដំណើរការមុខងារនៃខួរក្បាល។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា កង្វះវីតាមីន D អាចបង្កជាជំងឺថប់បារម្ភ ធ្លាក់ទឹកចិត្ត (Depression) និងបញ្ហានៃជំងឺផ្លូវចិត្តផ្សេងទៀត៕
 
ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com