ជាតិ
ពីនេះ ពីនោះ
ពាក់ម៉ាស់៖ រវាងពិបាកដកដង្ហើម និងអត់ដង្ហើមដក!
17, Mar 2021 , 10:59 am        
រូបភាព
ដោយ: ថ្មីៗ
ទោះនឹកកន្លែងកាហ្វេដែលធ្លាប់អង្គុយក្រេប និងនិយាយលេងក៏ដោយ សំណាង និងសុធីរ ត្រូវតែផ្អាកមួយរយៈ ព្រោះខ្លាចពាក់ព័ន្ធដោយប្រយោលជាមួយអ្នកឆ្លងកូវីដ-១៩ ជាយថាហេតុ។ ប៉ុន្តែ ក្លើទាំងពីរនៅតែទំនាក់ទំនងជជែកគ្នាតាមបណ្តាញសង្គមដដែល។ នៅថ្ងៃនេះ មិត្តសំឡាញ់ទាំងពីរជជែកគ្នាពីរឿង«ពាក់ម៉ាស់»។


សុធីរ៖ អា សំណាង! ក្នុងច្បាប់ថ្មីស្តីពីការទប់ស្កាត់ការរាលដាលកូវីដ-១៩ ដូចជា គេត្រូវពិន័យអ្នកមិនពាក់ម៉ាស់ពី២សែនរៀល ទៅ១លានរៀល។ មិនច្រើនពេកទេឬ? 
 
សំណាង៖ បើនិយាយពីអ្នកអត់លុយ ចំនួនទឹកប្រាក់នេះច្រើន។ តែអ្ហែងត្រូវគិតថា រឿងនេះ គឺជារឿងអាយុជីវិតខ្លួនឯង អ្នកដទៃ និងសង្គមជាតិទាំងមូល។ ដូច្នេះ គ្មានហេតុផលណាដែលបុគ្គលគ្រប់រូបមិនពាក់នោះទេ។ ផ្ទុយទៅវិញ អ្នក«ប្រឆាំង»នឹងច្បាប់នេះត្រូវតែទទួលទណ្ឌកម្មធ្ងន់ធ្ងរអ៊ីចឹងហើយ។ 
 
សុធីរ៖ តើអ្ហែងមានដឹងទេថា ច្បាប់កំណត់ទីតាំងឲ្យពាក់ និងមិនពាក់ឬទេ? 
 
សំណាង៖ ជារួម បើពាក់គ្រប់ទីកន្លែង វាជាការប្រសើរមែនទែន ជាពិសេស ទីតាំង ឬទីកន្លែងដែលយើងគិតថា អាចមានហានិភ័យឆ្លងពីមេរោគកូវីដ ដូចជា កន្លែងបិទជិត កន្លែងមនុស្សច្រើន។ល។ ជារួម បើពាក់គ្រប់ទីកន្លែង និងគ្រប់ពេលវេលា វាជារឿងប្រពៃមែនទែន។ រឿងថា ច្បាប់កំណត់ទីកន្លែង ឬអត់នោះ អញមិនទាន់ច្បាស់នៅឡើយទេ (I don’t know yet)។  
សុធីរ៖ អញលឺគេថា ពាក់ម៉ាស់រហូតពិបាកណាស់ណ៎ា! ពាក់មួកសុវត្ថិភាពផង ពាក់ម៉ាស់ផង ពាក់ស្រោមដៃផង ស្រោមជើងផង ពិបាកណាស់ណ៎ា! ដៃកាន់ទូរសព្ទពីរបីផង។ រណេងរណោងណាស់។ 
 
សំណាង៖ អាហ្នឹងរឿងជីវិតរបស់បុគ្គលម្នាក់ៗតើ! ពិបាកបន្តិច តែអ្វីៗដែលគេធ្វើ គឺដើម្បីសុវត្ថិភាពរបស់បុគ្គលម្នាក់ៗ និងជារឿងសុវត្ថិភាពរបស់សង្គមទូទៅតើ! 
 
សុធីរ៖ អញលឺគេរអ៊ូថា ពាក់ម៉ាស់ពិបាកដកដង្ហើម។ អាហ្នឹងម៉េចទៅវិញ? 
 
សំណាង៖ អើ! អញសួរទៅអ្ហែងវិញថា ពាក់ម៉ាស់ពិបាកដកដង្ហើម ចុះបើអត់ដង្ហើមដក វាយ៉ាង ម៉េចទៅវិញ? ម្យ៉ាងទៀត ចុះបើត្រូវដកដង្ហើមតាមបំពង់អុកស៊ីហ៊្សែន វាស្រួលទេ? អ្នករអ៊ូរ ទាំត្រូវតែប្រយ័ត្នខ្លួនឯង។ 
 
សុធីរ៖ អើ! អ្ហែងនិយាយត្រូវតើ! 
 
សំណាង៖ អញគ្មានពេលនិយាយខុសទេវ៉ើយ អា សុធីរ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com