អន្តរជាតិ
ចិន ជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាការពាររោងចក្រ ខណៈអន្តរជាតិបារម្ភពីស្ថានការណ៍ដែលកាន់តែអាក្រក់
16, Mar 2021 , 2:02 pm        
រូបភាព
ការបង្រ្កាបដោយហិង្សាពីសំណាក់កម្លាំងសន្តិសុខមីយ៉ាន់ម៉ា ធ្វើឱ្យសហគមន៍អន្តរជាតិកាន់តែតក់ស្លុតកាន់តែខ្លាំង។ អង្គការសហប្រជាជាតិ និងអាមេរិក  នៅថ្ងៃទី១៥ ខែមីនា បានរិះគន់លើរបបសឹកមីយ៉ាន់ម៉ា និងទាមទារឱ្យបញ្ឈប់ការបាញ់សម្លាប់លើក្រុមបាតុករ។ ចំណែកចិន បានជំរុញឱ្យអាជ្ញាធរការពារជនជាតិចិន និងរោងចក្រចិន ដែលរកស៊ីនៅមីយ៉ាន់ម៉ា ហើយស្នើឱ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហាដោយសន្តិវិធី។

 
មួយរយៈចុងក្រោយនេះ ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានចាត់វិធានការកាន់តែខ្លាំងឡើងៗ លើក្រុមបាតុករ។ បើតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) មកទល់ពេលនេះ បាតុករមីយ៉ាន់ម៉ា យ៉ាងហោចណាស់ ១៨៣នាក់ បានបាត់បង់ជីវិត និងមនុស្សច្រើនជាង ២ពាន់នាក់ត្រូវបានចាប់ខ្លួន។
 
ទាក់ទិននឹងករណីស្លាប់មិនលស់ថ្ងៃនេះ មតិសហគមន៍អន្តរជាតិ បានចេញមកប្រតិកម្មម្តងទៀត និងជំរុញឱ្យបង្ការ និងបញ្ឈប់ការបាញ់សម្លាប់លើក្រុមបាតុករជាថ្មី។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកStephane Dujarric បានលើកឡើងថា លោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គូតេរ៉េស ពិតជាតក់ស្លុតនឹងហេតុការណ៍នៅមីយ៉ាន់ម៉ា ក្រោមចំណាត់ការរបស់រដ្ឋាភិបាលយោធា។ លោក ហ្គូតេរ៉េស បានជំរុញឱ្យសហគមន៍អន្តរជាតិធ្វើការរួមគ្នា និងទ្វេភាគី ដើម្បីបញ្ចប់ការបង្រ្កាបនៅមីយ៉ាន់ម៉ា។ 
 
អាមេរិកក៏ចេញមុខរិះគន់របបសឹកដែរ។ លោកស្រី Jalina Porter អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានលើកឡើងថា រដ្ឋាភិបាលយោធាភូមា បានឆ្លើយតបនឹងការអំពាវនាវឱ្យស្តាររដ្ឋាភិបាលស៊ីវិល និងលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈគ្រាប់កាំភ្លើង។ មន្ត្រីរូបនេះព្រមាន រដ្ឋបាលអាមេរិកនឹងជំរុញឱ្យបណ្តាប្រទេសផ្សេងទៀត ចាត់វិធានការជាក់លាក់ប្រឆាំងនឹងរដ្ឋប្រហារ និងហិង្សាដែលកើតឡើងនៅមីយ៉ាន់ម៉ា។
 
ចំណែកចិនឯណោះវិញ នៅតែរក្សាជំហរដដែលលើស្ថានការណ៍មីយ៉ាន់ម៉ា និងជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយជម្លោះដោយសន្តិវិធី។ រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តោតតែលើការពាររោងចក្រខ្លួនប៉ុណ្ណោះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៥ ខែមីនា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានជំរុញឱ្យអាជ្ញាធរមីយ៉ាន់ម៉ាការពារជនជាតិចិន និងរោងចក្រដែលរកស៊ីនៅទីនោះ និងបង្ការឧប្បទ្ទវហេតុផ្សេងទៀត។ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីលទ្ធភាពជម្លៀសប្រជាជនចិន ប៉ុន្តែត្រូវរងចាំមើលស្ថានការណ៍វិវត្តនៅមីយ៉ាន់ម៉ាសិន។ 
 
ទាក់ទងបញ្ហាក្នុងស្រុកមីយ៉ាន់ម៉ា សវនាការរបស់លោកស្រីអ៊ុងសាន ស៊ូជី មេដឹកនាំរដ្ឋាភិបាលស៊ីវិល ដែលត្រូវបើកនៅក្នុងថ្ងៃទី១៥ ខែមីនា ត្រូវបានតុលាការលើកទៅធ្វើនៅថ្ងៃទី២៤ ខែមីនាវិញ។ លោក Khin Maung Zaw មេធាវីលោកស្រីស៊ូជី ថ្លែងប្រាប់សារព័ត៌មានAFP បានលើកឡើងថា ដោយសារគ្មានអ៊ីនធឺណិត សវនាការតាមប្រព័ន្ធវីដេអូក្នុងថ្ងៃទី១៥ ខែមីនាត្រូវលើកពេល។ 
ចាប់ពីពាក់កណ្តាលយប់ ដល់ព្រឹកប្រមាណម៉ោង៩ ព្រឹក អាជ្ញាធរមីយ៉ាន់ម៉ាតែងតែផ្តាច់អ៊ីនធឺណិត។ ប៉ុន្តែនៅថ្ងៃសវនាការលោកស្រីស៊ូជី អ៊ីនធឺណិតនៅតែបន្តដាច់ស្ទើរពេញមួយថ្ងៃ ដែលជាហេតុធ្វើឱ្យតុលាការត្រូវលើកពេល។ លោកស្រីស៊ូជី បានរងបទចោទយ៉ាងហោចណាស់ ៥ករណី ក្នុងនោះមានដូចជា នាំចូលវិទ្យុទាក់ទងខុសច្បាប់, បំពានវិធានការទប់ស្កាត់កូវីដ-១៩, រងបទចោទក្រោមច្បាប់ព្រហ្មទណ្ឌ និងច្បាប់ទូរគមនាគមន៍ និងទទួលសំណូក៦០ម៉ឺនដុល្លារ រួមទាំងមាសផងដែរ៕ 
 

Tag:
 ចិន
  មីយ៉ាន់ម៉ា
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com