ជាតិ
ប្រមុខរដ្ឋស្តីទី លើកលែងទោសឱ្យលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃគណបក្សប្រឆាំង
16, Mar 2021 , 3:26 pm        
រូបភាព
អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី
អ្នកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី
ភ្នំពេញ៖ សម្ដេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភា នៃគណបក្សសម រង្ស៊ី (បច្ចុប្បន្នឈ្មោះ គណបក្សភ្លើងទៀន) ។ លោកស្រី ថាក់ ឡានី ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការចោទសម្តេច ហ៊ុន សែន ថា ជាអ្នកនៅពីក្រោយនៃការស្លាប់លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ កក្កដា ២០១៦។


សម្ដេច សាយ ឈុំ ចេញព្រះរាជក្រឹត្យលើកលែងទោស លោកស្រី ថាក់ ឡានី កាលពីថ្ងៃទី៣ មីនា ដោយយោងតាមសំណើររបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ 
 
គួរបញ្ជាក់ថា លោកស្រី ថាក់ ឡានី អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំង បានឃោសនានយោបាយ នៅខេត្តរតនគិរី កាលពីចុងខែកក្កដា ឆ្នាំ២០១៦ ដោយបានចោទសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា ជាអ្នកបញ្ជាពីក្រោយ នៃការសម្លាប់លោក កែម ឡី។ ក្រោយការចោទប្រកាន់នេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក គី តិច មេធាវីផ្ទាល់ខ្លួនសម្ដេច ដាក់ពាក្យប្ដឹងទៅតុលាការ និងទារសំណងជំងឺចិត្ត១០០រៀល។  
 
អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រឆាំងរូបនេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចសាលក្រមកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយផ្តន្ទាទោស ១ឆ្នាំ និង៦ខែ និងពិន័យ៨លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។ តុលាការកំពូល បានសម្រេចតម្កល់សាលក្រមនេះដដែល កាលពីថ្ងៃទី២៦ កុម្ភៈ ២០១៨។
 
តែយ៉ាងណាលោកស្រី ថាក់ ឡានី មិនបានអនុវត្តទោសឡើយ ដោយលោកស្រី បានរត់គេចទៅក្រៅប្រទេសភ្លាមៗ ក្រោយពីសម្ដេច ហ៊ុន សែន ប្រកាសដាក់ពាក្យប្ដឹង និងព្រមានចាប់ខ្លួន។
 
ក្រៅពីលោកស្រី ថាក់ ឡានី ក៏មានលោក សម រង្ស៊ី ដែលត្រូវបានតុលាការផ្តន្ទាទោស ក្រោមបទចោទដូចគ្នានេះដែរ៕
 

Tag:
 សាយ ឈុំ
  ថាក់ ឡានី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com