COVID-19
អន្តរជាតិ
លោក ប្រាយុទ្ធ ចាក់វ៉ាក់សាំងរបស់ AstraZeneca មុនគេនៅថៃ
16, Mar 2021 , 4:00 pm        
រូបភាព
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ មកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca។ រូបភាព៖ មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ថៃ
លោកប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ មកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca។ រូបភាព៖ មជ្ឈមណ្ឌលព័ត៌មានកូវីដ-១៩ ថៃ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចន្ទអូចា បានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ AstraZeneca មុនគេនៅថៃ ក្នុងថ្ងៃទី១៦ ខែមីនា។ ការទទួលវ៉ាក់សាំងរបស់លោក ប្រាយុទ្ធ ធ្វើឡើងបន្ទាប់ពីថៃពន្យារពេលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនមួយនេះ ដោយសារតែបារម្ភពីបញ្ហាសុវត្ថិភាព ស្របពេលប្រទេសជាច្រើននៅតំបន់អឺរ៉ុប នាំគ្នាផ្អាកការផ្ដល់វ៉ាក់សាំងក្រោយមានករណីកកសសៃឈាម។ 

 
នៅថ្ងៃទី១៦ ខែមីនា ថៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ឡើងវិញ ក្រោយប្រកាសផ្អាកប៉ុន្មានថ្ងៃមុនក្រោមហេតុផលសុវត្ថិភាព។ ប្រទេសជាច្រើននៅអឺរ៉ុបមានអៀរឡង់ ដាណឺម៉ាក ន័រវេស អ៊ីស្លង់ និងហូឡង់ បានផ្អាកប្រើប្រាស់វ៉ាក់សាំង AstraZeneca ជាបណ្តោះអាសន្ន ដោយផ្អែកលើហេតុផលប្រយ័ត្នជាមុន ស្របពេលមានការរាយការណ៍ទាក់ទងបញ្ហាស្ទះសរសៃឈាម។ 
 
ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្រុមហ៊ុន AstraZeneca នៅថ្ងៃដំបូងនេះ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ជាអ្នកទទួលមុនគេ ហើយបន្ទាប់មកសមាជិកគណៈរដ្ឋមន្រ្តីរបស់លោកមួយចំនួន។ ថ្លែងប្រាប់អ្នកសារព័ត៌មាននៅវិមានរដ្ឋាភិបាលនៅថ្ងៃទី១៦ ខែមីនា បន្ទាប់ពីចាក់វ៉ាក់សាំងនៅដៃឆ្វេងរួច លោក ប្រាយុទ្ធបានលើកឡើងយ៉ាងដូច្នេះ៖ «ថ្ងៃនេះ ខ្ញុំកំពុងជំរុញទំនុកចិត្តសម្រាប់សាធារណៈ»។ 
 
លោកនាយករដ្ឋមន្រ្តីអះអាងថា លោកមិនមានអ្វីកើតឡើងទេ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។ នេះបើតាមចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ ប៉ុន្តែអ្វីដែលធ្វើឱ្យលោក ប្រាយុទ្ធ  បារម្ភនៅពេលនេះ មិនមែនជាផលប៉ះពាល់របស់វ៉ាក់សាំងឡើយ ប៉ុន្តែគឺជាបញ្ហាដែលខ្វះចំនួនវ៉ាក់សាំង ដែលត្រូវចាក់ឱ្យប្រជាជនទៅវិញ។ 
 
ការចាក់វ៉ាក់សាំងរបស់នាយករដ្ឋមន្រ្តីដែលនឹងឈានចូលវ័យ ៦៧ឆ្នាំនៅក្នុងខែនេះ ពិតជាសំខាន់ណាស់ ដើម្បីជំរុញឱ្យពលរដ្ឋ ដែលមានវ័យចំណាស់ផ្សេងទៀត មកចាក់វ៉ាក់សាំង ដើម្បីការពារកូវីដ-១៩។ ម្យ៉ាងទៀត វ័យ៦០ឡើយទៅ ក៏ងាយរងគ្រោះដោយសារកូវីដ-១៩ ផងដែរ។ 
 
ថៃបានចាប់ផ្តើមយុទ្ធនាចាក់វ៉ាក់សាំងនៅដើមខែមីនាកន្លងទៅ ដោយផ្តើមចេញពីបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩។ វ៉ាក់សាំងពីរប្រភេទ ត្រូវបានប្រើប្រាស់នៅពេលបច្ចុប្បន្ន គឺវ៉ាក់សាំងក្រុមហ៊ុនចិន Sinovac និងក្រុមហ៊ុន AstraZeneca។ សម្រាប់វ៉ាក់សាំង Sinovac ថៃបាននាំយកវ៉ាក់សាំងពីចិនផ្ទាល់។ ឯវ៉ាក់សាំងរបស់ AstraZeneca ដែលចាក់នេះ ទិញពីកូរ៉េខាងត្បូង។ ជាមួយគ្នានេះ ថៃ គ្រោងផលិតវ៉ាក់សាំង AstraZeneca ចំនួន ៦១លានដូសនៅខែមិថុនាខាងមុខដែរ។
 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៦ ខែមីនា ថៃមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ២៧១៥៤ករណី និងអ្នកស្លាប់មានចំនួន ៨៧នាក់។ អ្នកជាសះស្បើយមានចំនួន ២៦២៩៩នាក់៕ 
 

Tag:
 ថៃ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com