អន្តរជាតិ
នាយករដ្ឋមន្រ្តីជប៉ុន ចាក់វ៉ាក់សាំងការពារកូវីដ-១៩ មុនទៅជួបប្រធានាធិបតីអាមេរិក
16, Mar 2021 , 9:59 pm        
រូបភាព
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ទទួលវ៉ាក់សាំងលើកទីមួយ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ទទួលវ៉ាក់សាំងលើកទីមួយ។ រូបថត AFP
នាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រមហ៊ុន Pfizer លើកដំបូង នៅថ្ងៃទី១៦ ខែមីនា ដែលជាការត្រៀមសម្រាប់ជំនួបជាមួយប្រធានាធិបតីអាមរិក លោក ចូ បៃឌិន នៅខែក្រោយ។ លោក ស៊ូហ្កា គឺជាអ្នកដំបូងគេក្នុងជួររដ្ឋាភិបាលដែលទទួលការចាក់វ៉ាក់សាំងជាសាធារណៈ។


«វាមិនឈឺឡើយ។» លោកនាយករដ្ឋមន្ត្រី ស៊ូហ្កា យូស៊ីហ៊ីដេ ប្រាប់អ្នកសារព័ត៌មានបែបនេះក្រោយទទួលវ៉ាក់សាំងកូវីដ-១៩ លើកដំបូងនៅថ្ងៃទី១៦ ខែមីនា។ វេជ្ជបណ្ឌិតជប៉ុនបានត្រួតពិនិត្យភ្នែក និងបំពង់កលោក ស៊ូហ្កា មុនពេលចាក់វ៉ាក់សាំង ហើយប្រហែលជាបីសប្តាហ៍ទៀត លោកនឹងត្រូវទទួលការចាក់វ៉ាក់សាំងដូសទី២។
 
ការចាក់វ៉ាក់សាំងរបស់នាយករដ្ឋមន្រ្តីជប៉ុន ជាការត្រៀមសម្រាប់ជំនួបខែមេសាជាមួយប្រធានាធិបតីអាមេរិក ចូ បៃឌិន ។ ក្រៅពីលោក ស៊ូហ្កា មន្ត្រីអមដំណើរប្រមាណ៩០នាក់ទៀត ក៏ត្រូវចាក់វ៉ាក់សាំងដូចគ្នាដែរ។ លោក ស៊ូហ្កា នឹងក្លាយជាមេដឹកនាំបរទេសទីមួយ ជួបតទល់ផ្ទាល់នឹងលោក បៃឌិន អំឡុងវិបត្តិកូវីដ-១៩ នេះ។ 
 
ស្របគ្នានេះ លោក ស៊ូហ្កា បានសន្យាថា  ជប៉ុននឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ឱ្យប្រជាជន ចំនួន១២៦លាននាក់នៅត្រឹមខែមិថុនា ពោលគឺមុនពេលចាប់ផ្តើមព្រឹត្តិការណ៍ អូឡាំពិកនៅទីក្រុងតូក្យូ ដែលនឹងចាប់ផ្ដើមនាថ្ងៃទី ២៣ ខែកក្កដា។ 
 
សូមបញ្ជាក់ថា ជប៉ុន បានចាក់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនចាប់តាំងពីខែកុម្ភៈ ជាមួយនឹងវ៉ាក់សាំងរបស់ Pfizer ដែលអភិវឌ្ឍជាមួយក្រុមហ៊ុន BioNTech។ គិតត្រឹមថ្ងៃទី១៥ ខែមីនានេះ ជប៉ុនបានចាក់វ៉ាក់សាំងដល់ប្រជាជនជាង ២៩ម៉ឺននាក់រួចមកហើយ សម្រាប់វ៉ាក់សាំងដូសទី១។ បុគ្គលិកសុខាភិបាល និងអ្នកដែលមានអាយុលើសពី៦៥ឆ្នាំ ស្ថិតក្នុងក្រុមអាទិភាពរបស់រដ្ឋាភិបាល។ 
 
ជាមួយគ្នានេះ អតីតអធិរាជ Akihito មានព្រះជន្ម ៨៧ វស្សា ក៏បានស្ថិតនៅក្នុងក្រុមដែលត្រូវទទួលបានវ៉ាក់សាំង ក្នុងដំណាក់កាលដំបូងដែរ។ ដោយឡែក ព្រះចៅអធិរាជ Naruhito ដែលមានព្រះជន្ម ៦១ វស្សា នឹងត្រូវរង់ចាំការចាក់វ៉ាក់សាំងដំណាក់កាលក្រោយ៕ 
 
 
 
 
 
 

Tag:
 ជប៉ុន
  ស៊ូហ្កា យូស៊ីហ៊ីដេ
© រក្សាសិទ្ធិដោយ thmeythmey.com